
ប៉ោយប៉ែត៖ នាព្រឹកមិញនេះ គេបានឃើញរថយន្តម៉ានឺសាន់ ១ គ្រឿងបានដឹកកម្លាំងពលករខ្មែរប្រមាណជាង ២០ នាក់ បានបោះពួយយ៉ាងលឿន ចេញពីកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើយើងគិតមិនខុសទេនោះ គឺម្ចាស់រថយន្តបានដឹកពលករខ្មែរទាំងនោះទៅស្តុកទុកក្បែរព្រំដែន លុះពេលយប់ស្ងាត់ ទើបពួកមេខ្យល់មកទទួលយកកម្លាំងពលករទាំងនោះ ទៅកាន់ទឹកដីនៃប្រទេសថៃតែម្តង។ ជាក់ស្តែង ស្ត្រីម្នាក់ក្នុងចំណោមពួកពលករទាំងអស់ បានឲ្យដឹងថា គាត់មានដើមកំណើតនៅភូមិដងរុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយត្រូវបានតៃកុងឡានដឹកមកចាក់ចោលក្បែរព្រំដែនខ្មែរ-ថៃ លុះដល់ពេលយប់ ទើបពួកគេនាំចូលទៅដីថៃ ដើម្បីស៊ីឈ្នួលច្រូតស្រូវឲ្យថៃ។
គួររម្លឹកផងដែរថា កាលពីម្សិលមិញនេះ ពលករខ្មែរប្រុសស្រីប្រមាណជា ៥ នាក់ ត្រូវបានលោកវរសេនីយ៍ទោ សូ ចាន់ណារី មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ ៩១១ អញ្ជើញឲ្យចូលមកសាកសួរ បន្ទាប់ពីត្រូវទាហានឈុតខ្មៅថៃប្រមាទមើលងាយ ដោយប្រើអំពើហិង្សាមកលើពួកគាត់ទាំងនោះ។ ប៉ុន្តែមិនបានប៉ុន្មានផង បែរជាលោក ភោគ វិបុល អតីតមេប៉ុស្តិ៍ស្ទឹងបទលេខ ១០ នៃប៉ូលីសព្រំដែនលេខ ៨៩១ បានលួចបើកច្រករបៀងនាំពលករខ្មែរចូលទៅប្រទេសថៃឆ្លងដែនដោយខុសច្បាប់ទៅវិញ។ ប្រជាពលរដ្ឋនៅជុំវិញស្តង់កសិផលបានរម្លឹកឡើងថា ផ្លូវក្រវ៉ាត់ព្រំដែននេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តដឹកពលករ និងទំនិញគេចពន្ធចេញ-ចូលប្រទេសថៃ។ ពលរដ្ឋទាំងនោះ បានបន្តលើកឡើងទៀតថា បើសមត្ថកិច្ចធ្វើជាឈ្មួញបែបនេះ តើបានអ្នកណាធ្វើការទប់ស្កាត់បទល្មើសបានទៅ? ជាក់ស្តែងនៅច្រករបៀងត្រង់ចំណុចដើមអង្គ្រងជាដើម គឺគ្មានពេលទំនេរឡើយ ដូច្នេះ សូមលោក បេង ស៊ុម ស្នងការមើលផ្លូវនេះផង។
មតិជាច្រើនបានលើកឡើងថា បើលោកស្នងការមិនបានសើមបបូរមាត់ទេ គួរតែបញ្ចប់ការនាំមនុស្សដោយខុសច្បាប់តទៅទៀត ដើម្បីរក្សាបានសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ។ ចំណែក ហាំ វណ្ណៈ មិនអាចសុំការបំភ្លឺបានទេ ជុំវិញករណីខាងលើនេះ៕
No comments:
Post a Comment
yes