Monday, December 31, 2012

គណបក្ស សង្គ្រោះជាតិ គាំទ្រការទាមទារតំឡើងប្រាក់ខែរបស់កម្មករ-កម្មការីនី ឲ្យបានចំនួនហុកស៊ិបម៉ឺនរៀលក្នុងមួយខែ ដែលស្របទៅនិងគោលនយោបាយរបស់បក្សដែលបានដាក់ចេញ


កម្មករ-កម្មការីនីចំនូនពីររយនាក់ជាងដែលដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហភាព​សហជីពកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ បានធ្វើបាតុកម្មអហិង្សានៅទីលានប្រជា ធិបតេយ្យ ដើម្បីទាមទារឲ្យរដ្ឋាភិបាលធ្វើការតំឡើងប្រាក់ខែជូនកម្មករ-កម្មការីនីឲ្យបានចំនួន យ៉ាងតិចមួយរយហាសិបដុល្លា ដែលស្មើនិងហុកសិបម៉ឺនរៀល ដើម្បីឲ្យស្របទៅនិងតម្លៃ​ទំ​និញ​​នៅលើទីផ្សារដែលមានតម្លៃថ្លៃខ្ពស់កប់ពពក និងដើម្បីឲ្យសមាមាត្រជាមួយនិង​ប្រទេស​ជិតខាងផងដែរ ដែលក្នុងនោះប្រទេសថៃកម្មកររបស់គេក្នុងម្នាក់ទទួលបានប្រាក់ខែរចាប់​ពីពីរ​រយដុល្លាជាង រហូតដល់បីរយដុល្លា តែអភ័យអីដែលកម្មករនៅកម្ពុជាទទួលបានប្រាក់​ខែ​ចំនួនតែហុកសិបមួយដុល្លាក្នុងមួយខែនោះ ។

កម្មករម្នាក់ក្នុងចំណោមកម្មករជាងពីរយនាក់ ដែលបានមកចូលរួមធ្វើបាតុកម្មទាមទារការ​តំ​ឡើងប្រាក់ខែឲ្យបានចំនួនហុកសិបម៉ឺនរៀលបានរាបរាប់ពីផលលំបាករបស់ពួកគាត់ថា សព្វ​ថ្ងៃ​​នេះប្រាក់ខែគោលដែលពួកគាត់ទទួលបានចំនួនហុកសិបមួយដុល្លា គឺមិនអាចឲ្យពួកគាត់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានឡើយ ណាមួយពួកគាត់ត្រូវបង់ថ្លៃទឹក ថ្លៃភ្លើង ការ​ទិញ​ចំណីអាហារហូបចុកប្រចាំថ្ងៃ ។
ក្នុងនោះពួកគាត់ត្រូវសន្សំសំចៃយ៉ាងខ្លាំងជួលបន្ទប់ថ្នាក់ នៅចូលគ្នាចាប់ពីបីនាក់ទៅដល់ប្រាំនាក់ដើម្បីកាត់បន្ថយការចំណាយលើថ្លៃផ្ទះ ហើយការ​ហូបចុកគឺពួកគាត់មិនអាចហូបឲ្យបានគ្រប់គ្រាន់នោះឡើយ ដោយក្នុងមួយ​ពេលពួក​គាត់​ត្រូវ​ទិញ​បាយហូបតែប្រាំរយរៀល និងម្ហូបតែមួយពាន់រៀលប៉ុណ្ណោះ ប្រសិនបើតែពួកគាត់​ហ៊ាន​ចំ ណាយឲ្យលើសពីនេះ គឺពួកគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការចាយវាយដល់ខែឡើយ ។ មួយវិញទៀតការហូបត្បិតត្បៀតរបៀបនេះ បានធ្វើឲ្យពួកគាត់ម្នាក់ៗមានកម្លាំងខ្សោយ ប្រ​សិនបើហ៊ានតែធ្វើការថែមម៉ោងច្រើនតែបន្តិច ពួកគាត់ពិតជាសន្លប់ជាក់ជាមិនខាន ហើយប្រ សិនបើមិនសន្លប់ទេនោះ ពួកគាត់ក៏ធ្លាក់ខ្លួនឈឺផងដែរ ។

