សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 27, 2012

ថ្ងៃ​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ស្ងប់ស្ងាត់

ទិដ្ឋភាព​ស្ងប់ស្ងាត់​នៅ​មាត់ទន្លេ​មុខវាំង ដោយសារ​តែ​ពិធីបុណ្យ​អំទូក​ត្រូវ​បាន​រដ្ឋាភិបាល​លុបចោល
ទិដ្ឋភាព​ស្ងប់ស្ងាត់​នៅ​មាត់ទន្លេ​មុខវាំង ដោយសារ​តែ​ពិធីបុណ្យ​អំទូក​ត្រូវ​បាន​
រដ្ឋាភិបាល​លុបចោល

ដូច​ឆ្នាំ​មុន​ដែរ នៅ​ឆ្នាំ​នេះ ពិធី​បុណ្យ​អុំទូក ត្រូវ​បាន​រដ្ឋាភិបាល សម្រេច​លុបចោល មិន​រៀបចំ​ពិធី​ប្រពៃណី​ប្រចាំឆ្នាំ នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​ទីក្រុង​ភ្នំពេញ​ឡើយ​។ មូលហេតុ មក​ពី​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទើបតែ​យាង​ចូល​ព្រះ​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្ម ៩០ ព្រះវស្សា​។ព្រះ​បរមសព​របស់​ព្រះអង្គ ត្រូវបាន​តម្កល់​ធ្វើបុណ្យ នៅក្នុង​ព្រះបរមរាជវាំង រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ទើប​ថ្វាយ​ព្រះ​ភ្លើង បូជា​។ នៅតាម​បណ្តា​ខេត្ត​នានា ក៏​ត្រូវបាន​អាជ្ញាធរ អះអាងថា មិន​មាន​រៀបចំ​ពិធី​បុណ្យ​អុំទូក​អ្វី​ឡើយ​។ ដោយឡែក​អ្នកទេសចរ បាន​បន្ត​ចូល​មក​ទស្សនា​ទីក្រុង​ភ្នំពេញ​។ រីឯ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​មួយចំនួន បាន​ចេញ​ទៅ​កំសាន្ត​នៅ​ក្រៅប្រទេស និង​តាម​រមណីយដ្ឋាន​ក្នុងស្រុក​។

​រដ្ឋាភិបាល បានសម្រេច​លុបចោល ការរៀបចំ​ពិធី​បុណ្យ​អុំទូក ២ ឆ្នាំ ជាប់ៗ​គ្នា​។ មូលហេតុ មក​ពី​គ្រោះទឹកជំនន់ នៅ​ឆ្នាំ​២០១១ ហើយ​នៅ​ឆ្នាំ​២០១២​នេះ ដោយសារ​តែ​ការយាង​ចូល​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​
 
​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​អុំទូក ទិដ្ឋភាព​នៅ​ជួរ​មាត់ទន្លេ ក្នុង​ទីក្រុង​ភ្នំពេញ ពេលព្រឹក មាន​សភាព​ស្ងប់ស្ងាត់​។ ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង ប៉ូលិស​នៅ​តែ​បន្ត​ដាក់រ​បាំងបិទ​ចរាច​រណ៍​។ តែ​ពេល​រសៀល និង​ពេល​ល្ងាច​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ទៅកាន់​មុខ​ព្រះបរមរាជវាំង ដើម្បី​អុជ​ធូប ថ្វាយ​ផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។

​តាម​ជួរ​មាត់ទន្លេ គឺ​មិន​មាន​ការរៀបចំ​ស្តង់​លក់​ទំនិញ​អ្វី​ឡើយ​។ ប៉ុន្តែ​នៅ​កោះ​ពេជ្រ មាន​ស្តង់​ទំនិញ​តិចតួច បាន​បើកទ្វារ នៅ​ថ្ងៃ​ទី​២៧​វិច្ឆិកា​នេះ​។ ឆាក​តន្ត្រី​សម្រាប់​ឃោសនា​ពីរ​កន្លែង ត្រូវបាន​គេ​រៀបចំឡើង​។ ក៏ប៉ុន្តែ​អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ប្រគុំ​តន្ត្រី​អធិកអធម​ឡើយ​។​
 
