
ក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល កំពុងតែរិះគន់លោក នាយផ្នែករដ្ឋបាលព្រៃឈើស្នួលយ៉ាងចាស់ដៃ ដោយពួកគាត់និយាយថា លោក ប្រាក់ សំបូរ កំពុងបើកដៃយ៉ាងពេញទំហឹងក្នុងការឱ្យលោក គង់ ក្រឹង ធ្វើចរាចរដឹកឈើយ៉ាងអាណាធិបតេយ្យ ដោយមិនដែលមានចំណាត់ការក្នុងការបង្ក្រាប រាល់ការដឹកជញ្ជូនឈើរបស់ឈ្មួញដ៏ដុះស្លែម្នាក់នោះឡើយ។
ដោយយោងតាមប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល បាននិយាយថា ជារៀងរាល់យប់ថ្ងៃពួកគាត់តែងតែឃើញរថយន្ត និងម៉ូតូឌុបឈើចូលក្នុងផ្ទះរបស់ឈ្មួញខាងលើស្ទើររូងផ្លូវ ក៏ប៉ុន្តែ មន្ត្រីជំនាញហាក់ដូចជា ដេកលក់មិនព្រមមានវិធានការណ៍បង្ក្រាប ដូច្នេះ ទើបការរករបស់លោក គង់ ក្រឹង មានភាពរលូនទៅមុខក្នុងការប្រកបរបររកស៊ីដឹកឈើខុសច្បាប់ប្រចាំថ្ងៃ។
ប្រភពព័ត៌មាន បានបន្តថា លោក គង់ ក្រឹង គឺជាទាហានស្រុកស្នួលបំរើការឱ្យអង្គភាព ២០៤ ដែលត្រូវជាកូនចៅរបស់លោក មាស ភាព ហើយឈ្មួញដែលឈ្មោះលោក គង់ ក្រឹង ក៏ជាឈ្មួញ ដែលមានឥទ្ធិពលខ្លាំងបំផុតប្រចាំស្រុកស្នួលប្រហែលជាឈ្មួញម្នាក់នេះគិតថា ខ្លួនមានងារជាទាហ៊ាន ទើបមិនកោតញញើតជាមួយច្បាប់ព្រៃឈើយ៉ាងដូច្នេះ ចំណែក លោក ប្រាក់ សំបូរ ដែលជានាយផ្នែក ចេះតែបណ្តែបណ្តោយឱ្យឈ្មួញម្នាក់នេះ រឹតតែបានដៃពើងទ្រូងសំញ៉ែងនាពេលសព្វថ្ងៃនេះ។
ប្រជាពលរដ្ឋ បានសូមណូមពរដល់លោក មាស ភាព ដែលជាមេសូមលោកមេត្តាយកភ្នែកមើលកូនចៅផង ពីព្រោះសព្វថ្ងៃនេះ គាត់កំពុងតែពាក់ស្បែកជាទាហានរកស៊ីឈើខុសច្បាប់យ៉ាងពេញទំហឹងហើយ។
ជុំវិញបញ្ហាការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋទៅលោក ប្រាក់ សំបូរ ថា បានឃុបឃិតជាមួយឈ្មួញរកស៊ីដឹកឈើខុសច្បាប់ហើយអ្នកយកព័ត៌មាន ក៏បានធ្វើការទំនាក់ទំនងជាមួយលោក ប្រាក់ សំបូរ ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទរបស់គាត់ដាក់ប្រព័ន្ធជាប់រវល់៕
No comments:
Post a Comment
yes