Wednesday, October 31, 2012

ព្យុះ​សែន​ឌី វាយ​ប្រហារ​អាមេរិក

121031_1
រថយន្ត​មួយ​នេះ កំពុង​បើក​បរ​កាត់​ទឹក​ដែល​​បាន​ជន់​លិច​ផ្លូវ​​នៅ​​​ក្នុង​
ក្រុង​ Southampton រដ្ឋ​ញូវ​យ៉ក​ សហរដ្ឋ​អាមេរិក​ដែល​បង្ក​ឡើង​ដោយ​ព្យុះសែនឌី​

បុរី​ញូវ​យ៉ក/​ឆ្នេរ​រ៉េ​ហូ​បុតៈ​ព្យុះ​សានឌី ជា​ព្យុះ​ធំ​បំផុត​មួយ​ដែល​ពុំ​ធ្លាប់​ជួប​នៅ​អាមេរិក បាន​វាយ​ប្រហារ​មក​ដល់​ច្រាំង​ជា​មួយ​នឹង​ខ្យល់​បក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ដូច​ហែក​មេឃ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្បែរ​រមណីយដ្ឋាន​ល្បែង​ស៊ី​សង​នៃ​ក្រុង​អា​ត្លង់​ទិក​ដោយ​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស បិទ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​រំខាន​ដល់​យុទ្ធ​នា​ការ​ឃោសនា​បោះឆ្នោត។
របាយ​ការណ៍​មុន​នេះជា​ច្រើន​បាន​និយាយ​ថា​មាន​ទឹក​ជំនន់​ជា​ទូ​ទៅ​នៅ​ទូ​ទាំង ក្រុង​ញូវយ៉ក​ក្នុង​ករណី​ខ្លះ​ជន់​ដល់​ដី​គោក​។ ក្រុម​ប៉ូលិស បាន​បញ្ជាក់​ថា យ៉ាង​តិច​មាន​មនុស្ស​១៣​នាក់ ត្រូវ​បាន​ស្លាប់​ពី​ព្យុះ​នេះ​។​មនុស្ស​ជាង​១លាន​នាក់ នៅ​ទូ​ទាំង​រដ្ឋ​រាប់​សិប​ស្ថិត​ក្រោម​ការ​បញ្ជា​ឲ្យ​ជម្លៀស​ចេញ ខណៈ​ប្រព័ន្ធ​ព្យុះ​យូ​រី​ខែន នោះ​បន្ត​បុក​ទៅ​ភាគ​ខាង​លិច។
ក្រុម​ហ៊ុន​ព្យាករ​មហន្តរាយ​មួយ​បាន​ព្យា​ករ​ពី​ការ​ខូចខាត​ខាង​សេដ្ឋ​កិច្ច​ដល់​ទៅ ២០​ពាន់​លាន​ដុល្លារ ដែល​មាន​តែ​ពាក់​កណ្តាល​ត្រូវ​បាន​ធានា​រ៉ាប់​រង​។

ខ្យល់​បក់​ខ្លាំង និង​ទឹក​ជំនន់​បាន​វាយ​កម្ទេច​ឆ្នេរ​សមុទ្រ​អាត្លង់​ទិក​លើ​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ ខណៈ​ការ​ធ្លាក់​ព្រឹល​ខ្លាំង​ត្រូវ​បាន​គេ​ព្យាករ​ថា​មាន​នៅ​ឆ្ងាយ​ពីដី​គោក​។
ព្យុះ​នេះ បាន​បោក​បក់​ពី​ព្រំដែន​ប្រទេស​កាណាដា​ទៅ​រដ្ឋ​ខារ៉ូ​ឡៃ​ណា​ខាង​ត្បូង​និង​ពី​រដ្ឋ​វី​ជី​នៀ​ខាង​លិច ទៅ​កាន់​ចំណុច​មហា​សមុទ្រ​អាត្លង់​ទិក ចំ​កណ្តាល​ចន្លោះ​រវាង​អាមេរិក និង​ដែន​ដី​កោះ​ប៊ើមូ​ដា របស់​អង់គ្លេស ដែល​ជា​ទំហំ​ធំ​បំផុត​ដែល​ពុំ​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​។
