នៅឆ្នាំ២០១២ នេះ ប្រធានបទសំខាន់ៗមួយចំនួន ដូចជាការរំលោភបំពានសិទ្ធិកាន់កាប់ដីធ្លី ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ការដាក់ទោសអ្នកនយោបាយ និងការរឹតត្បិតសេរីភាពបញ្ចេញមតិ ត្រូវក្លាយជាចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មានអន្តរជាតិ សម្រាប់យកទៅចុះផ្សាយឲ្យមហាជនក្នុងពិភពលោកបានដឹង។
ការចុះផ្សាយពីចំណុចអវិជ្ជមាននានាក្នុងសង្គមកម្ពុជា នាំឲ្យលោកនាយករដ្ឋមន្ត្រី មិនសប្បាយចិត្តនោះទេ ដោយលោកចាត់ទុកថា សារព័ត៌មានទាំងនោះសរសេរតែរឿងអាក្រក់ បណ្ដាលឲ្យអន្តរជាតិយល់ច្រឡំពីស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា។ តំណាងរាស្ត្រគណបក្ស សម រង្ស៉ី ហៅការរិះគន់សារព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រីថាជាទង្វើមិនទទួលខុសត្រូវ។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ វិច្ឆិកា ក្នុងពិធីចែកប្លង់ដីនៅខេត្តព្រះវិហារ ថ្លែងថា ជនបរទេសយល់ថាកម្ពុជា មានសភាពខ្មៅងងឹត ដោយសារសារព័ត៌មានផ្សាយពីរឿងអាក្រក់។ ប៉ុន្តែ អ្នកនាំពាក្យគណបក្ស សម រង្ស៉ី យល់ថា កម្ពុជា ពិតជាមានរឿងរ៉ាវអវិជ្ជមានជាច្រើនទៀត ដែលត្រូវការឲ្យសារព័ត៌មានលាតត្រដាង ដើម្បីឲ្យសង្គមមានការកែប្រែ និងរីកចម្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កន្លងទៅលោកបានផ្តល់ដីសង្គមកិច្ចជាច្រើនទៅឲ្យពលរដ្ឋ ប៉ុន្តែមិនឃើញកាសែតដែលធ្លាប់រិះគន់រដ្ឋាភិបាលយកទៅផ្សព្វផ្សាយនោះទេ។ លោករំលឹកថា រដ្ឋាភិបាលបានចេញបទបញ្ជាលេខ០០១ ផ្អាកផ្តល់ដីសម្បទាននៅទូទាំងប្រទេស តែកាសែតមួយបែរជាផ្សាយថា រដ្ឋាភិបាលផ្តល់ដីសម្បទានទៀតហើយ គឺផ្ទុយនឹងបទបញ្ជា០០១ តែម្តង។ លោកហៅការចុះផ្សាយនេះថាជាទង្វើថោកទាប និងមួលបង្កាច់រដ្ឋាភិបាល ព្រោះថារដ្ឋាភិបាលបានផ្តល់ដីឲ្យក្រុមហ៊ុនឯកជនទាំងនោះតាំងពីមុនចេញបទបញ្ជា០០១ មកម្ល៉េះ។
លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលបានធ្វើការងារជាច្រើន ប៉ុន្តែសារព័ត៌មានឯករាជ្យមិនបានផ្សាយនោះទេ ដោយពួកគេផ្សាយតែពីរឿងអាក្រក់ទៅវិញ៖ «អ្វីដែលរាជរដ្ឋាភិបាលធ្វើគេមិនផ្សាយទេ យើងវាអន់អាកន្លែងហ្នឹង តែគេពូកែត្រង់ថានិយាយបានតិចធ្វើបានតិចនិយាយបានច្រើន។ អ្នកខ្លះនិយាយប្រាប់យើងតែម្តង គេថាអ្នកឯងធ្វើបានច្រើនណាស់និយាយបានតិច នៅខាងក្រៅទទួលព័ត៌មានថាកម្ពុជា ខ្មៅងងឹត តែខ្ញុំមក គឺផ្សេងនៅកម្ពុជា មានសភាពពីរ ទីមួយ គឺឋាននរក តាមអ្នកសារព័ត៌មានសរសេរ ទី២ ស្ថានភាពពិតដែលដើរទៅណាគ្មានការហាមឃាត់ទាំងអស់»។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចោទជាសំណួរថា តើកាសែតឯករាជ្យ និងអង្គការសង្គមស៊ីវិល នឹងផ្សព្វផ្សាយពីលទ្ធផលដែលរដ្ឋាភិបាលចែកដីសម្បទានជូនពលរដ្ឋនៅពេលណា?
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា កម្ពុជា កំពុងកើតមានបញ្ហាមួយចំនួនដែលមិនទាន់មានដំណោះស្រាយ ដូចជា អំពើពុករលួយលក្ខណៈជាប្រព័ន្ធ ទំនាស់ដីធ្លីគ្រប់ទីកន្លែង ការរំលោភសិទ្ធិមនុស្សជាដើម។ លោកបន្តថា រដ្ឋាភិបាលតែងចាត់ទុកសារព័ត៌មាន និងសង្គមស៊ីវិលឯករាជ្យជាក្រុមប្រឆាំង ដែលទង្វើនេះផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ពលរដ្ឋសព្វថ្ងៃមិនទាន់មានសិទ្ធិទទួលព័ត៌មានពេញលេញនោះទេ ដោយច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានមិនទាន់បានសភាអនុម័តនៅឡើយ។
លោក យឹម សុវណ្ណ៖ «គេសរសើរប្រព័ន្ធផ្សព្វផ្សាយរបស់គេថាល្អប្រសើរប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែអ្នកផ្សាយព័ត៌មានពិត គេថាប្រឆាំងទៅវិញ។ យើងមិនអាចជំរុញប្រទេសរបស់យើងទៅមុខបានទេ បើនៅតែមិនកែប្រែ»។
លោក យឹម សុវណ្ណ បន្តថា រដ្ឋាភិបាលត្រូវទទួលយកការរិះគន់ពីគ្រប់មជ្ឈដ្ឋាន ទើបសង្គមមានការអភិវឌ្ឍ។
ទាក់ទិននឹងបញ្ហាអសកម្មទាំងឡាយរបស់រដ្ឋាភិបាល មានរបាយការណ៍ជាច្រើនរបស់អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងរបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានរឹតត្បិតសេរីភាពបញ្ចេញមតិ និងរំលោភបំពានសិទ្ធិមនុស្ស។ ប៉ុន្តែជារឿយៗ រដ្ឋាភិបាលតែងតែហៅការរិះគន់ទាំងនោះថាជាការបន្ទរសំឡេងតាមគណបក្សប្រឆាំង។ រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ព្រមានអង្គភាពសារព័ត៌មានអន្តរជាតិមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងចំណុចអសកម្មរបស់ខ្លួនដែរ៕
No comments:
Post a Comment
yes