ភ្នំពេញ៖ គ្រួសារជនរងគ្រោះរបស់អតីតប្រធានសហជីពមួយរូប ដែលគេបាញ់សម្លាប់ កាលពីឆ្នាំ២០០៤ បានអះអាងថា ជនជាប់ចោទក្នុងសំណុំរឿងឃាតកម្មនោះ នឹងរួចពីបទចោទ បើតុលាការឯករាជ្យ។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធណ៍ប្រកាសឲ្យដឹងថា សាលដីកាលើជនជាប់ចោទ ក្នុងសំណុំរឿងសម្លាប់ លោក ជា វិជ្ជា នឹងប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ចុងសប្តាហ៍នេះ បន្ទាប់ពីតុលាការនេះបើកសវនាការឡើងវិញ។
ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនបង្កើត សពលោក ជា វិជ្ជា គឺលោក ជា មុនី មានប្រសាសន៍នៅព្រឹកថ្ងៃអង្គារនេះថា ជនជាប់ចោទ លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលសមត្ថកិច្ចចោទ ថាជាឃាតករនោះ លោកថា ជាឃាតករក្លែងក្លាយ ដែលសមត្ថកិច្ចយកមកបង្ហាញតុលាការ។
លោក ជា មុនី បន្តថា ជិត ១០ឆ្នាំហើយ ដែលបងប្រុសលោក ត្រូវគេបាញ់សម្លាប់ តែសមត្ថកិច្ចមិនទាន់រកភស្តុតាងជាក់លាក់ មកបង្ហាញតុលាការ ដើម្បីបញ្ជាក់ថា ជនជាប់ចោទទាំងពីរ ជាឃាតករពិតទេ។
សូមរំលឹកថា កាលពីឆ្នាំ២០០៨ តុលាការកំពូលបានសម្រេច ឲ្យជនជាប់ចោទ ប៊ន សំណាង និងសុខ សំអឿន រស់នៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីរកឃើញឯកសារចោទប្រកាន់មួយចំនួនរបស់ប៉ូលីស មានភាពមិនច្បាស់លាស់។
ក្រោយមកតុលាការកំពូល បញ្ជាឲ្យសាលាឧទ្ធរណ៍ បើកការស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ បន្ទាប់ពីជនជាប់ចោទទាំងពីររស់នៅក្នុងពន្ធនាគារ រយៈពេលប្រាំឆ្នាំ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមការស៊ើបអង្កេតរបស់លោកបង្ហាញថា ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតករទេ។ លោកទទូចឲ្យតុលាការរកឃាតករពិតមកដាក់ទោសតាមច្បាប់។
សាលាឧទ្ធរណ៍បានបើកសវនាការ ឡើងវិញលើសំនុំរឿងឃាតកម្មនេះ កាលពីថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១២ និងបានពន្យាពេលប្រកាសសាលដីកា នៅថ្ងៃទី២៦ ខែវិច្ឆកា។
បុរសជាប់ចោទ ប៊ន សំណាង និង សុខ សំអឿន ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៤ គឺមួយសប្តាហ៍ក្រោយអំពីឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា នៅតូបលក់កាសែតជាប់របងវត្តល័ង្គការ រាជធានីភ្នំពេញ។
ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងដោយលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់មកត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ ម្នាក់២០ឆ្នាំ ពីបទសម្លាប់លោក ជា វិជ្ជា។
ប៉ុន្តែក្រោយពី លោក ហេង ពៅ ត្រូវបានដកតំណែង និងកាត់ទោសដែរនោះ អតីតមេប៉ូលិស រូបនេះ សារភាពថា ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតករពិតទេ៕
No comments:
Post a Comment
yes