ព្យុះ​កំណាច​នេះ​ក៏​បាន​ពន្យឺត​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​ពេល​សំខាន់​ នៅ មុន​ការ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​ ដោយ​លោក​អូបាម៉ា និង​គូ​ប្រជែង​មីត រ៉ុមនី បាន​លុប​ចោល​ព្រឹត្តិការណ៍​ជា​ច្រើន។ បុរស​ទាំង​ពីរ ធ្វើ​ការ​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀស​វាង​ការ​ប៉ះទង្គិច ខណៈ​ប្រជាជន​រាប់​លាន​នាក់​ កំពុង​ស្ថិត​ក្នុង​មហន្តរាយ​ចំពោះ​ទីផ្សារ​អាមេរិក ដែល​បាន​បិទ​ពីរ​ថ្ងៃ​មក​ហើយ។
សេវាកម្ម​អាកាស​ធាតុជាតិ​និយាយ​ថា ព្យុះយូរី​ខែន សែន​ឌី ដែល​មាន​ខ្យល់​បក់ ដ៏​ធំ​កំណាច​បាន​នាំមក​នូវ​រលក​សមុទ្រ​កម្ពស់ ៤,២ ម៉ែត្រ​នៅ​សង្កាត់​ពាណិជ្ជ​កម្ម​ម៉ាន់ហា តាន់​គឺ​ខ្ពស់​ជាង​កម្រិត​ពី​មុន​ត្រឹម​៣ម៉ែត្រ​ដែល​បង្ក​មក​ពី​ព្យុះយូរី​ខែន ដូណា ក្នុង​ឆ្នាំ ១៩៦០។
ឧតុនិយម​វិទូ​នៃ​សេវាកម្ម​អាកាសធាតុ​ក្នុង​ក្រុង​ប៊្រូកលីន រដ្ឋ​ញូវ​យ៉ក​លោក​ជេ ព្រី ថាំង បាន​និយាយថា​៖ «នេះគឺ​ជា​ពេល វេលា​ដ៏​អាក្រក់​បំផុត ដែល​ត្រូវ​វាយ​ប្រហារ​ដោយ​ជំនោរ​សមុទ្រ​ខ្ពស់ ទឹក​ឡើង​ខ្លាំង​បំផុត និង​ខ្យល់​បក់​ខ្លាំង​បំផុត​»។
វា​នៅ​តែ​រក្សា​ល្បឿន​១២៩​គ.ម​ក្នុង​មួយ​ម៉ោង​លើស​ឆ្ងាយ​ពី​កម្រិត​សម្រាប់​កម្លាំង​ព្យុះ​សង្ឃរា​។
តំបន់​គោល​ដៅ​របស់​ព្យុះ​នេះ​រួម​មាន​ទី​ប្រជុំ​ជន​ធំ​ៗ​មាន​ដូច​ជា​ក្រុង​ញូវយ៉ក ក្រុង​វ៉ាស៊ីន​តោន​ក្រុង​បាល់​ទីម័រ និង​ក្រុង​ហ្វីឡា​ដែល​ហ្វៀ។
ទឹក​បាន​ហូរ​ចាក់​ចូល​ប្រព័ន្ធ ផ្លូវ​ក្រោម​ដី និង​ផ្លូវ​រូង​ដែល​រត់​នៅ​ក្រោម​ទន្លេ​នានា នៅ​ជុំវិញ​សង្កាត់​ម៉ាន់​ហាតាន់​ដោយ​បង្កើន​ក្តី​កង្វល់​ថា រដ្ឋធានី​ហិរញ្ញវត្ថុ​នេះ អាច​ជួប​បញ្ហា​ជា​ច្រើន​ថ្ងៃ​ខាង​មុខ។
ដើម​ឈើ បាន​ដួល​រលំ​នៅ​ទូ​ទាំង​តំបន់​មាន​រន្ទា​ជា​ច្រើន​ដែល​គេ​ចង​មិន​ជាប់ បាន​រាយ​ប៉ាយ​ពេញ​ផ្លូវ​គួរ​ឲ្យ​ខ្លាច​នៅ​ញូវយ៉ក​កម្ទេច​កម្ទី​បាក់​បែក​បាន​បិទ​ស្ពាន​ធំ​មួយ​នៅ​ក្រុង​បូស្តុន​ហើយ​ទឹក​ជំនន់ បាន​ជន់​លិច​ម្ខាង​ផ្លូវ​នៅ​ទី​ប្រជុំ​ជន​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ដេវ៉ារី រដ្ឋ Delaware។
