
ពលការិនីខ្មែរដែលសង្គ្រោះបានពីការជួញដូរនៅម៉ាឡេសីុកន្លងមក បានមកដល់ស្រុកវិញ
ភ្នំពេញៈ ម្ដាយពលការិនីពីរនាក់បងប្អូនដែលទៅធ្វើការនៅម៉ាឡេស៊ី បានដាក់ពាក្យប្ដឹងទៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) កាលពីថ្ងៃអង្គារ សុំឲ្យជួយនាំកូនស្រីគាត់ទាំងពីរឲ្យត្រឡប់មកស្រុកវិញ ខណៈពួកគេបានបញ្ចប់កិច្ចសន្យាការងារតាំងពីខែឧសភា និងកំពុងរងការវាយធ្វើបាបនៅក្រុមហ៊ុន។
អ្នកស្រី ឈ្មោះ ពៅ ឆន អាយុ៥០ឆ្នាំ ជាម្ដាយពលការិនីទាំងពីរមកពីស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបរាប់ថា កូនស្រីគាត់ឈ្មោះ អន គន្ធា អាយុ២៥ឆ្នាំ និង អន ស៊ុនលី អាយុ១៨ឆ្នាំ ត្រូវបញ្ជូនឲ្យទៅធ្វើការនៅម៉ាឡេស៊ី តាំងពីឆ្នាំ២០១០ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករ HRD។
អ្នកស្រីបន្តថា កូនទាំងពីរទៅម៉ាឡេស៊ីជាមួយគ្នា ហើយបានបញ្ចប់កិច្ចសន្យាការងារតាំងពីខែឧសភា ប៉ុន្តែ មិនឃើញត្រឡប់មកស្រុកកំណើតវិញទេ។
អ្នកស្រីថា អន ស៊ុនលី ត្រូវទីភ្នាក់ងារវាយធ្វើបាប ព្រោះនាងមិនអាចធ្វើការឲ្យថៅកែបាន។
អ្នកស្រី ពៅ ឆន និយាយថា ៖ «កូនបានទូរស័ព្ទមកខ្ញុំម្ដង ប្រាប់ថានាងត្រូវថៅកែបណ្ដេញចេញ ព្រោះតែធ្វើជាអ្នកបម្រើគេមិនបាន ហើយត្រូវគេបញ្ជូនទៅឲ្យក្រុមហ៊ុននាំទៅវិញ។ ក្រុមហ៊ុននេះក៏បានវាយធ្វើបាបនាង។ នាងបានចប់កិច្ចសន្យាការងារ តែឥឡូវលើស៥ខែហើយ នៅតែមិនបានវិលមកផ្ទះទៀត។ ខ្ញុំមិនចង់ឲ្យកូននៅរងទុក្ខទៀតទេ ព្រោះកូនបានត្អូញថា វាពិបាកណាស់ ហើយចង់វិលមកផ្ទះវិញ»។
លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីកម្មវិធីនៅមជ្ឈមណ្ឌល CLEC បានឲ្យដឹងថា ក្រុមហ៊ុនធ្លាប់បានសន្យាថា នឹងបញ្ជូនពួកគេទាំងពីរមកស្រុកវិញ តែគេនៅតែមិនព្រមបញ្ជូនមក។ ក្រុមហ៊ុនបដិសេធប្រាប់នគរបាលថា ពួកគេមិនត្រូវគេវាយធ្វើបាបនៅម៉ាឡេស៊ីនោះទេ។ លោកថា ម្ដាយអ្នកទាំងពីរថា កូនស្រីគាត់ឈ្មោះ អន គន្ធា ត្រូវគេរំលោភ តែនគរបាលបដិសេធថា គាត់មិនបានប្រាប់ខាងនគរបាលយ៉ាងដូច្នេះទេ។
លោកបន្តថា៖ «យើងនឹងបន្តស៊ើបករណីបងប្អូនបង្កើតទាំងពីរនេះអំពីស្ថានភាព ពិត។ ព្រោះអី ពីរនាក់បងប្អូនម្នាក់ត្រូវគេវាយធ្វើបាបនៅក្រុមហ៊ុន តែម្នាក់ទៀតមិនប្រាកដនោះទេ»។
អ្នកតំណាងក្រុមហ៊ុន HRD មិនអាចទាក់ទងសុំការបញ្ជាក់បានទេ កាលពីម្សិលមិញ។
រដ្ឋាភិបាលបាន ហាមមិនឲ្យបញ្ជូនពលករឲ្យទៅម៉ាឡេស៊ី តាំងពីខែតុលា ឆ្នាំ២០១១ ដោយសារតែមានបញ្ហារំលោភបំពាន និងកង្វះកិច្ចការពារសិទ្ធិទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment
yes