
ខេត្តរតនគិរី៖ ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែប្រវែង ២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧៨ ចូលទៅឃុំចំនួន ២ បច្ចុប្បន្នកំពុងរងការខូចខាតយ៉ាងដំណំ ដោយគ្មានអាជ្ញាធរភូមិឃុំស្រុកអើពើនោះឡើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋធ្វើដំណើរបានឲ្យដឹងថា មានរថយន្តប្រភេទយីឌុបដឹកដំឡូងមី បើកចូលទៅបុកខ្លោងទ្វារវត្តនៅជាប់ផ្លូវជាតិលេខ ៧៨ កាលពីអំឡុងពេល ៤-៥ ខែកន្លងទៅ ហើយអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់នោះទេ។
ទាក់ទិននឹងស្ថានភាពខូចខាតផ្លូវលំដែលស្ទើរតែធ្វើដំណើរមិនរួច ដោយសារមានជង្ហុកធំជ្រៅៗ ជាហេតុធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់បែបនេះ ទើបផ្តើមឲ្យមតិការរិះគន់ធ្ងន់ៗពីសំណាក់មជ្ឈដ្ឋានអ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋនៅឃុំតាអង និងឃុំ តឺន ទាំងពីរនេះ ជាពិសេសសិស្សានុសិស្សមានការរអ៊ូរទាំចំពោះអាជ្ញាធរមូលដ្ឋានដែលមិនបានយកចិត្តទុកដាក់ចុះត្រួតពិនិត្យជួសជុល និងអភិវឌ្ឍសោះបែបនេះ។
ប្រជាពលរដ្ឋទាំងពីរឃុំខាងលើនេះ សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានខេត្តរតនៈគិរី នៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ មេត្តាជួយជួសជុលផ្លូវនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋអាចធ្វើដំណើរមកផ្សារក្រុងបានលុងឲ្យបានល្អផង ព្រោះអង្គភាពក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តមិនបានគិតគូរ និងចាប់អារម្មណ៍រឿងនេះទេ៕
No comments:
Post a Comment
yes