នៅ​ហ៊្វើ​ហ្វីល​ទី​ប្រជុំ​ជន​ឆ្នេរ​សមុទ្រ​ខុនណិចធីខាត់​និង​ចំណុច​អ្នកធ្វើ​ដំណើរ​ទៅ​សង្កាត់​ម៉ាន់​ហាតាន់ រថ​យន្ត​ប៉ូលិស​ជា​ច្រើន​គ្រឿង បាន​បិទ​ផ្លូវ​ធំ​ឆ្ពោះ​ទៅ​ឆ្នេរ​ខ្សាច់​ហើយ​ខ្សែ​របាំង​ប៉ូលិស​ពណ៌​លឿង បាន​បិទ​ផ្លូវ​ចូល​ទៅ​ទី​នោះ។
ផ្សារ​ភាគ​ហ៊ុន​អាមេរិក បាន​បិទ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី១១ កញ្ញា ឆ្នាំ​២០០១​និង​នៅ​តែ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​អង្គារ​។​រដ្ឋា​ភិបាល​សហ​ព័ន្ធ​នៅ​ក្រុង​វ៉ាស៊ីន​តោន បាន​បិទ​ទ្វារ ហើយ​សាលា​រៀន និង​ឆ្នេរ​សមុទ្រ​ខាង​កើត​ក៏​ត្រូវ​បាន​គេ​បិទ​ផង​ដែរ​។
ក្រុម​អភិបាល​រដ្ឋ​នៅ​តំបន់​ខាង​លើ និង​ខាង​ក្រោម​ឆ្នេរ​ភាគខាង​កើត​បាន​ប-កាស​ស្ថាន​ភាព​គ្រា​អាសន្ន​។ លោក ម៉ារ​ទីន​អូម៉ាលី​នៃ​រដ្ឋ​ម៉ារីឡែន បាន​ព្រមាន​ថា​មិន​បាច់​ឆ្ងល់​ទេ ព្យុះ​សែន​ឌី​សម្លាប់​អ្នក​ណា​ដែល​នៅ​ចំ​មុខ​វា​។
មនុស្ស​ពីរ​នាក់ បាន​ស្លាប់​នៅ​មហា​វិថី​ឃ្លីន​នៃ​រដ្ឋ​ញូវ​យ៉ក បុរស​ម្នាក់​នៅ​ក្នុង​ផ្ទះ​មួយ ត្រូវ​រង​គ្រោះ​ដោយ​សារ​ដើម​ឈើ​រលំ​លើ ហើយ​ស្រ្តី​ម្នាក់​ដែល​បាន​ដើរ​ចូល​ថ្លុក​ទឹក​ត្រូវ​បាន​ភ្លើង​អគ្គិស​នី​ឆក់​ស្លាប់​។
ប៉ូលិស​ក្រុង​តូរ៉ុន​ក៏​បាន​កត់​ត្រា​ថា​មាន​មនុស្ស​ម្នាក់​ស្លាប់​និង​ស្រ្តី​ម្នាក់​ត្រូវ​រង​របួស​ដោយ​បំណែក​បាក់​បែក​ប៉ើង​ត្រូវ​។
ព្យុះ​សែនឌី បាន​បោក​បក់​មក​ដល់​ច្រាំង​ភាគ​ខាង​ត្បូង​ក្រុង​អាត្លង់​ទិក​ចម្ងាយ​ប្រមាណ​១៩០​គ.ម​ភាគ​និរតី​នៃ​កោះ​ម៉ាហា តាន់​។ កាស៊ីណូ​ជា​ច្រើន​ក្នុង​តំបន់​ក៏​បាន​បិទ​ទ្វារ​រួច​ហើយ​ដែរ​ខណៈ​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់​អត់​ភ្លើង​ប្រើប្រាស់​តាំង​តែ​ពី​ក្បាល​ព្រលប់​។
រូប​ភាព​តាម​ទូរទស្សន៍ បាន​បង្ហាញ​ពី​ទឹក​កំពុង​ឡើង​ដល់​កម្ពស់​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​សង្កាត់​ម៉ាន់​ហាតាន់​ខាង​ក្រោម​ដោយ​បង្កើន​លទ្ធ​ភាព​ពី​ទឹក​ជំនន់​ក្នុង​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​របស់​ក្រុង​នេះ​។
ទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​ការ​ខូច​ខាត មិន​មែន​មាន​ត្រឹម​ជ្រោយ​ខាង​ត្បូង​នៃ​កោះ​នេះ​ទេ ខណៈ​ដែល​ទឹក​ជំនន់​ខ្លាំង ត្រូវ​បាន​គេ​រាយការណ៍​នៅ​ចម្ងាយ​រាប់​គីឡូ​ម៉ែត្រ​ខាង​ជើង​ភូមិ​គ្រីនវីច និង​ឆេលស៊ី​។
