សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 7, 2013

ពលរដ្ឋ​ប្ដឹង​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​ថៃ​ឱ្យ​សង​ប្រាក់​វិញ និង​ការប្រាក់​ថែមទៀត​


ខេត្ដ​តាកែវ​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ ព្រៃ​ផ្គាំ ស្រុក​អង្គ​បុរី ខេត្ដ​តាកែវ ប្រមាណ ២០០ គ្រួសារ នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ ២០១៣ បាន​ប្រមូល​ផ្ដុំគ្នា​ផ្ដិតមេដៃ​ដាក់​ទៅ​អាជ្ញាធរ​ឱ្យជួយ​ធ្វើ​អន្ដរាគមន៍​ទៅលើ​ក្រុមហ៊ុន​សកសេស​មេន​ផៅ​វើ​សឺ​វិ​ស អេស​អឹម​អេសឱ្យ​សង​ប្រាក់​ពួកគាត់​វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​យកប្រាក់​ពី​ពួក គាត់​ជាង​១​ឆ្នាំ​មកហើយ មិនឃើញ​នាំ​ពួកគាត់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទេ​។​
      ​អ្នកស្រី យិន និ​ត អាយុ ៣៣ ឆ្នាំ ក្នុងចំណោម​ពលរដ្ឋ​ដែល​មក​តវ៉ា​បានឱ្យដឹងថា ពួកគាត់​បាននាំគ្នា​ផ្ដិតមេដៃ​នៅ​សាលាឃុំ​ព្រៃ​ផ្គាំ ដើម្បីឱ្យ​លោក​មេឃុំ​ជួយ​ដោះស្រាយ ពីព្រោះ​ក្រុមហ៊ុន​នេះ​បាន​បោកប្រាស់​លុយ​របស់​ពួកគាត់​ក្នុង​ម្នាក់ៗ មិនតិចជាង ២០០ ដុល្លារ​នោះទេ​។ អ្នកស្រី​បន្ដថា ពួកគាត់​បាន​បង់ប្រាក់​ក្នុង​ម្នាក់ៗ ពី ២០០-៧៥០ ដុល្លារ​សហរដ្ឋអាមេរិក ទៅឱ្យ​ក្រុមហ៊ុន​ខាងលើ ជា​ថ្នូរ​ពួកគាត់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ប៉ុន្ដែ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ខាង​ក្រុមហ៊ុន​មិនបាន​រត់ការ​នាំ​ពួកគាត់​ទៅធ្វើ​ការ​នោះទេ​។ 
 
      ​មិន​ខុសពី​អ្នកស្រី យិន និ​ត ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ក៏បាន​លើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ពួកគាត់​បាន​បង់លុយ​ឱ្យ​ក្រុមហ៊ុន​ដើម្បី​ជា​ថ្នូរ​បាន​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ប៉ុន្ដែ​ក្រោយ​បង់លុយ​ហើយ ពួកគាត់​គ្មាន​នរណាម្នាក់​បាន​ចេញទៅ​នោះទេ ដោយ​ខាង​ក្រុមហ៊ុន​ចេះតែ​ឆ្លើយ​ដោះសារ​យក​លេស​នេះ​លេស​នោះ​ឥត​ឈប់ ហើយ​ពេលខ្លះ​និយាយ​គំរាម​ពួក គាត់​ទៀតផង​។​
 
      ​ពួកគាត់​បាន​បន្ត​ឲ្យ​ដឹងថា លុយ​ដែល​យកមក​បង់​ឱ្យ​ក្រុមហ៊ុន បាន​ខ្ចី​ពី​ធនាគារ​បង់​ការប្រាក់​ឱ្យគេ​រាល់​ខែ ដូច្នេះហើយ​ទើប​នៅថ្ងៃនេះ ក៏​មក​តវ៉ា​ឱ្យ​លោក​មេឃុំ​ជួយ​ដោះស្រាយ និង​អន្ដរាគមន៍​ទៅខាង​ក្រុមហ៊ុន​។ អ្នកស្រី ឃឿន បាន​រៀបរាប់ថា គាត់​បាន​ចងការ​ប្រាក់​ពី​ធនាគារ​ទៅ​បង់​ឱ្យ​ក្រុមហ៊ុន​គ្រប់​ចំនួន បំណង​ឱ្យ​កូន​របស់គាត់​ឆាប់​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ នៅពេល​គាត់​ទៅ​បង់លុយ​គ្រប់​ចំនួន​នោះ ខាង​ក្រុមហ៊ុន​បានឱ្យ​គាត់​រង់ចាំ​៣​ខែ កូន​នឹង​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ហើយ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ គឺ​ជាង​១​ឆ្នាំ ខាង​ក្រុមហ៊ុន​ចេះតែ​ពន្យារពេល ដល់​ទូរស័ព្ទ​ទៅ​សួរ បែរជា​មក​ស្ដីបន្ទោស​ឱ្យ​ពួកគាត់​ទៅវិញ​។​
 
      ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ទាំងអស់​បានទាមទារ​ឱ្យ​ខាង​ក្រុមហ៊ុន​សង​ពួកគាត់​វិញ ដោយ​ឈប់​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៀតហើយ ពីព្រោះ​រង់ចាំ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មិនបាន​ទៅ​។ ជាមួយនឹង​ការសង​លុយ​ដល់​ពូក​គាត់ៗ ក៏​ទាមទារ​ឱ្យ​ក្រុមហ៊ុន​គិតការ​ប្រាក់ ពីព្រោះថា លុយ​ដែល​ពួកគាត់​បង់​ទៅឱ្យ​ក្រុមហ៊ុន គឺ​ខ្ចី​ពី​ធនាគារ ដែលមាន​ការប្រាក់​។ 
 
​      លោក មិន ម៉ៅ មេឃុំ​ព្រៃ​ផ្គាំ​បានឱ្យដឹងថា លោក​បានទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​រួចហើយ ខណៈ​ពាក្យបណ្ដឹង​ទាំងនោះ នឹង​បញ្ជូនទៅ​លោក​អភិបាលស្រុក​ម​ង្គ​រ​បុរី​ដោះស្រាយ​បន្ដ​។ លោក មូល វិចិត្រ អភិបាលស្រុក​អង្គរបុរី​បានឱ្យដឹងថា លោក​បានទទួល​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ហើយ តាមរយៈ​លោក​មេឃុំ ហើយនឹង​បន្ដ​ស្រាវជ្រាវ​រក​ឯកសារ​ពា​ក់​ព័ន្ធ​របស់​ក្រុមហ៊ុន​ដើម្បី​ដោះស្រាយ​។ លោក​បន្ដថា ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ទុក្ខលំបាក​របស់​អាជ្ញាធរ​ដែរ លោក​នឹង​ខិតខំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​សន្ដិវិធី​។​
 
      ​តំណាង​ក្រុមហ៊ុន​ខាងលើ​សូម​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ក្រុមហ៊ុន​ពិតជា​ទទួល​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ៗ ចាប់ពី ២០០ ដុល្លារ​ឡើងទៅ​ប្រាកដ​មែន ដើម្បី​យកទៅ​រត់ការ ហើយ​នៅពេល​បានចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ ពួកគាត់​ត្រូវ​បង់ប្រាក់​បន្ថែម ២០០ ដុល្លារ​ទេ​។ តំណាង ក្រុមហ៊ុន​រូបនេះ​បន្ដថា ពេលនេះ​ក្រុមហ៊ុន​កំពុង​រៀបចំ​ឯកសារ​រ​ត់​ការឱ្យ​ពួកគាត់​ហើយ​អាច​នឹង​ចេញ​នៅ​ខែមករា ឆ្នាំ​២០១៣​នេះ  ។ មូលហេតុ​ដែល​យឺត ក្នុង​ការនាំ​ពួកគាត់​ទៅកាន់​ប្រទេស​ថៃ គឺ​ដោយសារ​ក្រុមហ៊ុន​រត់ការ​ឱ្យ​ពួកគាត់​ទៅដោយ​ស្របច្បាប់ និង​រក​កន្លែង​ការងារ​ល្អៗ​ឱ្យ​ពួកគាត់​ធ្វើ​។​
 
​      ទោះយ៉ាងណា ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​បាន​អះអាងថា ពួកគាត់​លេង​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទៀតហើយ ពីព្រោះថា សព្វថ្ងៃនេះ​ការងារ​ក្នុងប្រទេស ក៏មាន​ធ្វើ​មិន​ខ្វះ​ដែរ គឺ​សុំ​តែ​ឱ្យ​ខាង​ក្រុមហ៊ុន​សងលុយ​ឱ្យ​ពួកគាត់​វិញ ហើយ​គិត​ការឱ្យ​ផង ពីព្រោះ​លុយ​ទាំងនោះ​ពួកគាត់​ចងការ​ពី​ធនាគារ ៕

No comments:

Post a Comment

yes