លោក ម៉ម សូណង់ដូ ចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ
និងត្រូវមន្ត្រីពន្ធនាគារនាំខ្លួនទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២
បន្ទាប់ពីតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទជាមេក្លោងក្នុងការបង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាលកម្មវិធីសំខាន់ៗ ជាច្រើន របស់វិទ្យុសំបុកឃ្មុំ បង្កើតឡើងដោយផ្ទាល់ពីលោក ម៉ម សូណង់ដូ ត្រូវបានអាក់ខានផ្សាយ។
មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការអាក់ខានផ្សាយនេះ ធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាពិសេស សេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
វិទ្យុសំបុកឃ្មុំ របស់លោក ម៉ម សូណង់ដូ កំពុងមានការលំបាកជាច្រើន រួមមានតាំងពីការលុបចោល កម្មវិធីផ្សាយមួយចំនួន ដោយសារមិនមានអ្នកណាជំនួស លោក ម៉ម សូណង់ដូ ដែលជាអ្នកកាន់កម្មវិធីទាំងនោះ។ កម្មវិធីសំខាន់ៗ ទាំងនោះ មានជាអាទិ៍ ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ។
ប្រពន្ធរបស់លោក ម៉ម សូណង់ដូ គឺអ្នកស្រី ឌិន សុផាណារ៉ា ឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកាថា កម្មវិធីព័ត៌មានថ្មីៗ នៅតាមមូលដ្ឋាន កម្មវិធីជជែកតាមទូរស័ព្ទជាមួយពលរដ្ឋ ដែលបកស្រាយអំពីចម្ងល់ទូទៅរបស់ប្រជាពលរដ្ឋ កម្មវិធីស្ដីពីលទ្ធិប្រជាធិបតេយ្យ កម្មវិធីច្បាប់ និងកម្មវិធីសកម្មភាពសប្បុរសធម៌ ចុះចែកអំណោយតាមខេត្ត ដែលមានលោក ម៉ម សូណង់ដូ ជាម្ចាស់កម្មវិធី ត្រូវចំហចោល និងបានយកកម្មវិធីផ្សាយចាស់ៗ ដែលលោកធ្វើពីមុនមកចាក់ផ្សាយជំនួសវិញ។
អ្នកស្រី ឌិន សុផាណារ៉ា៖ «វិទ្យុសំបុកឃ្មុំជាវិទ្យុឯករាជ្យ ហើយនឹងជាវិទ្យុពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយអ្នកពង្រឹងលទ្ធិប្រជាធិបតេយ្យហ្នឹង គឺលោក ម៉ម សូណង់ដូ គឺក្នុងការដែលគាត់ចុះទៅពន្យល់ប្រជាពលរដ្ឋ ពង្រឹងច្បាប់ ពន្យល់ណែនាំសព្វគ្រប់បែបយ៉ាងហ្នឹង។ ដល់ពេលឥឡូវ អត់គាត់ទៅ វិទ្យុហ្នឹងដូចជា ប្រជាធិបតេយ្យវាអត់មាន ពីព្រោះប្រជាធិបតេយ្យមានដោយសារលោក ម៉ម សូណង់ដូ ជាអ្នកពង្រឹង»។
ការអាក់ខានផ្សាយកម្មវិធីសំខាន់ៗ របស់វិទ្យុសំបុកឃ្មុំ ត្រូវបានលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា ជាការបាត់បង់កម្មវិធីសំខាន់ៗ នេះ ជាការបាត់បង់សិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ដំណើរការនៃវិទ្យុសំបុកឃ្មុំ ព្រោះកន្លងមក លោក ម៉ម សូណង់ដូ មានកម្មវិធីជួបសំណេះសំណាលជាពលរដ្ឋប្រជាពលរដ្ឋដោយផ្ទាល់ និងបានឲ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់របស់ខ្លួន ហើយកម្មវិធីទាំងនោះ បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្ដាប់។
លោក អ៊ូ វីរៈ៖ «ប៉ះពាល់ច្រើន ដោយសារពីដើមមក គាត់បើកកម្មវិធីបញ្ចេញរបស់ប្រជាពលរដ្ឋហ្នឹងតាមការទូរស័ព្ទចោល អាហ្នឹងមួយ។ ទី២ គាត់ចុះទៅតាមមូលដ្ឋាន ជួបប្រជាពលរដ្ឋច្រើន។លោក ម៉ម សូណង់ដូ គាត់តែងតែចុះ ហើយគាត់តែងសួរយោបល់ប្រជាពលរដ្ឋ ឲ្យនិយាយតាមវិទ្យុគាត់ថតមក ហើយគាត់ចាក់តាមវិទ្យុរបស់គាត់។ អញ្ចឹងគាត់ប៉ះពាល់ទៅលើសិទ្ធិសេរីភាពរបស់វិទ្យុរបស់គាត់ ប៉ះពាល់ទៅលើការងារវិទ្យុ ប៉ះពាល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ជាទូទៅ នៅពេលដែលចាប់ប្រធានស្ថាប័នមួយ ដូចជា វិទ្យុសំបុកឃ្មុំអញ្ចឹង វាប៉ះពាល់ទៅលើវិទ្យុហ្នឹង ព្រោះអីវិទ្យុសំបុកឃ្មុំ ត្រូវពឹងផ្អែកទាំងស្រុងទៅលើគាត់»។
បើទោះបីជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ប្រកាសជាច្រើនលើកថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការវិទ្យុសំបុកឃ្មុំ រឺឈានទៅដល់ការបិទវិទ្យុនេះក្ដី ប៉ុន្តែ លោក អ៊ូ វីរៈ មើលឃើញថា វិទ្យុសំបុកឃ្មុំ នៅដំណើរការពិតមែន តែកម្មវិធីរៀបចំ រឺផលិតឡើងដោយលោក ម៉ម សូណង់ដូ ត្រូវបានផ្អាកការផ្សាយ ដែលនេះ មិនខុសអ្វីពីការបិទកម្មវិធីផ្សាយរបស់លោក ម៉ម សូណង់ដូ នោះទេ។
កាលពីថ្ងៃទី ១ ខែតុលាកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោស ឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យប្រាក់ ១០ លានរៀល ក្រោមបទចោទប្រកាន់ជាមេក្លោងក្នុងការបង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាល នៅក្នុងភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ម៉ម សូណង់ដូ បានដាក់ពាក្យប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី ១២ ខែតុលា ជំទាស់ចំពោះការសម្រេចរបស់តុលាការដំបូង។ អង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ជាច្រើន រិះគន់លើប្រព័ន្ធតុលាការកម្ពុជាថា មិនឯករាជ្យ និងចាត់ទុកករណីលោក ម៉ម សូណង់ដូ ជារឿងនយោបាយ។ ពួកគេបានទាមទារឲ្យមានការដោះលែង លោក ម៉ម សូណង់ដូ៕
No comments:
Post a Comment
yes