កម្មការីនីម្នាក់ទៀតដែលសុំមិនប្រាប់ឈ្មោះក៏បានឲ្យដឹងផងដែរថា ចំពោះការឈឺថ្កាត់​វិញខាង​ក្រុមហ៊ុនក៏គេមិនជួយចេញថ្លៃព្យាបាលផងដែរ គឺយើងជាកម្មករជាអ្នកចំណាយទាំងអស់ ណា​មួយទៅមន្ទីរពេទ្យពេទ្យក៏ពេទ្យយកថ្លៃចំពោះការព្យាបាល ធ្វើឲ្យពួកគាត់ជួបទៅនិងផល​លំ​បាក​យ៉ាងខ្លាំង ពេលខ្លះត្រូវថៅកែធ្វើបាបគ្មានត្រាប្រណីក៏មាន ។

ស្របពេលជាមួយគ្នានោះមានសំនួរមូយសួរទៅកាន់ពួកគាត់ថា តើពួកគាត់យល់យ៉ាងណា ដែរចំពោះគណបក្ស សង្គ្រោះជាតិ ដែលមានគោលនយោបាយក្នុងការតំឡើងប្រាក់ខែជូន​ដល់កម្មករ-កម្មការីនី ឲ្យបានចំនួនហុកសិបម៉ឺនរៀល ដែលវាស្របទៅនិងអ្វីដែលពួកគាត់កំ​ពុង​តែចង់បាននោះ ? កម្មករ-កម្មការីនី បានឆ្លើយឡើងព្រមគ្នាដោយពួកគាត់គាំទ្រនូវគោល នយោបាយរបស់គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ។

ជាមួយគ្នានោះពួគគាត់ក៏បានសម្តែងដោយក្តីរំភើពចំពោះការគាំទ្រមកលើគណបក្ស សង្គ្រោះ​ជាតិ ផងដែរថា នៅពេលបោះឆ្នោតខាងមុខពួកគាត់និងបោះឆ្នោតគាំទ្រគណបក្ស សង្គ្រោះ​ជាតិ ឲ្យបានដឹកនាំប្រទេសសម្រាប់អាណត្តិថ្មីនេះ ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ ជួយដល់ ពួកគាត់ចំពោះអ្វីដែលជាតម្រូវការដ៏ចាំបាច់ និងចង់បានបំផុតរបស់ពួកគាត់ជាកម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទៅទូទាំងប្រទេស ។

រីឯលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលជាអ្នកដឹកនាំបាតុកម្មអហិង្សាដើម្បី ទាមទារឲ្យរដ្ឋាភិបាលតំឡើងប្រាក់ខែជូនកម្មករ-កម្មការីនី ឲ្យបានចំនួនហុកសិបម៉ឺនរៀលក្នុង មួយខែលោកបានមានប្រសាសន៏ថា ការទាមទាររបស់កម្មករ-កម្មការីនីនៅពេលនោះមិនមែន តែសម្រាប់កម្មករ-កម្មការីនី ដែលមានចំនួនតែជាងពីរយនាក់នោះទេ គឺជាការទាមទារសម្រាប់ កម្មករ-កម្មការីនីទាំងអស់ដែលមានចំនួនជាងហាសិបម៉ឺនផ្លាយនាក់ដែលនៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ។ ជាមួយគ្នានោះលោក រ៉ុង ឈុន ក៏បានលើកឡើងផងដែរថា ដោយសារតែ មានការបំភិតបំភ័យការផ្សព្វផ្សាយតាមរយៈទូរទស្សន៏ និងតាមវិទ្យុ បានធ្វើឲ្យរាំងស្ទះដល់​គោលបំណងរបស់បងប្អូនកម្មករភាគច្រើន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់មកចូលរួម​សម្តែមតិ និងធ្វើការទាមទារជាមួយកម្មករ-កម្មការីនីដែលមានវត្តមាននៅពេលនោះ ។

