ប្រាសាទព្រះវិហារខ្មែរ ដែលតុលាការអន្តរជាតិសម្រេចក្នុងឆ្នាំ ១៩៦២ ថា
ជាកម្មសិទ្ធិរបស់កម្ពុជា
ភ្នំពេញៈ ភាពតានតឹងកាន់តែមានកម្រិតខ្លាំងឡើងៗ នៅប្រទេសថៃ ទាក់ទងនឹងវិវាទទឹកដីព្រះវិហារជាមួយនឹងកម្ពុជា ព្រោះមេដឹកនាំប្រឆាំងអំពាវនាវឲ្យរដ្ឋាភិបាលច្រានចោលសេចក្តី សម្រេចរបស់តុលាការយុតិ្តធម៌អន្តរជាតិ ដែលមិនទាន់បានសម្រេចនៅឡើយ ខណៈលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ កំពុងធ្វើការអំពាវនាវឲ្យនៅស្ងាត់ស្ងៀម។
យោងតាមសារព័ត៌មានក្នុងស្រុកថៃបានឲ្យដឹងថា លោកស្រីនាយករដ្ឋមន្រ្តី បានឆ្លើយតបទៅនឹងផែនការដែលសកម្មជន «ក្រុមអាវលឿង» ចង់រៀបចំបាតុកម្មនៅចុងខែនេះ និងដោយសម្ព័ន្ធសមាជិកសភាគណបក្សប្រឆាំង ដែលចោទសួរអំពីសិទិ្ធអំណាចរបស់តុលាការយុតិ្តធម៌អន្តរជាតិលើ ជម្លោះនេះ។
លោកស្រី យីងឡាក់ ត្រូវបានដកស្រង់សម្តី កាលពីម្សិលមិញដោយកាសែត Pattaya Mail ថា៖ «សូមធ្វើបាតុកម្មដោយសន្តិវិធី ហើយកុំយកករណីនេះធ្វើជានយោបាយដើម្បីដាក់សម្ពាធមកលើ រដ្ឋាភិបាល»។
លោកស្រីបន្ថែមថា ចំណងទាក់ទងរវាងលោកស្រី ជាមួយនិងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាមិត្តភក្តិបងប្រុសគឺអតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ពុំមានសារៈសំខាន់ ដូចផលប្រយោជន៍ប្រជាជាតិថៃនោះទេ។
នេះជាព្រឹត្តិការណ៍ចុងក្រោយបង្អស់នៅថៃ ដែលបញ្ឆេះកាលពីសប្តាហ៍មុន នៅពេលរដ្ឋមន្រ្តីការបរទេសថៃបានប្រកាសផែនការចាប់ផ្តើមយុទ្ធនាការ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីរឿងក្តីបូរណភាព ទឹកដីជិតប្រាសាទព្រះវិហារនេះ ដើម្បីទប់ស្កាត់ចលាចល ក្នុងករណីថៃចាញ់ក្តី។ បន្ទាប់ពីមានប្រតិកម្មចំពោះអ្វីដែលមនុស្សជាច្រើននាក់យល់ថា ជាការទទួលសារភាពមុនពេលលោករដ្ឋមន្រ្តីការបរទេសថៃ បានចាប់ផ្តើមនីតិវិធីទប់ស្កាត់លើការខូចខាត ដោយបានសន្យាថា នឹងធ្វើដំណើរទៅតុលាការក្រុងឡាអេដោយផ្ទាល់ ហើយសម្លឹងឲ្យចំកែវភ្នែក លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជាដើម្បីធ្វើឲ្យលោក បាត់បង់ការផ្តោតអារម្មណ៍។
តុលាការយុតិ្តធម៌អន្តរជាតិនឹង បើកសវនាការនៅខែមេសាដើម្បីបំភ្លឺសេចក្តីសម្រេចឆ្នាំ ១៩៦២ ដែលសម្រេចផ្តល់ប្រាសាទព្រះវិហារ ជាស្ថាបត្យកម្មក្នុងសតវត្សរ៍ទី១១ ទៅឲ្យកម្ពុជា ដោយមិនបញ្ជាក់អំពីតំបន់ទំហំ ៤,៦គីឡូម៉ែត្រការ៉េជុំវិញប្រាសាទឡើយ។ ការប៉ះទង្គិចគ្នាដោយអាវុធ ដែលបានសម្លាប់មនុស្ស៥ឆ្នាំកន្លងមកនេះ បានជំរុញកម្ពុជាសុំការបំភ្លឺពីតុលាការនេះនៅឆ្នាំ២០១១ ទាក់ទងនឹងសេចក្តីសម្រេចរបស់ខ្លួន។
បើយោងតាមលោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយ បានឲ្យដឹងថា ប្រាសាទព្រះវិហារ ដែលងាយបញ្ឆេះចលាចលនយោបាយនៅថៃ ពុំសូវបង្កើតអារម្មណ៍ខ្លាំងចំពោះប្រជាជនកម្ពុជា ដែលគិតថា ជាកម្មសិទិ្ធលើប្រាសាទនេះ ដូចបានកំណត់រួចហើយតាំងពីឆ្នាំ១៩៦២។
លោកស្រី ជា វណ្ណាត បានលើកឡើងសំអាងថា៖ «កម្ពុជាយល់ថា វាមិនមែនជាបញ្ហាជាក់លាក់សម្រាប់កម្ពុជានោះទេ តែវាទាក់ទងនឹងនយោបាយនៅក្នុងប្រទេសថៃច្រើនជាង»។ គណបក្សប្រជាជនកម្ពុជា «គណបក្សកាន់អំណាច បានធ្វើកិច្ចការដ៏ត្រឹមត្រូវសម្រាប់អ្នករាល់គ្នារួចហើយ។ នោះជាមូលហេតុគ្មានការតវ៉ា ពុំមានក្តីបារម្ភទេ វាជាក្តីបារម្ភរបស់ប្រជាជន ដែលត្រូវយកចិត្តទុកដាក់»៕
No comments:
Post a Comment
yes