
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់
របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១
បច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកនយោបាយមកពីបក្សប្រឆាំង និងគណបក្សកាន់អំណាច នៅតែប្រកាន់ជំហរមើលមុខគ្នាមិនចំនៅឡើយ។
សមាជិកគណបក្សកាន់អំណាច តែងប្រកាសទាត់ចោលមតិផ្ទុយពីបក្សខ្លួន ចំណែកឯក្រុមប្រឆាំង តែងរិះគន់មិនសំចៃមាត់ ទៅលើរដ្ឋាភិបាល ទោះបីជាកាលៈទេសៈណាក៏ដោយ។ អ្នកតាមដានបញ្ហានយោបាយ លើកឡើងថា អ្នកនយោបាយនៅកម្ពុជា មិនទាន់អាចមានឯកភាពលើចំណុចរួមមួយ ដើម្បីផលប្រយោជន៍ជាតិនោះទេ។
ក្រុមអ្នកតាមដានបញ្ហានយោបាយកត់សម្គាល់ថា អ្នកនយោបាយនៅកម្ពុជា នៅតែប្រកាន់ជំហរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។ ពួកគេលើកភស្តុតាងថា ភាគីរដ្ឋាភិបាលតែងព្យាយាមបដិសេធការចូលរួមរបស់ក្រុមអ្នកជំទាស់ ខណៈពេលដែលបក្សប្រឆាំងតែងតែវាយប្រហារ ទៅលើបក្សកាន់អំណាច មិនចេះចប់មិនចេះហើយ។
សកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បក្សកាន់អំណាចតែងច្រានចោលយោបល់រិះគន់ពីគ្រប់មជ្ឈដ្ឋាន ហើយថែមទាំងព្យាយាមប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីបំបាត់សំឡេងប្រឆាំងថែមទៀត។ លោកបន្តថា ចំណែកឯបក្សប្រឆាំង តែងតែឆ្លៀតឱកាសចាប់ចំណុចខ្សោយរបស់រដ្ឋាភិបាល ដើម្បីរិះគន់ វាយប្រហារ ក្នុងចេតនាកេងចំណេញផ្នែកនយោបាយទៀតផង។ លោក សុខ ទូច បញ្ជាក់ថា អ្នកនយោបាយនៅកម្ពុជាមិនទាន់មានឯកភាពគ្នា ដើម្បីធ្វើការងារ ដើម្បីបុព្វហេតុជាតិនោះឡើយ។
លោក សុខ ទូច៖ «ដើម្បីឲ្យអ្នកនយោបាយមានឆន្ទៈសម្រាប់ដោះស្រាយ វាទាល់តែគិតអី សម្រាប់ផលប្រយោជន៍រួម។ កុំរួមតែបបូរមាត់។ ខ្ញុំឃើញរួមហ្នឹងតែទ្រឹស្ដីទេ។ ដូចនេះ ទើបធ្វើឲ្យអ្នកទាំងអស់ហ្នឹង រកចំណុចរួមមិនបាន»។
លោក សុខ ទូច បន្តថា អ្នកនយោបាយត្រូវយកមូលដ្ឋានផ្លូវច្បាប់មកដោះស្រាយ និងដឹកនាំប្រទេស ដែលមានតម្លៃទាំងសងខាង ទាំងអ្នកកាន់អំណាច និងបក្សប្រឆាំង មិនមែនធ្វើច្បាប់ ដើម្បីបម្រើតែក្រុមខ្លួននោះទេ។
កន្លងទៅមានករណីជាច្រើន ដែលបង្ហាញពីភាពមិនចុះសម្រុងគ្នាដូចទឹក និងប្រេង របស់អ្នកនយោបាយខ្មែរ ដូចជា ករណីប្រើប្រាស់ពាក្យសម្ដីវាយប្រហារគ្នាទៅវិញទៅមក ដោយមិនមានវិជ្ជាជីវៈនយោបាយ ឬការជេរដាក់បណ្ដាសាគ្នាជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា ក្រុមអ្នកជំទាស់ ហៅលោកថា ជាជនក្បត់ជាតិ។ ប៉ុន្តែ លោកជេរអ្នកប្រឆាំងវិញថា ជាមនុស្សភ្លើ ឬប្រដូចអ្នកប្រឆាំងជាសត្វជាដើម។ ករណីមួយទៀត ប្រធានស្ដីទីគណបក្ស សម រង្ស៉ី លោក គង់ គាំ ធ្លាប់ដាក់សំណើចូលសួរសុខទុក្ខ ប្រធានគណបក្សប្រជាជនកម្ពុជាលោក ជា ស៊ីម។ ប៉ុន្តែសំណើនេះ ត្រូវបានបដិសេធ ហើយគណបក្ស សម រង្ស៉ី ចាត់ទុកការបដិសេធនេះថា ជាការរើសអើង។
អ្នកវិភាគលើកឡើងថា នៅតាមជនបទក្នុងប្រទេសកម្ពុជា ក្រុមអ្នកគាំទ្ររបស់គណបក្សកាន់អំណាច និងបក្សជំទាស់ ក៏ប្រកាន់ជំហរដូចគ្នានឹងមេដឹកនាំរបស់ពួកគេជាដាច់ខាត ដោយប្រកាន់និន្នាការបក្សជាធំជាងអ្វីៗ ទាំងអស់។
ទន្ទឹមនឹងនេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា អ្នកនយោបាយ តែងប្រកាន់យកវប្បធម៌បង្កើតសត្រូវ ហើយប្រកាន់យកពាក្យស្លោកមួយថា បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។ លោកបន្តថា ព្រោះតែប្រកាន់គំនិតបក្សខ្លួនជាធំជាងជាតិនេះហើយ ទើបធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមអស់ជាច្រើនទសវត្ស ដូចនេះត្រូវតែកែប្រែ។