លោក រ៉ុង ឈុន បានបន្តទៀតថា តែទោះជាយ៉ាងនេះក្តី យើងមិនបោះបង់ចោលការទាមទារ របស់យើងឡើយ ប្រសិនបើយើងបោះបង់ចោលការទាមទាររបស់យើងនោះគេមិនធ្វើការដោះ ស្រាយឲ្យពួកយើងទេ ដោយសារតែការខិតខំប្រឹងប្រែងទាមទាររបស់យើងយ៉ាងខ្លាំងគ្រប់ សព្វ​បែបយ៉ាងហើយ បានជារដ្ឋាភិបាលបានធ្វើការឆ្លើយតបមកយើងវិញយ៉ាងតិចតួចជាទីបំ ផុតចំពោះអ្វីដែលយើងបានទាមទារ តែប្រសិនបើយើងមិនធ្វើ គេក៏មិនយកចិត្តទុកដាក់ដោះ ស្រាយជូនយើងដែរ ។

ប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៏ដោយទទូចស្នើសុំឲ្យនិយោជក ក៏ដូចជា រដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការីនី ដែលក្នុងនោះ ជារើយៗយើងឃើញហើយកម្មករ-កម្មការីនី តែងតែដួលសន្លប់ជាបន្តបន្ទាប់ គឺដោយសារតែ ការហូចចុករបស់ពួកគាត់មិនគ្រប់គ្រាន់ និងធ្វើការថែមម៉ោងច្រើន ។ ហេតុដូច្នេះហើយបានជា មានការជួបជុំគ្នាធ្វើបាតុកម្មកអហិង្សាដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែជូនកម្មករ-កម្ម​ការីនី ស្របពេលដែលក្នុងនោះមន្រ្តីរាជការពួកគាត់ត្រូវបានរដ្ឋាភិបាលធ្វើការតំឡើងប្រាក់ខែ ជូន២០%ជារៀងរាល់ឆ្នាំ អ្វីដែលសំខាន់ទំនិញមានតម្លៃថ្លៃនៅលើទីផ្សារ ។

លោក រ៉ុង ឈុន បន្តថា នៅបន្ទាប់ពីបាតុកម្មអហិសង្សាជាទ្រង់ទ្រាយតូចនៅពេលនេះ បាន​ចំនួន​ពីរ​ទៅបីខែក្រោយ គ្មានតំណោះស្រាយណាមួយទេនោះ ខាងសហភាពសហជីពកម្ពុជា និងធ្វើ​ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាថ្មីម្តងទៀតដែលមានទ្រង់ទ្រាយធំ ហើយទាំងនេះក៏​ជាការ​ផ្ញើរ​សារ​ទៅដល់នាយករដ្ឋមន្រ្តី ទៅដល់និយោជក ជីម៉ាក់ ធ្វើយ៉ាងណាឲ្យគិតគូ និងផ្តល់​ដំ​ណោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការីនី ដែលពួកគាត់កំពុងតែរស់នៅក្នុងសភាពពិបាក​ដោយសារតែប្រាក់ខែទាបនេះ ។