​ស្តង់​លក់​ទំនិញ​បញ្ចុះតម្លៃ ក៏​ត្រូវ​ក្រុមហ៊ុន​លក់​ផលិតផល​នានា ដូចជា ឧបករណ៍​អេឡិចត្រូនិក គ្រឿង​អគ្គិសនី ទូរ​ទឹកកក និង​ទូរទស្សន៍ ជាដើម បាន​ដាក់លក់ នៅមុខ​ហាង តាម​ដងផ្លូវ​នានា ក្នុង​ទីក្រុង​ភ្នំពេញ តែ​មិន​មាន​ច្រើន​ទេ​។​
 
​យ៉ាងណាក៏ដោយ បើទោះបីជា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក មិន​ត្រូវបាន​គេ​រៀបចំ នៅ​មុខ​ព្រះបរមរាជវាំង​ក៏ដោយ តែ​ហាង​ទំនិញ និង​កន្លែង​ធ្វើការ​របស់​ក្រុមហ៊ុន​ឯកជន ព្រមទាំង​មន្ទីរ​ស្ថាប័នរដ្ឋ និង​សាលារៀន ត្រូវ​បាន​បិទទ្វារ ក្នុង​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ។​
 
ចំណែកអ្នកទេសចរ នៅតែ​បន្ត​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ ទោះ​ជា​មិន​មាន​ពិធី​បុណ្យ​អុំទូក នៅ​ឆ្នាំ​នេះ​ក៏ដោយ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អាង គឹម​អ៊ាង ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា​។​
 
​លោក អាង គឹម​អ៊ាង បាន​មានប្រសាសន៍ថា "​ជាធម្មតា ភ្ញៀវ ដែល​មក​ទស្សនា​បុណ្យអុំទូក គាត់​មិន​មែន​មក​ទស្សនា​តែ​បុណ្យអុំទូក​តែមួយ​ទេ​។ គាត់​មក​ទស្សនា​រួមគ្នា​នូវ​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​យើង នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ដូចជា ព្រះបរមរាជវាំង វត្តភ្នំ សារមន្ទីរ ជាដើម​។ អ៊ីចឹងបើទោះជា​យើង​មាន​ការលុបចោល​បុណ្យអុំទូក (នៅ​មុខ​ព្រះបរមរាជវាំង នៅ​ឆ្នាំ​នេះ) ក៏​មិន​មាន​ការប៉ះពាល់​ទេ ព្រោះ​អ្នកទេសចរ គាត់​មិន​បាន​ទស្សនា​បុណ្យអុំទូក​ក៏ពិតមែន តែ​គាត់​អាច​ទស្សនា​រមណីយដ្ឋាន​ធំៗ​ផ្សេងៗ​ទៀត​"​។​
 
​លោក អាង គឹម​អ៊ាង បាន​បន្ថែមថា ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ឈប់សម្រាក​នេះ បាន​ចេញ​ទៅ​លេង​នៅ​រមណីយដ្ឋាន​ក្នុងស្រុក និង​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​។​
 
​ជា​ការកត់សម្គាល់ ការសម្រេច​ផ្អាក មិន​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ក្រោយពី​កើតមាន​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម កាលពី​យប់​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃទី​២២​វិច្ឆិកា ឆ្នាំ​២០១០ នៅ​កោះ​ពេជ្រ ដែល​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ៣៥៣ នាក់ និង​រង​របួស​ជាង ៤០០ នាក់​ផ្សេង​ទៀត ដោយសារតែការផ្អើលរត់ជាន់គ្នា​៕

No comments:

Post a Comment

yes