សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 27, 2012

អាមេរិក​មិន​មក​វិនិយោគ​នៅ​កម្ពុជា​ដោយសារ​បញ្ហា​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង]
ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សាជីវកម្ម​ក្រុមហ៊ុន​ធំៗ របស់​អាមេរិក មិន​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។
ចំណុច​ទាំង​នេះ​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) នៅ​ក្នុង​គេហទំព័រ​របស់​លោក​ប្រចាំ​សប្ដាហ៍​កន្លង​ទៅ​នេះ។
មន្ត្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ​ឲ្យ​ដឹង​ថា លោក​ជួប​ក្រុម​អ្នក​វិនិយោគ​ជា​ច្រើន​របស់​អាមេរិក​នៅ​ប្រទេស​ថៃ និង​សិង្ហបុរី ដើម្បី​ណែនាំ​ឲ្យ​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ពួក​គេ​ឆ្លើយ​ថា មិន​ទាន់​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា នៅ​ឡើយ​ទេ។
តាម​រយៈ​គេហទំព័រ​ជួប​ពលរដ្ឋ​កម្ពុជា ប្រចាំ​សប្ដាហ៍ គឺ​ថ្ងៃ​អាទិត្យ ទី​២៣ ឆ្នូ អគ្គរដ្ឋទូត​អាមេរិក លោក វីល្លៀម ថត មាន​ប្រសាសន៍​ថា លោក​បាន​ធ្វើ​ដំណើរ​កាល​ពី​ដើម​ខែ​ធ្នូ ទៅ​កាន់​ប្រទេស​ពីរ​ដែល​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច គឺ​ប្រទេស​ថៃ និង​សិង្ហបុរី ក្នុង​គោលបំណង​ស្វែង​រក​ចម្លើយ​របស់​សំណួរ​ដែល​សួរ​ថា ហេតុ​អ្វី​សាជីវកម្ម​ធំៗ​របស់​អាមេរិក មិន​មក​រក​ស៊ី​នៅ​កម្ពុជា?

លោក​បន្ត​ថា តាម​រយៈ​ទស្សនកិច្ច​ទាំង​នោះ​គេ​រក​ឃើញ​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ប្រទេស​កម្ពុជា លើ​ផ្នែក​បរិយាកាស​វិនិយោគ ធនធាន​មនុស្ស និង​ព្រម​ទាំង​ការ​នាំ​មក​នូវ​ការងារ​ដែល​ត្រូវ​ការ​ជំនាញ​ខ្ពស់​មក​កម្ពុជា៖ «ប្រទេស​កម្ពុជា ត្រូវ​ផ្ដល់​តម្លៃ​ដល់​សារសំខាន់​នៃ​សិទ្ធិ​មនុស្ស វេទិកា​នយោបាយ​បើក​ចំហ និង​នីតិរដ្ឋ​នៅ​ក្នុង​រូប​ផ្គុំ​នៃ​ការ​វិនិយោគ និង​វណ្ណៈ​កណ្ដាល។ ឱកាស​នយោបាយ​បើក​ចំហ​តម្លាភាព​ច្រើន និង​ការ​ថយ​ចុះ​នៃ​អំពើ​ពុករលួយ​ផ្ដល់​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង​មូល ដោយ​វា​លើក​ទឹក​ចិត្ត​ការ​ដល់​វិនិយោគ​បរទេស។ បើ​ប្រទេស​កម្ពុជា អាច​ប្រកាន់​ជំហាន​ធំដុំ និង​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ វា​នឹង​នាំ​អោយ​មាន​វិនិយោគទុន​ច្រើន​ពី​ក្រុមហ៊ុន​អាមេរិក និង​បណ្ដា​ក្រុមហ៊ុន​នានា​មក​ពី​ទូទាំង​ពិភពលោក។ ចូរចាំ​ថា អ្វី​ដែល​មាន​សារសំខាន់​នោះ​មិន​មែន​អ្វី​ដែល​លោក​អ្នក​និយាយ​ទេ គឺ​អ្វី​ដែល​លោក​អ្នក​ធ្វើ។ ដូច​ដែល​គ្រូ​បង្រៀន​ភាសា​ឡាតាំង​របស់​ខ្ញុំ​នៅ​វិទ្យាល័យ ឧស្សាហ៍​និយាយ​ថា “ការ​ធ្វើ​មិន​មែន​ពាក្យ​សំដី​ទេ”»
លោក វីល្លៀម ថត បន្ត​ថា លោក​ក៏​នឹង​មាន​គម្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​នានា​បន្ត​ទៀត ដើម្បី​ទាក់ទាញ​វិនិយោគ​អាមេរិក​មក​កាន់​កម្ពុជា។ ប៉ុន្តែ​កម្ពុជា ក៏​ត្រូវ​កែប្រែ​ច្បាប់ និង​បញ្ញត្តិ​គ្រប់គ្រង​មួយ​ចំនួន​ដើម្បី​បើក​ចំហ​បរិយាកាស​វិនិយោគ​ដែរ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​បក​ស្រាយ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​ទទួល​ស្គាល់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​ឱកាស​វិនិយោគ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា នោះ​ទេ។ ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថែម​ទាំង​បដិសេធ​មិន​ទទួល​យក​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ថែម​ទៀត។
ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​លើក​ឡើង​របស់​អគ្គរដ្ឋទូត​អាមេរិក ព្រោះ​ថា កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មក​រក​ស៊ី​ដោយ​បំពាន​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា សព្វ​ថ្ងៃ​កម្ពុជា ត្រូវ​ការ​វិនិយោគិន​ពី​អាមេរិក ជប៉ុន អូស្ត្រាលី គេ​នាំ​បច្ចេកវិទ្យា​គោរព​សិទ្ធិ​មនុស្ស ដោយ​មាន​ការ​ការពារ​បរិស្ថាន គោរព​ច្បាប់​ទម្លាប់ ការ​មិន​ប្រព្រឹត្ត​ពុករលួយ​ជាដើម។
លោក យឹម សុវណ្ណ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គិត​ឃើញ​តែ​រដ្ឋាភិបាល គិត​ពី​ផល​ប្រយោជន៍ បក្សពួក​របស់​ខ្លួន​ច្រើន​ជាង​អ្វីៗ​ទាំង​អស់ ដូច​នេះ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​លើក​ឡើង​ហ្នឹង ត្រឹមត្រូវ​ណាស់ គេ​ចង់​ឲ្យ​យើង​បំបាត់​អំពើ​ពុករលួយ គេ​ចង់​ឲ្យ​យើង​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ»
ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នេះ ស្រប​គ្នា​ទៅ​នឹង​ប្រធានបទ​របស់​សង្គម​ស៊ីវិល​កម្ពុជា ដែល​និយាយ​ពី​សិទ្ធិ​មនុស្ស និង​ធុរកិច្ច ដែល​បាន​ន័យ​ថា ការ​រក​ស៊ី​ទាំង​ឡាយ​ណា​ក៏​ដោយ​ត្រូវ​គិតគូរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស។ តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញ​ថា ក្រុមហ៊ុន​សហរដ្ឋអាមេរិក បាន​ទម្លាក់​ទុន​រក​ស៊ី គិត​មក​ដល់​ចាប់​តាំង​ពី​ឆ្នាំ​២០០០ ដល់​ខែ​មិថុនា ឆ្នាំ​២០១១ ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

No comments:

Post a Comment

yes