ជាមួយគ្នានោះផងដែរការធ្វើបាតុកម្មរបស់កម្មករ-កម្មការីនី ដែលដឹកនាំដោយសហភាពសហ ជីពកម្ពុជា ក៏មានការអញ្ជើញឲ្យចូលរួមពីសំណាក់អ្នកតំណាងរាស្រ្ត និងព្រឹទ្ធសភារបស់គណ​បក្ស សម រង្ស៊ី ផងដែរដែលដឹកនាំដោយលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី និងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ នៅក្នុងពិធីនោះលោក យឹម សុវណ្ណ បានមានប្រ​សាសន៏ដោយគាំទ្រយ៉ាងពេញទំហឹងទៅនិងការធ្វើបាតុកម្មទាមទារតំឡើងប្រាក់ខែរបស់ កម្មករ-កម្មការីនី ឲ្យបានហុកសិបម៉ឺនរៀលក្នុងមួយខែ ដែលនេះគឺស្របទៅនិងគោលនយោ បាយរបស់គណបក្ស សង្គ្រោះជាតិ ដែលបានដាក់ចេញ ។

លោក យឹម សុវណ្ណ ថាការទាមទារតំឡើងប្រាក់ខែចំនួនហុកសិបម៉ឺនរៀលរបស់កម្មករ-កម្មកា រីនីនេះ គឺមិនហួសហេតុនោះទេ ដែលក្នុងនោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាតាម​ការសិក្សាយ៉ាងល្អិតល្អន់នៅក្នុងចំណោមអ្នកតំណាងរាស្រ្ត និងព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺយើងមានដំណោះស្រាយមួយដ៏សមស្រប ថាយើងអាចធ្វើ ការតំឡើងប្រាក់ខែគោលឲ្យកម្មករ-កម្មការីនីបានយ៉ាងតិចចំនូនហុកសិបម៉ឺនរៀល ដែលក្នុង នោះក៏មិនមានការប៉ះពាល់ដល់មាក្រូសេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ ។

លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្តទៀតថា កម្មករ-កម្មការីនីក្នុងមួយខែបានធ្វើការ ហើយរកប្រាក់ចំណេញជូនថៅកែរោងចក្រយ៉ាងតិចចំនួនបួនរយហាសិបដុល្លាក្នុងមួយខែ ដែលនេះគឺជាការសិក្សារបស់មូលនីធិអាឡឺម៉ង់ ហើយក្នុងនោះផងដែរប្រសិនបើយើងពិនិត្យ មើលស្ថានភាពនៃការរស់នៅរបស់កម្មករ-កម្មការីនី នៅជុំវិញពិភពលោកជាពិសេសគឺនៅក្នុង តំបន់ ដែលក្នុងនោះនៅប្រទេសសាំហ្គាពួ ប្រាក់ចំណូលគិតជាមធ្យមរបស់ប្រជាពលរដ្ឋសាំង ហ្គាពួ ម្នាក់ក្នុងមួយឆ្នាំគឺចាប់ពីរបីម៉ឺនទៅបួនម៉ឺនដុល្លាក្នុងមួយឆ្នាំ ហើយនៅជិតខាងយើង ជា​ពិសេសគឺប្រទេសថៃប្រាក់ខែកម្មករ-កម្មការីនី ពួកគេទទួលបានចំនួនបីរយដុល្លាក្នុងមួយខែ ។ 

ជាមួយគ្នា​នោះផងដែរ រដ្ឋាភិបាលរបស់គេបានធ្វើច្បាប់ថា ប្រសិនបើថៅកែមិនបើក​ប្រាក់ខែ​ឲ្យ​កម្មករ-កម្មការីនីឲ្យបានយ៉ាងតិចចំនួនដប់ដុល្លាក្នុងមួយថ្ងៃ ឬមួយខែបីរយដុល្លាទេ អ្នកនោះ ឬថៅកែត្រូវមានទោសជាធរមានដែលមានចែងក្នុងច្បាប់ ។

