Saturday, December 1, 2012

ភោគ វិបុល នាយប៉ុស្តិ៍​អគារ​ថ្មី​ប៉ូលីស​ព្រំដែន​លេខ​៨៩១ កំពុង​លួច​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់​


  ​ប៉ោយប៉ែត​៖ នា​ព្រឹក​មិញ​នេះ គេ​បានឃើញ​រថយន្ត​ម៉ា​នឺ​សាន់ ១ គ្រឿង​បាន​ដឹក​កម្លាំង​ពលករ​ខ្មែរ​ប្រមាណ​ជាង ២០ នាក់ បាន​បោះពួយ​យ៉ាង​លឿន ចេញពី​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​បើ​យើង​គិត​មិន​ខុស​ទេនោះ គឺ​ម្ចាស់​រថយន្ត​បាន​ដឹក​ពលករ​ខ្មែរ​ទាំងនោះ​ទៅ​ស្តុក​ទុក​ក្បែរ​ព្រំដែន លុះ​ពេលយប់​ស្ងាត់ ទើប​ពួក​មេខ្យល់​មក​ទទួលយក​កម្លាំង​ពលករ​ទាំងនោះ ទៅកាន់​ទឹកដី​នៃ​ប្រទេស​ថៃ​តែម្តង​។ ជាក់ស្តែង ស្ត្រី​ម្នាក់​ក្នុងចំណោម​ពួក​ពលករ​ទាំងអស់ បាន​ឲ្យ​ដឹងថា គាត់​មាន​ដើមកំណើត​នៅ​ភូមិ​ដង​រុន ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវបាន​តៃកុង​ឡាន​ដឹក​មកចាក់​ចោល​ក្បែរ​ព្រំដែន​ខ្មែរ​-​ថៃ លុះដល់​ពេលយប់ ទើប​ពួកគេ​នាំចូល​ទៅ​ដី​ថៃ ដើម្បី​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​ថៃ​។

      ​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ម្សិលមិញ​នេះ ពលករ​ខ្មែរ​ប្រុស​ស្រី​ប្រមាណ​ជា ៥ នាក់ ត្រូវបាន​លោក​វរសេនីយ៍ទោ សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩១១ អញ្ជើញ​ឲ្យ​ចូលមក​សាកសួរ បន្ទាប់ពី​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​ប្រមាទមើលងាយ ដោយ​ប្រើ​អំពើហិង្សា​មកលើ​ពួកគាត់​ទាំងនោះ​។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង បែរជា​លោក ភោគ វិបុល អតីត​មេ​ប៉ុស្តិ៍​ស្ទឹង​បទ​លេខ ១០ នៃ​ប៉ូលីស​ព្រំដែន​លេខ ៨៩១ បាន​លួច​បើក​ច្រករបៀង​នាំ​ពលករ​ខ្មែរ​ចូលទៅ​ប្រទេស​ថៃ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅវិញ​។ ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ស្តង់​កសិផល​បាន​រម្លឹក​ឡើង​ថា ផ្លូវ​ក្រវ៉ាត់​ព្រំដែន​នេះ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​រថយន្ត​ដឹក​ពលករ និង​ទំនិញគេចពន្ធ​ចេញ​-​ចូល​ប្រទេស​ថៃ​។ ពលរដ្ឋ​ទាំងនោះ បាន​បន្ត​លើកឡើង​ទៀតថា បើ​សមត្ថកិច្ច​ធ្វើជា​ឈ្មួញ​បែបនេះ តើ​បាន​អ្នកណា​ធ្វើការ​ទប់ស្កាត់​បទល្មើស​បាន​ទៅ​? ជាក់ស្តែង​នៅ​ច្រករបៀង​ត្រង់​ចំណុចដើម​អង្គ្រង​ជាដើម គឺ​គ្មាន​ពេលទំនេរ​ឡើយ ដូច្នេះ សូម​លោក បេង ស៊ុម ស្នងការ​មើលផ្លូវ​នេះ​ផង​។​
      ​មតិ​ជាច្រើន​បាន​លើកឡើងថា បើ​លោកស្នងការ​មិនបាន​សើម​បបូរមាត់​ទេ គួរតែ​បញ្ចប់​ការនាំ​មនុស្ស​ដោយ​ខុសច្បាប់​តទៅទៀត ដើម្បី​រក្សាបាន​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​។ ចំណែក ហាំ វណ្ណៈ មិនអាច​សុំ​ការបំភ្លឺ​បានទេ ជុំវិញ​ករណី​ខាងលើនេះ​៕

No comments:

Post a Comment

yes