សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 21, 2012

សង្គម​ស៊ីវិល​បង្កើត​កម្មវិធី «រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល (ស្ដាំ) កំពុង​បកស្រាយ​
ចម្ងល់​ផ្សេងៗ​របស់​សិក្ខាកាម​ដែល​បាន​លើក​ឡើង កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១២

អំពើ​ពុករលួយ​នៅ​កម្ពុជា កើត​មាន​នៅ​ស្ទើរ​តែ​គ្រប់​វិស័យ​នៅ​ក្នុង​សង្គម មាន​ជាអាទិ៍ វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ស្ថាប័ន​តុលាការ។
អំពើ​ពុករលួយ​មាន​ពាក់ព័ន្ធ​ចាប់​ពី​មនុស្ស​ថ្នាក់​ខ្ពស់​រហូត​ដល់​ថ្នាក់​ទាប។ ដោយ​មើល​ឃើញ​យ៉ាង​ដូច្នេះ អង្គការ​តម្លាភាព​កម្ពុជា (Transparency International Cambodia) បាន​បង្កើត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា «រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ» រយៈពេល ៣​ឆ្នាំ ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥ ក្នុង​គោល​បំណង​តស៊ូ​គាំទ្រ​តម្លាភាព និង​សុចរិត​ភាព ព្រម​ទាំង​ពង្រឹង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា។
អំពើ​ពុករលួយ​ប៉ះពាល់​គ្រប់​សកម្មភាព​នៅ​ក្នុង​សង្គម ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​បំបាត់​ពី​គ្រប់​ស្ថាប័ន​ជាតិ ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឲ្យ​ដឹង​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ចាក់​ឫសគល់​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ជាតិ។ លោក​ពន្យល់​ថា វា​ជា​របៀប​រស់​នៅ​មួយ ដែល​ប្រជាពលរដ្ឋ​ស្ទើរ​តែ​គ្រប់​ស្រទាប់​វណ្ណៈ ហាក់​ដូចជា​ធ្លាក់​ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​មិន​ដឹង​ខ្លួន។