លោក យឹម សុវណ្ណ បានបន្តទៀតថា ក្នុងនោះផងដែរ តម្លៃទំនិញនៅប្រទេសថៃក៏មានតម្លៃ ថោកជាងប្រទេសកម្ពុជារបស់យើងថែមទៀតផង ម្យ៉ាងទៀតប្រជាជនរបស់គេចំណាយប្រាក់ ស្មើនិងបីរយរៀលរបស់យើងគឺគេអាចធ្វើតំណើរតាមរថយន្តក្រុងរបស់រដ្ឋបានពេញមួយថ្ងៃ ហើយក្នុងនោះសូម្បីតែការព្យាបាលក៏រដ្ឋាភិបាលរបស់គេមិនតម្រូវឲ្យបង់ប្រាក់ផងដែរ រីឯអគ្គី សនីរបស់គេមួយគីឡូវ៉ាត់ម៉ោងតម្លៃត្រឹមតែមួយរយហាសិបរៀលលុយខ្មែរ ទៅពីររយហាសិប​រៀល​លុយខ្មែរប៉ុណ្ណោះ ហើយក្នុងនោះសុខុមាលភាពសង្គម​ពេលប្រជាពលរដ្ឋគេ​ចូលនិវត្ត​គឺ​រដ្ឋរបស់គេយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់គេយ៉ាងខ្លាំងដោយមានប្រាក់ខែអាចឲ្យ ពួកគេរស់នៅបានសមរម្យ ខុសគ្នាដាច់ស្រឡះពីរដ្ឋាភិបាលរបស់យើងសព្វថ្ងៃ ។

លោក យឹម សុវណ្ណ បានបន្តទៀតថា ការទាមទាររបស់កម្មករ-កម្មការីនី ប្រាក់ខែចំនួនមួយរយ ហាសិបដុល្លា ស្មើនិងហុកសិបម៉ឺនរៀលនេះ គឺមិនមានអ្វីដែលយើងធ្វើមិនកើតនោះឡើយ ឲ្យ តែលប់បំបាត់អំពើពុករលួយគឺយើងធ្វើបានហើយ ។ លោក យឹម សុវណ្ណ ថ្លែងទៀតថា គណ​បក្ស សង្គ្រោះជាតិ មុននិងដាក់គោលការណ៏តំឡើងប្រាក់ខែជូនកម្មករ-កម្មការីនី ចំនួនហុក​សិប​​ម៉ឺនរៀលនេះ គឺគណបក្សបានធ្វើការសិក្សាជ្រប់ជ្រុងជ្រោយហើយក៏មិនមានផលប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ ។ ផ្ទុយទៅវិញការតំឡើងប្រាក់ខែជូនកម្មករ-កម្ម​កា​រីនី គឺវាបានធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើង មាន ការ​រីកចំរើន ព្រមទាំងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋរបស់យើងបានរីកចំរើនដូចគ្នាផងដែរ ។

លោក យឹម សុវណ្ណ បានមានប្រសាន៏បញ្ជាក់ដោយសង្កត់ធ្ងន់ថា ជាថ្មីម្តងទៀតគណបក្ស សង្គ្រោះជាតិ សូមគាំទ្រការទាមទាររបស់កម្មករ-កម្មការីនី ក្នុងការតំឡើងប្រាក់ខែគោលឲ្យ​បានយ៉ាងតិចចំនួនហុកសិបម៉ឺនរៀល ហើយក្នុងនោះផងដែរនៅពេលដែលគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតឆ្នាំ២០១៣គណបក្ស និងដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយប្រ​សិនបើយើងធ្វើមិនបានទេ យើងនិងចុះចេញពីតំណែងភ្លាម មិនដូចជាអ្នកកាន់អំណាចខ្លះធ្វើ មិនបានហើយមិនព្រមចុះចេញទៀត ។