សេវា​អគ្គិសនី​ក្រុង​ញូវ​យ៉ក​ឈ្មោះ Con Edison បាន​និយាយ​ថា ខ្លួន រំពឹង​ថា​«​មាន​ការ​ដាច់​ភ្លើង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​»​ដល់​ពលរដ្ឋ​៥៨៨​ពាន់​នាក់​នៅ​ក្នុង​ក្រុង​នេះ និង​ខណ្ឌ​Westchester​ដែល​នៅ​ក្បែរ​មក​មាន​ភ្លើង​ប្រើ​ប្រាស់​ទេ​។​ក្រុម​ហ៊ុន កំពុង​តែ​ប្រឈម​មុខ​នឹង​ដើម​ឈើ​ដួល​រលំ​ផ្តាច់​ភ្លើង​ពី​ខាង​លើ​និង​ទឹក​ជំនន់​ដែល​លិច​ប្រព័ន្ធ​ក្រោម​ដី​។
ប្រ​ជាជន​ប្រមាណ​៦,៨​លាន​នាក់​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​ត្រូវ​អត់​ភ្លើ​ង​ប្រើ​ដោយ​សារ​ព្យុះ​នេះ​កាត់​ផ្តាច់​។
ភាគ​ច្រើន​នៃ​ក្រុង​នេះ​គឺ​ស្ងាត់​ជ្រងំ ខណៈ ផ្លូវ​ក្រោម​ដី​រថ​យន្ត​ក្រុង​រថភ្លើង​ដឹក​អ្នក​ដំណើរ​ស្ពាន​ទាំង​ឡាយ និងព្រ​លាន​យន្ត​ហោះ​ត្រូវ​បាន​បិទ។
សង្កាត់​នានា​នៅ​តាម​បណ្តោយ​ទន្លេ​ខាង​កើត និង​ទន្លេ Hudson ត្រូវ​ស្ថិត​នៅ​ក្រោម​ទឹក​ដូច​ជា វិថី​ទាបៗ​នៅ​ក្បែរ​អតីត អគារ​ពាណិជ្ជកម្ម​ពិភពលោក​ដែរ។
ម៉ាស៊ីន​ភ្លើង និង​ភ្លើង​ជំនួយ​មិន​អាច​ប្រើ​បាន​នៅ​ឯមន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ញូវ​យ៉ក​ដោយ​បង្ខុះ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ដើម្បី​ថែ​ទាំ។
នៅ ម៉ាន់​ហាតាន់​ក្រោម​ក្រុម​អគ្គិភ័យ​បាន​ប្រើ​ទូក​ពោង​ពណ៌​លឿង​ដើម្បី​ជួយ​សង្គ្រោះ ក្រុម​កម្មករ​សំណង់​ដែល​ជាប់​កុន​រយៈ​ពេល​បី​ម៉ោង​ដោយ​សារ​ទឹក​ឡើង​ខ្លាំង​នៅ​ខាង​ក្នុង​អនុ​ស្ថានីយ​អគ្គិសនី​។
ក្រុម​មន្រ្តី​ក្រុង​បាន​ជម្លៀស​អ្នក​ជិត​ខាង​អគារ​ប្រណីត​ទំនើប​កម្ពស់​៩០​ជាន់​ដែល​កំពុង​ត្រូវ​បាន​គេ​សាង​សង់ បន្ទាប់​ពី​ដង​ស្ទូច​របស់​វា​មួយ​ផ្នែក​បាន​បាក់​សំយាក​ចុះ​នៅ​ពេល​ខ្យល់​បក់​ខ្លាំង ដោយ​បង្ក​ជា​ក្តី​បារម្ភ​ថា ដង​ស្ទូច​ទាំង​មូល​អាច​រលំ​ធ្លាក់​មក​ដល់​ដី​។
នាយក​ដ្ឋាន​អគ្គិភ័យ​ក្រុង​ញូវ​យ៉ក បាន និយា​ថា ទឹក​ជំនន់​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​កំពុង​រារាំង​កិច្ច​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​អគ្គិភ័យ​ធំ​មួយ​នៅ​ក្នុង​សង្កាត់​ជា​ច្រើន​នៃ​កោះ​ម៉ាន់​ហាតាន់​របស់​ក្រុង​នេះ​មាន​ដូច​ជា​Breezy Point នៅ​ផ្លូវ​ឃ្លីន។ អ្នក​ពន្លត់​អគ្គិភ័យ​ជាង​១៧០​នាក់ បាន​ព្យាយាម​ពន្លត់​អគ្គិភ័យ​មួយ​ដែល​បាន​លេប​ត្របាក់​បំផ្លាញ​ផ្ទះ​ជាង​៥០ខ្នង​។
