សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 25, 2012

សមត្ថកិច្ច​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ


ក្រុម​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​នៅ​ខេត្ត​មណ្ឌលគិរី រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​អ្នក​ចូល​ព្រៃ​កាប់​ឈើ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​រទេះ​ក្របី​ដឹក​ឈើ​ខុស​ច្បាប់​ចំនួន ៤០​រទេះ។ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​អះអាង​ថា មិន​បាន​ដឹង​ពី​ការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នោះ​ទេ។
ប្រធាន​ភូមិ​បាក់ខ្វែវ ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក នាង យីម នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម មាន​ទាហាន ប៉ូលិស កងរាជអាវុធហត្ថ​ស្រុក​កោះញ៉ែក និង​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​អស់​ចំនួន ៣២​លាន​រៀល។
លោក នាង យីម បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​បាក់ខ្វែវ ៤២​នាក់ ត្រូវ​មន្ត្រី​យោធា​ខេត្ត​មណ្ឌលគិរី ឈ្មោះ វុធ បោក​បញ្ឆោត​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​ប្រណិត​ចេញ​ពី​ព្រៃ ក្នុង​តំបន់​ស្រុក​កោះញ៉ែក ខេត្ត​មណ្ឌលគិរី ជាប់​ព្រំ​ប្រទល់​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​រទេះ​គោ​មួយ​គ្រឿង បង់​ប្រាក់ ៣០​ម៉ឺន​រៀល ដើម្បី​រត់​ការ​ជាមួយ​សមត្ថកិច្ច​ដទៃ​ទៀត ទើប​គេ​អនុញ្ញាត​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ។

