សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

អាមេរិក​មិន​មែន​ជា​ម្ចាស់​ជំនួយ​ធំ តែ​ជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា

121127_06a
លោក​ប្រ​ធានា​ធិ​បតី​ អូបាម៉ា

ភ្នំពេញៈ ការ​បញ្ជូន​សារ​ម្តង​ហើយ​ម្តង​ទៀត ហើយ​វា​មិន​ច្បាស់​ជាង​ពាក្យ​ស្លោក​ជា​ភាសា​អង់គ្លេស ដែល​បាន​លើក​នៅ​មុខ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​សប្តាហ៍​មុន​ដែល​ថា ៖ «LONG LIVE THE PEOPLE'S REPUBLIC OF CHINA!»។
មនុស្ស​ជាច្រើន​បាន​គិត​ភ្លាមៗ​ថា ឥទិ្ធពល​របស់​អាមេរិក​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី ដូចជា កម្ពុជា កំពុង​ធ្លាក់​ចុះ ព្រោះ​អាមេរិក​លែង​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ដ៏​ទាក់ទាញ​ទៀត​ហើយ។
ប៉ុន្តែ ខណៈ​ដែល​កម្ចី​ចិន​អាច​បំពេញ​ចន្លោះ​ខ្វះ​ខាត​ថវិកា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ នៅ​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ គឺ​អ្នក​ទិញ​នៅ​ទីផ្សារ​ដូច​ជា សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជា​កត្តា​សំខាន់​ចំពោះ​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ពិសេស គឺ​វិស័យ​កាត់​ដេរ។