លោក យឹម សុវណ្ណ បានថ្លែទៀតថា ក្នុងនោះអ្នកកាន់អំណាចសព្វថ្ងៃ ពួកគេបានធ្វើឲ្យគ្នាគេ មួយក្តាប់តូចក្លាយជាមហាសេដ្ឋី ក៏ប៉ុន្តែគេបានទុកយើងជាទាសកររបស់គេពិសេសគឺកម្ម​ករ-កម្មការីនីនេះឯង ដែលធ្វើការចង់ស្លាប់ខ្លួនទៅហើយទទួលបានប្រាក់ខែតែហុក​សិបមួយ​ដុល្លា​ប៉ុណ្ណោះ តើអ្នកណាអាចរស់បាន ។ លោកថាកម្មករ-កម្មការីនី គឺជាកម្លាំងចលករសេដ្ឋ​កិច្ច​មួយ​​ដ៏សំខាន់ បើគ្មានកម្លាំងញើសឈាមរបស់កម្មករ-កម្មការីនី ម្នាក់ៗនោះទេ សួរថាតើអាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិមានការរីកចំរើនទេ ហើយតើពួកគេទាំងនោះអាចធ្វើជាមហាសេដ្ឋបានទេ គឺមិនបានឡើយ ដែលអ្វីទាំងអស់នេះដោយសារតែកម្លាំងកាយ កម្លាំងញើសឈាម និងកម្លាំ​ង​ចិត្តរបស់​កម្ម​ករ-កម្មការីនីម្នាក់ៗ ដោយខំធ្វើការបំរើសេដ្ឋកិច្ចសង្គម ។

ដូច្នេះកម្មករ-កម្មការីនី ជាកម្លាំងចលករ ជាកម្លាំងជំរុញសេដ្ឋកិច្ចជាតិ ហេតុដូចម្តេចបានជា គេ​មិនឲ្យកម្មករ-កម្មការីនី រស់នៅបានសមរម្យ ។ ដូច្នេះក្នុងនាមជាអ្នកតំណាងរាស្រ្ត និង​តំណាង​ព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី និងជាថ្នាក់ដឹកនាំរបស់ចលនាប្រជាធិប​តេយ្យសង្គ្រោះ​ជាតិ ស្នើសុំឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងអស់នេះជាបន្ទាន់ទៅតាមសុំ​ណូមពររបស់​កម្មករ-កម្មការីនី ។

សូមជំរាបជូនផងដែរនៅបន្ទាប់ពីមានការធ្វើបាតុកម្មដោយហិង្សានៅទីលានប្រជាធិបតេយ្យហើយ តំណាងកម្មករ-កម្មការីនី ព្រមទាំងលោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីព កម្ពុជា បានដើរដង្ហែរញត្តិយកទៅដាក់ជូនរដ្ឋសភាដែលមានគ្នាតំណាងចំនួន២០នាក់តាមការ កំណត់របស់សាលាក្រុង ដែលមានកម្លាំងមានសមត្ថកិច្ចមានដំបង និងខែល នៅចាំល្បាត កម្មករ-កម្មការីនី ជាងពីររយនាក់ទៀតនៅទីលានប្រជាធិបតេយ្យយ៉ាងតឹងតែងបំផុត ។
ហើយនៅបន្ទាប់ពីយកញត្តិទៅដាក់ជូនរដ្ឋសភា ដែលមានតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ទទួលហើយនោះ សហភាពសហជីពកម្ពុជា ក៏បានដង្ហែរញត្តិយកទៅដាក់នៅខុទ្ទកាល័យ រដ្ឋាភិបាលជាបន្តទៀតផងដែរ និងមានការចេញមកទទួលពីសំណាក់មន្រ្តីខុទ្ទកាល័យរបស់ រដ្ឋាភិបាលផងដែរ ។

គេចាំមើលថា តើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានចំណាត់ការណ៏យ៉ាងណាចំពោះការ ស្នើសុំរបស់កម្មករ-កម្មការីនី សុំតំឡើងប្រាក់ខែចំនួនហុកសិបម៉ឺនរៀល ដែលការទាមទារនេះ គឺនៅមានកម្រិតទាបជាងប្រាក់ឈ្នួលដែលកម្មករ-កម្មការីនី នៅប្រទេសជិតខាងរបស់យើងគេ​ទទួលបាននោះ ៕ 


No comments:

Post a Comment

yes