កំពង់ចាមៈ ពលរដ្ឋចំនួន ៣៤ គ្រួសារមកពី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នឹងដាក់ញតិ្តនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃអង្គារនេះ ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយជម្លោះដីចម្ការកៅស៊ូដ៏រ៉ាំរ៉ៃមួយកន្លែង ដែលពួកគាត់អះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៥៧មក។
លោក សុះ រូនី អាយុ ៧២ ឆ្នាំ ជាតំណាងប្រជាពលរដ្ឋទាំង ៣៤ គ្រួសារ នៅភូមិគីឡូលេខ ៣ ឃុំព្រែកកក់ បានឲ្យដឹងកាលពីម្សិលមិញថា ញតិ្ត ដែលមានស្នាមមេដៃប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ នឹងយកទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី នៅថ្ងៃអង្គារនេះ ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីជួយយកដីចម្ការកៅស៊ូទំហំ ៨០ ហិកតា ដែលពួកឈ្មួញបីនាក់បានរំលោភយកដោយខុសច្បាប់មកវិញ។ លោកសុះ រូនី អះអាងថា៖«យើងបានកាន់កាប់លើចម្ការកៅស៊ូនោះ តាំងពីឆ្នាំ ១៩៥៧មក។ រហូតដល់ឆ្នាំ ២០០២ មានពួកឈ្មួញមកអះអាងថា ដីនោះជារបស់ពួកគេ។ គេកាប់ដើមកៅស៊ូចាស់ៗចោលរួមនឹងស្រូវ ពោត ល្ង និងសណ្តែករបស់ពលរដ្ឋ។ យើងតវ៉ាតែមិនឈ្នះគេ។ គេមានលុយសូកប៉ាន់»។
លោក ហ៊ុល សុផល ប្រធានអង្គការ Vigilance ដែលបានតាមដានករណីនេះ បានឲ្យដឹងថាប្រជាពលរដ្ឋបានចាញ់ក្តី នៅក្នុងរឿងនេះ ហើយពួកគាត់ បានតវ៉ាជាថ្មីបន្ទាប់ពីបានដឹងពីគោលនយោបាយ ចាស់ សកម្មភាពថ្មី លើបញ្ហាដីធ្លីរបស់រដ្ឋាភិបាល។ លោកបន្តថា ប្រជាពលរដ្ឋយល់ថា ការកាន់កាប់ដីចម្ការកៅស៊ូជាយូរមកហើយនោះ ជារឿងស្របច្បាប់។ លោកគូសបញ្ជាក់ថា៖«ការទាមទារ វាជាសិទិ្ធរបស់ពួកគាត់ ដែលស្របនឹងប្រសាសន៍របស់សម្តេចហ៊ុន សែន ដែលថា ឲ្យតែចូលកាន់កាប់បាន ១០ ឬ ១៥ ឆ្នាំ។ ប៉ុន្តែដីជម្លោះនោះ ពលរដ្ឋបានកាន់កាប់តាំងពីឆ្នាំ ១៩៧៩ មក នោះ វាក្លាយជាកម្មសិទិ្ធរបស់ពលរដ្ឋបានហើយ»។
ទាក់ទងនឹងបញ្ហានេះ លោកអ៊ាត គឹមលាង មេឃុំព្រែកកក់ បានឲ្យដឹងថា ក្រោយសម័យប៉ុលពតដួលរលំ នៅឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋក៏បានរស់នៅនិងអាស្រ័យផលពីចម្ការកៅស៊ូនោះ ប៉ុន្តែមិនបានផ្តល់ជាកម្មសិទិ្ធឲ្យនោះទេ គឺគ្រាន់តែឲ្យកាន់កាប់ជាបណ្តោះអាសន្ន ដោយបង្កបង្កើនផល និងដាំកៅស៊ូ ដើម្បីលក់ជូនរដ្ឋ។
លោកបញ្ជាក់ថា៖«ចម្ការកៅស៊ូ នៅតែជារបស់រដ្ឋ។ ប៉ុន្តែពេលរដ្ឋាភិបាល ធ្វើវិនិយោគឲ្យក្រុមហ៊ុន យើងបានផ្តល់សំណងប៉ះប៉ូវ ឲ្យពលរដ្ឋរួចរាល់អស់ហើយ។ ខ្លះរួមមានទាំងការផ្តល់ដីស្រែចម្ការផងដែរ។ ក្រោយមកឃើញគេបានដីស្រែចម្ការបែបនោះ មានពលរដ្ឋដែលបានទទួលសំណងហើយ ចង់សើរើយកដីវិញ។ ធ្វើអ៊ីចឹងម៉េចនឹងកើត»។
ទោះ យ៉ាងណា តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះទាំង ៣៤ គ្រួសារ មិនដែលបានទទួលសំណងអ្វីពីដីដែលធ្លាប់កាន់កាប់រាប់ឆ្នាំមកហើយ នោះទេ ហើយដីទំហំ ៨០ ហិកតានោះ ក៏មិនមានការពាក់ព័ន្ធនឹងក្រុមហ៊ុនអីនោះដែរ៕
No comments:
Post a Comment
yes