លោក ឡៅ ម៉ុងហៃ៖ «ក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សហ្នឹង មានក្រុមច្រើន ទស្សនៈហ្នឹងក៏ច្រើនដែរ។ បក្សកាន់អំណាចហ្នឹង ត្រូវពិចារណាសំឡេងប្រឆាំង ហើយបើបដិសេធ ត្រូវបង្ហាញហេតុផលច្បាស់លាស់។ ចំពោះក្រុមប្រឆាំង ក៏ត្រូវបង្ហាញបក្សកាន់អំណាចឲ្យត្រង់ទៅត្រង់មក ថាខុសត្រង់ណា ត្រូវត្រង់ណា ហើយមានដំណោះស្រាយយ៉ាងណាទើបល្អ»។
លោក ឡៅ ម៉ុងហៃ បន្តថា ការមិនចុះសម្រុងគ្នារបស់អ្នកនយោបាយ ដែលនៅគណបក្សផ្សេងគ្នា ជាប្រការមួយ គួរតែកែតម្រូវ ទើបប្រទេសមានការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណបក្ស សម រង្ស៉ី លោក គង់ គាំ មានប្រសាសន៍ថា គណបក្ស សម រង្ស៉ី មិនមែនជាបក្សប្រឆាំងផ្កាប់មុខ ដូចអ្វីដែលរដ្ឋាភិបាលលើកឡើងនោះទេ។ លោកបន្តថា រាល់ចំណុចអសកម្មទាំងឡាយ មានដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ទំនាស់ដីធ្លី បញ្ហាព្រំដែន សុទ្ធតែមានភស្តុតាងបញ្ជាក់ថា រដ្ឋាភិបាលមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហា។
លោក គង់ គាំ បញ្ជាក់ថា បញ្ហានយោបាយជាតិ គណបក្សកាន់អំណាចមិនធ្លាប់បាន សួរយោបល់ពីតំណាងរាស្ត្រគណបក្ស សម រង្ស៉ី ឡើយ ហើយអំណាចគ្រប់យ៉ាង ស្ថិតក្នុងកណ្ដាប់ដៃមនុស្សតែម្នាក់គត់។
លោក គង់ គាំ៖ «មើលមើលប្រមុខរដ្ឋាភិបាលហ្នឹង គេស្ដាប់គណបក្សប្រឆាំងយ៉ាងម៉េច បើគាត់មិនគោរពសភាផង ហើយតំណាងរាស្ត្រគ្រប់រូប នៅតែសម្ដេចឆ្លៀតវ៉ៃរហូត។ តើមានបែងចែកអំណាចអីត្រឹមត្រូវទេ? គណបក្សប្រឆាំងអត់ឃើញមានឱកាសណាមួយ ដែលនាំឲ្យមានការពិភាក្សាគ្នាទេ»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចមិនមែនចាំតែទាត់ចោលមតិលើកឡើង របស់ក្រុមបក្សប្រឆាំងនោះទេ។លោកបន្តថា គណបក្សប្រឆាំងត្រូវស្គាល់នូវតួនាទីរបស់ខ្លួន និងនីតិវិធី បញ្ហា និងទីកន្លែង នៃការប្រើប្រាស់មតិរិះគន់ ឬសំណូមពរទៅកាន់រដ្ឋាភិបាល។
លោក ផៃ ស៊ីផាន៖ «ប្រធានគណបក្សប្រឆាំងត្រូវពិនិត្យឡើងវិញ ពីនីតិវិធី និងប្រធានបទនៃការលើកឡើង ព្រោះគណបក្សប្រឆាំងជាគណបក្ស ដែលមានវិជ្ជាជីវៈខ្ពស់ក្នុងការងារនយោបាយ និងការតតាំងជាមួយរដ្ឋាភិបាល»។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោក បណ្ឌិត សុខ ទូច ផ្ដល់អនុសាសន៍ថា ប្រជាពលរដ្ឋបានជ្រើសរើសអ្នកនយោបាយ ជាអ្នកដឹកនាំពួកគេ។ ដូចនេះ អ្នកនយោបាយ ត្រូវតបស្នងពលរដ្ឋវិញ ដោយប្រកាន់យកផលប្រយោជន៍រួមជាសំខាន់។ លោកបន្តថា បើអ្នកនយោបាយខ្មែរ នៅតែប្រកាន់ជំហរទឹក និងប្រេងតទៅទៀតនោះ នឹងនាំឲ្យមានផលប៉ះពាល់ជាច្រើន ដូចជា ប៉ះពាល់ប្រទេសជាតិ អធិបតេយ្យជាតិ សេចក្ដីជឿទុករវាងខ្មែរ និងខ្មែរ ឈានទៅរកអសន្តិសុខសង្គម ដែលជាប្រការរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ធ្លាប់មានព្រះរាជបន្ទូលជាសាធារណ: ជាលើកចុងក្រោយ កាលពីព្រះអង្គ នៅមានព្រះជន្មថា ព្រះអង្គមានព្រះរាជបំណងតែមួយគត់ គឺចង់ឲ្យកម្ពុជាមានការឯកភាពជាតិ ការផ្សះផ្សាជាតិ រួបរួមជាតិ និងជួយដោះស្រាយបញ្ហាខ្មែរដោយខ្មែរគ្នាឯង ទើបមានការអភិវឌ្ឍន៍៕
No comments:
Post a Comment
yes