ប៉ោយប៉ែត៖ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កំពុងធ្វើការរិះគន់លើមន្ត្រីសមត្ថកិច្ច កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថា កំពុងតែប្រព្រឹត្តផ្ទុយទៅនឹងច្បាប់រដ្ឋ។ ប្រជាពលរដ្ឋដែលបន្តធ្វើការរិះគន់ចំៗថា កាលពីម៉ោង ៨ យប់ថ្ងៃទី០១ ខែតុលាឆ្នាំ២០១២ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកោះហៅអ្នកលក់ហ្គាសម្នាក់ឈ្មោះ លាង ស្រេង ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាពលរដ្ឋរស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម។
បើតាមការឲ្យដឹងពីបុរសឈ្មោះ លាង ស្រេង បានប្រាប់ថា ប៉េអឹមទាមទារឲ្យលោកបង់ប្រាក់ថ្លៃក្បាលឡានដែលក្នុង ១ ឡាន ៥ ពាន់រៀល ឧទាហរណ៍ បើគាត់មានឡានចំនួន ០៥ គ្រឿង នោះក្នុងថ្ងៃ ត្រូវតែបង់ប្រាក់ចំនួន ២៥,០០០ រៀល ឲ្យសមត្ថកិច្ចប៉េអឹម ហើយបើគិតជាខែនោះ គឺគាត់ត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចប៉េអឹម ចំនួន ៧៥០,០០០ រៀល។
បុរសរូបនោះ បានបន្តប្រាប់ទៀតថា សព្វថ្ងៃនេះ ពួកមន្ត្រីសាលាក្រុងប៉ោយប៉ែតបានតម្រូវឲ្យក្រុមអាជីវករលក់ហ្គាសបង់ប្រាក់ក្នុង១ខែ ១៥ ម៉ឺនរៀល ក្នុង១កន្លែង។ ដូច្នេះ ការរកស៊ីរបស់ពួកគាត់នៅតំបន់ប៉ោយប៉ែតនេះ មិនបានប្រាក់ចំណេញច្រើនទេ ពីព្រោះមន្ត្រីជំនាញដែលមកឈរជើងនៅតំបន់ខាងលើនេះអនាតេយ្យច្រើនពេក ជាក់ស្តែងដូចជាករណីសមត្ថកិច្ចប៉េអឹមក្រុង និងសាលាក្រុងប៉ោយប៉ែតជាដើម។
នេះសបញ្ជាក់ឲ្យឃើញថា ពួកគេមិនខ្លាចពាក់ព័ន្ធនឹងច្បាប់ប្រឆាំងអំពើពុករលួយនោះឡើយ។ ចំណែកមន្ត្រីប៉េអឹមម្នាក់ឈ្មោះ វណ្ណៈ បានប្រាប់ថា ចំពោះរឿងយកលុយលើរថយន្តដឹកហ្គាសនោះ គឺជារឿងថ្នាក់លើតម្រូវឲ្យធ្វើ ឥឡូវនេះលោកបានដកខ្លួនចេញហើយ។
បើទោះជាបែបនេះក្តី សម្រាប់មន្ត្រីផ្នែកច្បាប់មួយចំនួនបានធ្វើការរិះគន់ថា ប្រទេសកម្ពុជាបច្ចុប្បន្នហាក់កំពុងតែវិលត្រឡប់ទៅរកសម័យទសវត្សរ៍ឆ្នាំ ៩០ ហើយ ពីព្រោះពេលនេះ ខាងប៉េអឹម ហាក់ជិះសេះលែងដៃអាងខ្នងមន្ត្រីធំនៅពីក្រោយ៕
No comments:
Post a Comment
yes