លោក​បន្ត​ថា នៅ​ពេល​ប្រជាពលរដ្ឋ​បង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​យោធា​នោះ​រួច ប្រជាពលរដ្ឋ​ក៏​បាន​ចូល​ព្រៃ​កាប់​ឈើ ក៏​ប៉ុន្តែ​ពេល​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ស្រាប់​តែ​មាន​សមត្ថកិច្ច​មួយ​ក្រុម​ទៀត​បាន​ស្ទាក់​បាញ់​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ចុង​ព្រែក​អូរគ្រៀង ធ្វើ​ឲ្យ​គោ​ពីរ​នឹម​រត់​ចោល​រទេះ​ចូល​ព្រៃ​បាត់ និង​ចាប់​ឈើ ៤២​រទេះ ម៉ាស៊ីន​កាត់​ឈើ ១០​គ្រឿង និង​រទេះ​គោ ៤២​រទេះ យក​ទៅ​ទុក​នៅ​ក្នុង​ព្រៃ​មួយ​ចម្ងាយ ២០​គីឡូម៉ែត្រ ពី​ស្រុក​កោះញ៉ែក ហើយ​ជំរិត​ទារ​ប្រាក់​ម្ចាស់​រទេះ​គោ​ម្នាក់ៗ ៨០​ម៉ឺន​រៀល​បន្ថែម​ទៀត ទើប​ប្រគល់​រទេះ​មក​ប្រជាពលរដ្ឋ​ទាំង ៤០​នាក់​យក​ត្រឡប់​មក​ភូមិ​វិញ។
លោក នាង យីម៖ «អត់​មាន​ដោះស្រាយ​នៅ​ប៊ុយរ៉ូ (ការិយាល័យ) ទេ នៅ​នឹង​ព្រៃ​តែម្តង បង់​តែ​លុយ​គេ​ឲ្យ​ចេញ​ទៅ កាល​ណា​មាន​លុយ​បង់ ៨០​ម៉ឺន បង់​គេ​ឲ្យ​ចេញ​មក។ បើ​អត់​មាន​បង់ អត់​ឲ្យ​ចេញ​ទេ ឲ្យ​នៅ​ហ្នឹង។ គេ​ថា ទាហាន​ខេត្ត​ទេ ប៉ុន្តែ​គេ​ចុះ​បេសកកម្ម​ដែរ ប៉េអឹម​គេ​ថា ខេត្ត​ដែរ បើ​ប៉ូលិសៗ​កោះញ៉ែក ឈ្មោះ អាវែង។ ឈើ​គេ​ដាក់​នៅ​ព្រៃ មិន​ទាន់​ដល់​ស្រុក​ទេ កន្លែង​ជិត​ផ្លូវ​ក្រុមហ៊ុន​ទេ មិន​ទាន់​ដល់​ស្រុក​កោះញ៉ែក ១៧​គីឡូ​ទៀត​បាន​ដល់​ស្រុក​កោះញ៉ែក»
ប្រជាពលរដ្ឋ​ភូមិ​បាក់ខ្វែវ ចំនួន​បី​នាក់​មាន​ឈ្មោះ មៀង ពី នាង រ៉ៃ និង ឆឹម យី បាន​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ដែល​ស្ទាក់​បាញ់ និង​ជំរិត​ទារ​ប្រាក់​ពួក​គាត់​មាន​គ្នា ៧​នាក់ មាន​កាំភ្លើង​គ្រប់​ដៃ និង​ប្រើប្រាស់​រថយន្ត​បី​គ្រឿង ក៏​ប៉ុន្តែ​ពួក​គាត់​ស្គាល់​ឈ្មោះ​តែ​ពីរ​នាក់ គឺ​ឈ្មោះ ផាត ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត និង​ឈ្មោះ វែង ជា​ទាហាន​ស្រុក​កោះញ៉ែក។
អភិបាល​ស្រុក​កោះញ៉ែក លោក មើល សឿន បដិសេធ​ថា លោក​មិន​បាន​ចេញ​បទបញ្ជា​ណា​មួយ​ឲ្យ​ក្រុម​សមត្ថកិច្ច​ស្រុក​ចុះ​ចាប់​រទេះ​ដឹក​ឈើ​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ក៏​មិន​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​ស្រុក​រាយការណ៍​ពី​ករណី​នេះ​ដែរ។
លោក​សន្និដ្ឋាន​ថា ទំនង​ជា​ក្រុម​សមត្ថកិច្ច​ដទៃ​ក្រៅ​ពី​សមត្ថកិច្ច​ស្រុក​កោះញ៉ែក​វិញ​ទេ៖ «អត់​ដឹង​ផង គេ​អត់​រាយការណ៍​មក​យើង​ផង។ បាទ! មិន​មែន​ជា​កម្លាំង​របស់​ខ្ញុំ​ទេ អត់​មាន​ការ​បញ្ជា​ពី​ស្រុក​ទេ ស្រុក​អត់​ដឹង​ផង»
ដូច​គ្នា​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មិន​មាន​មន្ត្រី​សមត្ថកិច្ច​ណា​រាយការណ៍ ឬ​ផ្ដល់​វត្ថុ​តាង​ឈើ និង​ម៉ាស៊ីន​កាត់​ឈើ​ដែល​គេ​រាយការណ៍​ថា បាន​រឹបអូស​ពី​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បន្ត​ថា នឹង​ស្រាវជ្រាវ​រឿង​នេះ៖ «អត់​ដឹង​ផង ខាង​ក្រុម​ណា បែប​ខាង​ទាហាន ចាំ​មើល​ខ្ញុំ​ឆែក​ឲ្យ»។
យ៉ាង​នេះ​ក្ដី ប្រធាន​ភូមិ​បាក់ខ្វែវ លោក នាង យីម ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បាក់ខ្វែវ តែងតែ​ចូល​ព្រៃ​កាប់​ឈើ​ប្រណិត​ពី​ស្រុក​កោះញ៉ែក ដឹក​ជញ្ជូន​តាម​រទេះ​គោ​មក​ឃុំ​រលួស នាំ​ចេញ​ទៅ​លក់​ទៅ​ខេត្ត​ក្រចេះ និង​បាន​បង់​ប្រាក់​ឲ្យ​ពួក​សមត្ថកិច្ច មាន​ប៉ូលិស អាវុធហត្ថ យោធា និង​មន្ត្រី​ព្រៃ​ឈើ​នៅ​តំបន់​នោះ។ លោក​បញ្ជាក់​ថា រទេះ​គោ​មួយ​គ្រឿង​របស់​ប្រជាពលរដ្ឋ អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​បាន​ពី ៣ ទៅ ៥​ផ្លាន៕

No comments:

Post a Comment

yes