តួ​អង្គ​សំខាន់​ក្នុង​ឧស្សាហកម្ម​នេះ ​ដូចជា លោក Dave Welsh ពី​មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គីភាព​ពលកម្ម​អន្តរជាតិ​សង្ឃឹម​ថា ​អាច​ជួប​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​មុន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​លោក​មិន​អាច​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​បាន​ឡើយ។
លោក Welsh បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា លោក​សង្ឃឹម​ថា អាច​នឹង​យក​ឱកាស​នោះ​ ដើម្បី​ជម្រាប​លោក​ប្រធានាធិបតី អូបាម៉ា ​ថា ឥទិ្ធពល​តែ​មួយ​គត់​ដែល​អាមេរិក​មាន​លើ​បញ្ហា​សិទិ្ធ​មនុស្ស គឺ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​មាន​កំហិត​ឬ​អនុគ្រោះ។
លោក​បញ្ជាក់​ ថា ៖ «ទីផ្សារ​សហភាព​អឺរ៉ុប និង​អាមេរិក​នៅ​តែ​មាន​ឥទិ្ធពល ព្រោះ​ជា​ទីផ្សារ​ធំ ហើយ​អ្នក​នៅ​តែ​មាន​ឥទិ្ធពល​ខ្លាំង​តាម​រយៈ​ទីផ្សារ​ធំ​នេះ​»។
«នោះ​ជាអ្វី​ដែល​យើង​ដាក់​លើ​ម៉ាក កាល​ពី​ខែ​មុន​ក្នុង​ប្រទេស​វៀតណាម បើ​ទោះជា​ចិន​មាន​ឥទិ្ធពល​ក៏​ដោយ ប៉ុន្តែ​ ទីផ្សារ​នៅ​តែ​ជា​ម្ចាស់ ក្នុង​ការ​កំណត់​របៀប​វារៈ និង​មាន​ឥទិ្ធពល​ក្នុង​ការ​កំណត់​លើ​ឧស្សាហកម្ម​ដ៏​ធំ​បំផុត​នៅ ក្នុង​ទីផ្សារ​កាត់​ដេរ នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក»។​
បើ​ទោះ​ជា​ការ​ទិញ​សម្លៀក​បំពាក់​បាន​ថយ​ចុះ បន្ទាប់​ពី​មាន​វិបតិ្ត​ហិរញ្ញវត្ថុ​ពិភពលោក ប៉ុន្តែ ឧស្សាហកម្ម​នៅ​ទី​នេះ​កំពុង​តែ​រីក​ចម្រើន ​ដោយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​រក​ឃើញ​ថា ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​បាន​កើន​ឡើង​ជិត ៧០​ភាគរយ ក្នុង​ឆ្នាំ ២០១១។
លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ក្នុង​បទ​បង្ហាញ​ពីខែ​តុលា ឆ្នាំ​កន្លង​ទៅ​ថា កត្តា​សំខាន់​នៃ​កំណើន​នេះ គឺ​វិធាន​ប្រភព​ដើម​ថ្មី ​ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​ក្នុង​គម្រោង​អនុគ្រោះ​ទូទៅ​របស់​សហគមន៍ អឺរ៉ុប ក្នុង​ខែ​មករា ឆ្នាំ​២០១១ ​ដែល​«​ផ្តល់​លទ្ធភាព​រួច​ពន្ធ​ដល់​សម្លៀក​បំពាក់​ដែល​ផលិត​នៅ​កម្ពុជា»។
កម្ពុជា​ក៏​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ការ​អនុគ្រោះ​ស្រដៀង​គ្នា ​នេះ​ដែរ ប៉ុន្តែ​កម្ពុជា​នៅ​មាន​បញ្ហា​នៃ​បទដ្ឋាន​គតិយុត្ត អភិបាល​កិច្ច និង​សិទិ្ធ​មនុស្ស​ ក៏​ដូចជា «​និន្នាការ​បែប​ផ្តាច់​ ការ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដូច​ក្នុង​របាយការណ៍​ខែ​កក្កដា ឆ្នាំ​២០០៧ របស់​ស្ថាប័ន Congressional Research Service។​
លោក​ស្រី Maeve Galvin មន្រ្តី​តស៊ូ​មតិ​និង​ទំនាក់​ទំនង​នៅ​អង្គការ​ពលកម្ម​ពិភពលោក ថ្លែង​ថា ក្រៅ​ពី​ការ​អនុគ្រោះ ថ្លៃ​ពលកម្ម​ទាប​និង​ផលិតភាព​ខ្ពស់​កម្ពុជា​ធានា​ថា ​អ្នក​ទិញ​បន្ត​ចាប់​អារម្មណ៍​លើ​រោងចក្រ​ផលិត​នៅ​កម្ពុជា។
លោក​ស្រី បញ្ជាក់​ថា៖ «យើង​មាន​រោងចក្រ​ថ្មី​៧០ បើក​ក្នុង​ឆ្នាំ​នេះ។ រោងចក្រ​ទាំង​នោះ​ភាគ​ច្រើន​ជា​របស់​ជន​ជាតិ​ចិន។ ​នោះ​ក៏​ជា​កត្តា​មួយ​ដែរ។ ខ្ញុំ​គិត​ថា ​កម្ពុជា​ជា​ទិស​ដៅ​ទាក់ទាញ​សម្រាប់​អ្នក​ទិញ ដោយ​សារ​មូល​ហេតុ​ជាច្រើន​»។
យោង​តាម​តួលេខ​ក្រសួង​ពាណិជ្ជកម្ម ផ្តល់​ដោយ​ប្រភព​ពី​ខាង​ក្រៅ​ថា វិស័យ​កាត់​ដេរ​និង​វាយនភ័ណ្ឌ​កម្ពុជា​សម្រាប់​ឆមាស​ទី១ ឆ្នាំ ២០១២ មាន​តម្លៃ​១,៩ ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​តម្លៃ​នាំ​ចេញ​សរុប​ ២,៥ ពាន់​លាន​ដុល្លារ ក្នុង​នេះ​ទឹក​ប្រាក់ ៩៣៨​លាន​ដុល្លារ​អាមេរិក​បាន​មក​ពី​ទីផ្សារ​អាមេរិក និង ៥៧៣ លាន​ដុល្លារ​អាមេរិក​បាន​ពី​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ ចិន​មិន​មែន​ជា​ទីផ្សារ​ធំ​សម្រាប់​សម្លៀក​បំពាក់​កម្ពុជា​ឡើយ។​