ដោយ​មាន​ថវិកា​សរុប ២,៥​លាន​ដុល្លារ អង្គការ​តម្លាភាព​កម្ពុជា នឹង​ធ្វើការ​រួម​គ្នា​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង​រដ្ឋាភិបាល វិស័យ​ឯកជន ក្រុម​សង្គម​ស៊ីវិល បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ប្រជាពលរដ្ឋ និង​ក្រុម​យុវជន ដើម្បី​រួម​កម្លាំង​គ្នា​បង្កើត​ឲ្យ​បាន​ទៅ​ជា​ចលនា​សង្គម​មួយ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ទាមទារ​ឲ្យ​ខាន​តែ​បាន​ថា អំពើ​ពុករលួយ​គឺ​ជា​បញ្ហា​ធំ​របស់​សង្គម ដែល​រដ្ឋាភិបាល និង​អ្នកនយោបាយ មិន​អាច​ព្រងើយកន្តើយ មិន​អើពើ ឬ​មិន​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់​គ្រាន់ ឬ​មិន​មាន​ប្រសិទ្ធភាព​បាន​ទេ។
លោក ព្រាប កុល៖ «យើង​នឹង​មាន​ការ​បង្កើត​ចលនា​ប្រជាពលរដ្ឋ និង​ចលនា​សង្គម​មួយ ដើម្បី​ទាមទារ​ឲ្យ​របៀបវារៈ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ និង​ក្លាយ​ជា​របៀបវារៈ​ជា​អាទិភាព»
នាយក​កម្មវិធី​រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បង្ហាញ​ពី​គម្រោង​ផែនការ ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ពឹងផ្អែក​លើ​សសរ​ទ្រូង​៣ រួម​មាន​ទី១ ការ​សិក្សា​ស្រាវជ្រាវ និង​ការ​តស៊ូ​មតិ ទី​២ ការ​បង្កើត​សម្ពន្ធភាព និង​ភាព​ជា​ដៃគូ ដើម្បី​បង្កើត​ឲ្យ​មាន​ភារកិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​វិធីសាស្ត្រ​កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ និង​ទី​៣ ការ​ចូល​រួម​ពី​សាធារណជន និង​ប្រព័ន្ធ​ព័ត៌មាន​ផ្សេងៗ។
លោក ប៉ិច ពិសី គូស​បញ្ជាក់​ថា កម្មវិធី​ប្រឆាំង​អំពើ​ពុករលួយ​នឹង​រៀប​ចំ​សិក្ខា​ទៅ​តាម​ឆ្នាំ​នៃ​គម្រោង​ នីមួយៗ ដែល​ផ្ដោត​ទៅ​លើ​ប្រធានបទ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ ដោយ​មាន​ការ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។
លោក​បន្ត​ថា នឹង​មាន​សិក្ខា​ដែល​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​វិស័យ​ឯកជន ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច៖ «យើង​ឃើញ​ថា អំពើ​ពុករលួយ​ក្នុង​វិស័យ​ឯកជន​ឃើញ​ថា ផល​ប៉ះពាល់​សំខាន់​ទៅ​លើ​ការ​អនុវត្ត​ប្រទេស​របស់​យើង​អ៊ីចឹង​នៅ​ឆ្នាំ​ទី៣ យើង​នឹង​ធ្វើ​សិក្ខា​សាលា​ថ្នាក់​ជាតិ​នេះ ពាក់​ព័ន្ធ​នឹង​វិស័យ​ឯកជន​ថា តើ​អាច​រួម​គ្នា​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ដូចម្ដេច ដើម្បី​ប្រយុទ្ធ​នឹង​ទប់ស្កាត់​អំពើ​ពុករលួយ​កុំ​ឲ្យ​កើត​មាន​ច្រើន ឬ​ក៏​អាច​កាត់បន្ថយ​ណា​មួយ​ដែល​គួរសម ដើម្បី​សម្រួល​ឲ្យ​ក្នុង​វិស័យ​ឯកជន​យើង អនុវត្ត​ទៅ​ល្អ​ជាង​មុន»
លោក​បន្ថែម​ទៀត​ថា អង្គការ​តម្លាភាព​កម្ពុជា នឹង​ធ្វើ​ការ​កសាង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​ផ្សេងៗ ដើម្បី​ធ្វើ​កិច្ចការ​តស៊ូ​មតិ និង​ប្រឆាំង​អំពើ​ពុករលួយ និង​ធ្វើការ​ផង​ដែរ​ក្នុង​វិស័យ​ឯកជន ជាមួយ​អ្នក​ច្បាប់ និង​កិច្ចការ​រួម​គ្នា​ជាមួយ​ប្រជាពលរដ្ឋ ដោយ​កិច្ចការ​នេះ​អង្គការ​តម្លាភាព​កម្ពុជា ធ្វើការ​យ៉ាង​ ជិតស្និទ្ធ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើរ​តួនាទី​សំខាន់​លើ​កម្មវិធី​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រឆាំង​អំពើ​ពុករលួយ។
តាម​គម្រោង​អង្គការ​តម្លាភាព​កម្ពុជា នឹង​បង្កើត​មជ្ឈមណ្ឌល​មួយ​ទទួល​ពាក្យ​បណ្ដឹង​តាម​រូបភាព​ផ្សេងៗ។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បញ្ជាក់​ថា មាន​ការវិវត្តន៍​ច្រើន បន្ទាប់​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​អនុវត្ត ហើយ​នេះ​ជា​សញ្ញា​មួយ​វិជ្ជមាន។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ធ្លាប់​បញ្ជាក់​ថា គណៈកម្មាធិការ​នេះ​ នឹង​តាម​ដាន​ការ​អនុវត្ត​ការ​ប្រឆាំង​អំពើ​ពុករលួយ ដោយ​យោង​ទៅ​តាម​អនុសញ្ញា​អន្តរជាតិ។ ម្យ៉ាង​បច្ចុប្បន្ន អង្គភាព​នេះ​កំពុង​តែ​មាន​ការ​ជឿ​ទុកចិត្ត និង​មាន​ការ​ការពារ​សុវត្ថិភាព​ដល់​ដើម​បណ្ដឹង។
ទោះ​ជា​យ៉ាង​ណា លទ្ធផល​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ប្រកាស​កាល​ពី​ខែ​ឧសភា បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ផ្ដល់​សម្ភាសន៍ ២​ពាន់​នាក់​មាន ៤៣% ឃើញ​ផ្ទាល់​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​អ្នក​នយោបាយ ឬ​មន្ត្រី​រាជការ។ ចំណែក ៦៥%​ បាន​ឃើញ ឬ​ជួប​​ប្រទះ​នូវ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ការ​ស៊ីសំណូក​របស់​សមត្ថកិច្ច។
កាល​ពី​ឆ្នាំ២០១១ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា ប្រទេស​កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៦៤ ក្នុង​ចំណោម ១៨៣​ប្រទេស ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ដាក់​ពិន្ទុ​សម្រាប់​អំពើ​ពុករលួយ។ កម្ពុជា​ទទួល​បាន​ពិន្ទុ​តែ ២,១ មាន​ន័យ​ថា ជា​ប្រទេស​មាន​អំពើ​ពុករលួយ​បង្គួរ។
ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​ប្រសើរ​ជាង​ប្រទេស​ភូមា ដែល​ស្ថិត​នៅ​លេខ​រៀង ១៨០។ ប៉ុន្តែ​ កម្ពុជា ស្ថិត​នៅ​ក្រោម​ប្រទេស​ឡាវ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ ១៥៤ និង​ប្រទេស​វៀតណាម ក្នុង​លេខ​រៀង ១១២។ ចំណែក​ប្រទេស​ថៃ ស្ថិត​នៅ​លេខ​រៀង ៨០។ កាល​ពី​ឆ្នាំ​២០១០ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ ១៥៤៕

No comments:

Post a Comment

yes