សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 27, 2012

កម្មករ​ខ្មែរ​រាប់​រយ​នាក់​ត្រូវ​បាន​ថៅកែ​ថៃ​លក់​បន្ត​ទៅ​ឲ្យ​ថៅកែ​ទូក​នេសាទ​ឥណ្ឌូនេស៊ី

ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​ដល់​អាកាសយានដ្ឋាន​
អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​១២ ខែ​ធ្នូ ឆ្នាំ​២០១១

កម្មករ​ខ្មែរ​ច្រើន​រយ​នាក់ ដែល​ថៅកែ​ថៃ លក់​បន្ត​ទៅ​ឲ្យ​ថៅកែ ទូក​នេសាទ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ជួយ​សង្គ្រោះ​ពី​ការ​ឃុំឃាំង​បង្ខំ​ឲ្យ​ធ្វើ​ការ​នេសាទ​បាន​មួយ​ចំនួន​ហើយ។
ការ​ជួយ​សង្គ្រោះ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្មករ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ទូក​នេសាទ បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។
មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ឥណ្ដូនេស៊ី នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ថា ស្ថានទូត​បាន​ជួយ​រំដោះ​កម្មករ​ខ្មែរ​ជាង ១៥០​នាក់ ដែល​ថៅកែ​ថៃ លក់​ឲ្យ​ថៅកែ​ឥណ្ឌូនេស៊ី ដើម្បី​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ការ​នេសាទ​នៅ​តាម​សមុទ្រ។
លោក​ថា កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ កម្មករ​ខ្មែរ​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​ពី​កន្លែង​ឃុំ​ខ្លួន​នៅ​ក្នុង​ទូក​នៃ​កោះ​ដាច់​ស្រយាល​មួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ទៅ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ជួយ​ពួក​គេ។

ស្ថានទូត​បាន​ទាក់​ទង​អង្គការ អាយ.អូ.អ៊ឹម (IOM) និង​អង្គការ​អន្តោប្រវេសន៍​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ជួយ​ពួក​គេ។ នៅ​រសៀល​ថ្ងៃ​ទី២៥ ខែ​ធ្នូ មន្ត្រី​ស្ថានទូត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ជាមួយ​អង្គការ​ទាំង​នោះ ទើប​ថៅកែ​ទូក​ព្រម​ដោះ​លែង​កម្មករ​ខ្មែរ​ចំនួន ១១​នាក់។ លោក​ថា កាល​ពី​មុន​ថ្ងៃ​ទី២៤ ខែ​ធ្នូ ស្ថានទូត​ខ្មែរ​បាន​រំដោះ​កម្មករ ៩​នាក់​ដែរ។
លោក​ថា សរុប​កម្មករ​ដែល​ស្ថានទូត​ខ្មែរ​បាន​ជួយ​ដោះ​លែង​ពី​ការ​ជួញ​ដូរ​នោះ ពី​ចុង​ឆ្នាំ​២០១១ មក​ដល់​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២ មាន​ចំនួន​ជាង ១០០​នាក់​ហើយ៖ «សង្គ្រោះ​ពួក​គាត់​បាន​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២ ចំនួន ១១​នាក់ បាន​ជួយ​ចេញ​ពី​ដាំបូន រួច​ហើយ។ ឥឡូវ​ហ្នឹង យើង​យក​ពួក​គាត់​យក​មក​នៅ​កន្លែង​មាន​សុវត្ថិភាព​នៃ​មណ្ឌល​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី»
កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ម្តាយ​កម្មករ​ចំណាក​ស្រុក​ពី​ភូមិ​ស្នំប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្ត​កំពត អ្នកស្រី រត្ថ ធារី ថ្លែង​ថា កូន​គាត់​ឈ្មោះ កឹម ណៃ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ប្រុស បាន​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១២។ នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ កូន​គាត់​បាន​ទូរស័ព្ទ​មក​ថា ថៅកែ​ថៃ បាន​លក់​ពួក​គាត់​ទៅ​ឲ្យ​ថៅកែ​ទូក​នេសាទ​ប្រទេស​ឥណ្ឌូនេស៊ី តាំង​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ មាន ១០​នាក់។ ថៅកែ​ឥណ្ឌូនេស៊ី បាន​វាយ​កម្មករ​ខ្មែរ ៣នាក់​ទម្លាក់​ទឹក​សមុទ្រ មិន​ដឹង​ស្លាប់ ឬ​រស់​ទេ។ ទើប​កូន​គាត់​ភ័យ ទាក់​ទង​មក​ក្រុម​គ្រួសារ និង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ឲ្យ​ជួយ​កម្មករ​ខ្មែរ​ចេញ​ពី​ការ​ឃុំឃាំង​ក្នុង​ទូក​នេសាទ​របស់​ប្រទេស​ឥណ្ឌូនេស៊ី នោះ។ នៅ​ថ្ងៃ​អង្គារ ទី២៥ ខែ​ធ្នូ កូន​គាត់​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​សុំ​ទៅ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី ឲ្យ​ជួយ​ក្រុម​កម្មករ​កំពុង​ជាប់​ឃុំ​ក្នុង​ទូក​នោះ​ហើយ។
អ្នកស្រី​ថា អ្នក​ជាប់​ឃុំ​ក្នុង​ទូក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នោះ នៅ​សល់​តែ ៧​នាក់​ទៀត​ទេ ក្នុង​នោះ​មាន​កម្មករ ២​នាក់ ពី​ខេត្ត​កំពត ៤​នាក់​ពី​ខេត្ត​ក្រចេះ និង​ម្នាក់​ទៀត​ជា​អនីតិជន​អាយុ​ក្រោម ១៦​ឆ្នាំ មិន​ដឹង​មក​ពី​ខេត្ត​ណា។ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ អ្នកស្រី រត្ថ ធារី ថ្លែង​ថា កូន​គាត់​កំពុង​តែ​នៅ​ក្នុង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ត្រៀម​បញ្ជូន​កម្មករ​ទាំង​នោះ​មក​ប្រទេស​កម្ពុជា វិញ៖ «ឥឡូវ​យក​មក​បាន ១១​នាក់​ហើយ។ ប៉ុន្តែ​វា​នោះ គាត់​អត់​ទាន់​បាន​បញ្ជូន​មក​ទេ ល្មម​គាត់​ធ្វើ​ឯកសារ​ហើយ បាន​គាត់​បាន​បញ្ជូន​មក»
ប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) អ្នកស្រី ស ចំរុង ឲ្យ​ដឹង​ថា ១០​ខែ​ឆ្នាំ​២០១២ សមាគម​នេះ​បាន​ទទួល​ពាក្យ​បណ្ដឹង​ក្រុម​គ្រួសារ​ចំណាក​ស្រុក​ខុស​ច្បាប់ និង​ស្រប​ច្បាប់ ចំនួន ៣៥៩​ករណី ទាក់​ទង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឆ្លង​ដែន។ ក្រុម​ការងារ​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ថានទូត​នានា និង​អង្គការ​ដៃគូ​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ជួយ​ដល់​កម្មករ​ដែល​រង​នូវ​ការ​ជួញ​ដូរ​ពលកម្ម​បន្ត​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទាំង​នោះ​បាន​មក​វិញ៕

No comments:

Post a Comment

yes