តួលេខ​ដដែល​បាន​បង្ហាញ​ថា វិស័យ​កាត់​ដេរ​និង​វាយនភ័ណ្ឌ បាន​កើន​ឡើង​ ១១,២៧ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាពី​ឆ្នាំ ២០១១ ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​បន្តិច​ពី​អ្នក​ទិញ​នៅ​អាមេរិក។
និយាយ​ឲ្យ​ខ្លី ពាណិជ្ជកម្ម​កំពុង​រីក​ចម្រើន​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា មាន​ប្រហែល​៧៦​ភាគរយ​នៃ​ការ​នាំ​ចេញ ប៉ុន្តែ មាន​ខ្លះ​កំពុង​ងើប​ឡើង​ គឺ​ប្រទេស​មីយ៉ាន់ម៉ា ដែល​កំពុង​សម្តែង​ចេញ​នូវ​អ្វី​ដែល​អាមេរិក​ចង់​បាន។ ទោះ​ជា​យ៉ាង​ណា​ តួយ៉ាង​ដូចជា មីយ៉ាន់ម៉ា ​មិន​អាច​គំរាម​ដល់​ចំណែក​ទីផ្សារ​កម្ពុជា​ឡើយ។
លោក Welsh ​ថ្លែង​ថា៖ «ឥឡូវ​នេះ​វិស័យ​កាត់​ដេរ​កម្ពុជា​កំពុង​រីក​ចម្រើន​ ប៉ុន្តែខ្ញុំ​ចាត់​ទុក​ថា​ នោះ​ជា​សញ្ញា​បង្វែរ​ចំណាប់​អារម្មណ៍ ខ្ញុំ​គិត​ថា ​បញ្ហា​ចំពោះ​មុខ​គឺ​ការ​ប្រកួត​ប្រជែង​ពី​ទីផ្សារ​រោងចក្រ​កំពុង​ងើប​ ឡើង នៅ​មីយ៉ាន់ម៉ា»។
ប៉ុន្តែ បើ​ទោះ​ការ​ដឹក​នាំ​ផ្តាច់​ការ​ដោយ​របប​យោធា​រយៈ​ពេល​វែង​បាន​ក្លែង​ជា រដ្ឋាភិបាល​ស៊ីវិល​ពាក់​កណ្តាល​ក៏​ដោយ ប៉ុន្តែ នៅ​មាន​កំណែ​ទម្រង់​ជាច្រើន​ដែល​ត្រូវ​ធ្វើ ហើយ​វិស័យ​កាត់​ដេរ របស់​មីយ៉ាន់ម៉ា​ នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។
មន្រ្តី​រដ្ឋាភិបាល​នៅ​ មីយ៉ាន់ម៉ា​បាន​បន្ត​ត្អួញត្អែរ​ថា ​ខណៈ​ដែល​អឺរ៉ុប​កំណត់​ពន្ធ​លើ​សម្លៀក​បំពាក់​ពី​ប្រទេស​មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា​ និង​វៀតណាម បន្ត​ទទួល​បាន​ការ​លើកលែង​ពន្ធ។
ក្នុង​សេចក្តី​សង្ខេប​អំពី​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​លោក​ អូបាម៉ា ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​សប្តាហ៍​មុន លោក Ben Rhodes អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សម្រាប់​ទំនាក់​ទំនង​ជា​យុទ្ធសាស្រ្ត បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ប្រទេស​ដែល​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​សប្បាយ​ចិត្ត​លើ​បញ្ហា​ សិទិ្ធ​មនុស្ស​មួយ​ចំនួន ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​។
លោក Rhodes បាន​លើក​ឡើង​ដែរ​ថា៖ «​ដូច្នេះជា​ថ្មី​ម្តង​ទៀត​យើង​ចង់​បញ្ជូន​សញ្ញា​ច្បាស់​លាស់​ និង​ជា​ពិសេស ក្នុង ដំណើរ​ទស្សនកិច្ច​ទៅ​មីយ៉ាន់ម៉ា​ថា ប្រទេស​ទាំង​ឡាយ​ដែល​ឆ្ពោះ​ទៅ​ទិសដៅ​ត្រូវ នឹង​មើល​ឃើញ​អត្ថប្រយោជន៍​ជា​វិជ្ជមាន​ពី​សេចក្តី​សម្រេច​ទាំង​នោះ ប្រទេស​ទាំង​នោះ​ដែល​មិន​ដើរ​ទៅ​រក​ទិសដៅ​ត្រូវ​នឹង​មិន​ទទួល បាន​ឡើយ»។
លោក ខេន លូ បាន​ថ្លែង​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ជឿ​ថា ឧស្សាហកម្ម​កាត់​ដេរ​នៅ​មីយ៉ាន់ម៉ា នឹង​ជា​ការ​គំរាម​កំហែង​ចំពោះ​​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល ​ឆាប់​ៗ​នោះ​ឡើយ ប៉ុន្តែ ​ពាណិជ្ជកម្ម​អនុ​គ្រោះ​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក គឺ​មាន​សារៈ​សំខាន់​ណាស់​។
លោក ​បាន​បន្ត​ថា៖ «រយៈ​ពេល​វែង និង ខ្លី គឺយើង​កំពុង​ព្យាយាម​ទទួល​បាន​លក្ខខណ្ឌ​អនុគ្រោះ​ពី​សហរដ្ឋ​អាមេរិក មុន​ពេល​កូតា [សេរី​] ​បាន​បញ្ចប់​ [ក្នុង​ឆ្នាំ ២០០៤] ​ព្រោះ​យើង​បាន​ព្យាយាម​បង្ការ​នូវ​បញ្ហា​នោះ​»។
លោក ខេន លូ បាន​លើក​ឡើង​ដែរ​ថា​៖ «យើង​បន្ត​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​អាមេរិក និង​ពន្យល់​ដល់​រដ្ឋាភិបាល​ដែល​កំពុង​កាន់​អំណាច អំពី​បញ្ហា​នៃ​ការ​ព្យាយាម​ទទួល​បាន​លក្ខខណ្ឌ​អនុ​គ្រោះ​ពន្ធ​សម្រាប់​ ផលិតផល​ឧស្សាហកម្ម​នេះ​»។
លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា លោក​ជាប់​រវល់​ពុំ​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​បាន​ឡើយ កាល​ពី​ម្សិលមិញ៕ 

No comments:

Post a Comment

yes