ទូរទស្សន៍​ស៊ី​អិន​អិន បាន​រាយការណ៍​ថា អាជ្ញា​ធរ​រដ្ឋ​បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​រដ្ឋ​ម៉ារី​ឡែន​ក្នុង​ឧបទ្ទវហេតុ​ពាក់​ព័ន្ធ​នឹង​ព្យុះ​កំណាច​នេះ​ឯ​ការ​ស្លាប់​ជា​ច្រើន​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ផង​ដែរ​ថា​មាន​នៅ​ខុន​ណិច​ធី​ខាត់​ញូវចឺស៊ី​ផិន​ស៊ីល​វេនៀ និង​វីជីនៀ​ខាង​លិច។
ខណៈ​ផ្លូវ​រត់​របស់​យន្ត​ហោះ ផ្លូវ​ថ្នល់ ស្ពាន និង​ផ្លូវ​ក្រោម​ដី កំពុង​ត្រូវ​បិទ​ជា​បណ្តើរ​ៗ​ដោយ​សារ​ព្យុះ​កាល​ពី​ថ្ងៃ​អង្គារ វានឹង​ជួប​ការ​លំបាក​ប្រសិន​បើ​គេ​មិន​អាច​ធ្វើ​ដំណើរ​បាន​ពី​ក្រុង​វ៉ាស៊ីន​តោន​ទៅ​បុរី​ញូវ​យ៉ក​តាម​ច្រក​ដែល​មាន​គេ​ធ្វើ​ដំណើរ​ច្រើន​បំផុត​មួយ​ក្នុង​ចំណោម​ច្រក​ជា​ច្រើន​នៅ​អាមេរិក​។
នៅ​រដ្ឋ​ញូវ​ចឺស៊ី គណៈកម្មាធិការ​និយ័តកម្ម​នុយក្លេអ៊ែរ​អាមេរិក បាន​និយាយ​ថា ក្រុម​ហ៊ុន Exelon Corp បាន​ប្រកាស ការប្រុង​ជើង​ការណ៍​មួយ នៅ​ជុំ​វិញ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ Oyster Creek របស់​ខ្លួន​ព្រោះ​ទឹក​កំពុង​ឡើង​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា បើ​សិន​ជា​ទឹក​ឡើង​ថែម​ទៀត​ពួក​គេ​អាច​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ការ​ផ្គត់​ផ្គង់​ទឹក គ្រា​អាសន្ន​ដើម្បី​ក្លាស​ស្សេ​ប្រេង​នុយក្លេអ៊ែរ​ដែល​ភាយ​ចេញ។
ឧបត្តិ​ហេតុ​កម្រិត​ប្រុង​ប្រយ័ត្ន​មួយ ជា កម្រិត​វិធាន​ការ​ទាប​ទី​ពីរ ក្នុង​ចំណោម​៤​មាន​ន័យ​ថា មាន​ការ​បញ្ចុះ​សារធាតុ​ជា​សក្តានុ​ពល​នៅ​ក្នុង​កម្រិត​សុវត្ថិ​ភាព នៅឯ​ម៉ាស៊ីន​រ៉េអាក់​ទ័រ​មួយ។
ខណៈ​ដែល​ព្យុះ​សែន​ឌី មិន​មាន​កម្លាំង​ដូច​ព្យុះ​កាទ្រីណា​ដែល​បាន​បំផ្លាញ​ក្រុង​ញូវ​អ័រលៀន កាល​ពី​ឆ្នាំ​២០០៥​វា​កំពុង​តែ​បង្កើន​កម្លាំង​។
ព្យុះ​នេះ បាន​សម្លាប់​មនុស្ស​៦៦​នាក់​នៅ​តំបន់​ការ៉ាអ៊ីប កាល​ពី​សប្តាហ៍​មុន​មុន​ពេល​វាយ​ប្រហារ​តំបន់​ឆ្នេរ​ខាង​កើត​អាមេរិក​៕ ​

No comments:

Post a Comment

yes