ក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីចំនួនជាង ២.០០០នាក់ ចាកចេញពីកោះពេជ្រ
ទៅខេត្តចំនួន១៩ ដើម្បីវាស់វែងដីធ្លីរយៈពេល៦ខែ សម្រាប់វគ្គទី២ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម និងជាទេសរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមករា បានជូនដំណើរក្រុមនិស្សិតស្ម័គ្រចិត្តចំនួនជាង ២ពាន់នាក់ ចេញដំណើរពីកោះពេជ្រ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តចំនួន១៩ ដើម្បីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។
នៅក្នុងចំណោមនិស្សិតស្ម័គ្រចិត្តជាង ២ពាន់នាក់នោះ គឺមានយុវជនចាស់ចំនួន ៧៤៧នាក់ បានចូលរួមដែរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រើប្រាស់រថយន្តយោធាធុនធំចំនួន១២០គ្រឿង ដើម្បីដឹកក្រុមនិស្សិតចំនួនជាង ២ពាន់នាក់ ដែលមានចំនួន ១៦៨ក្រុម។
បេសកកម្មរបស់ក្រុមនិស្សិតស្ម័គ្រចិត្តទាំងនោះ គឺមានរយៈពេល ៦ខែ សម្រាប់វគ្គទី២ ចាប់ពីខែមករា ឆ្នាំ២១០៣ គ្រោងបញ្ចប់ការងារវាស់វែងដីធ្លីនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១ខែ ឈានមកដល់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផែនការឲ្យនិស្សិតស្ម័គ្រចិត្តចំនួនជាង ២ពាន់នាក់នោះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចំនួនជាង ១លានហិកតារ ក្នុងរយៈពេល ៦ខែខាងមុខនេះ។
លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍ក្នុងពិធីជូនដំណើរនៅកោះពេជ្រថា លោកសុំឲ្យនិស្សិតនានាបំពេញកិច្ចការការងារដ៏សំខាន់នេះឲ្យបានម៉ត់ចត់ និងជោគជ័យសម្រាប់ប្រជាពលរដ្ឋ៖«ជាយុវជនដែលមានវិន័យរក្សាបាននូវសេចក្តីថ្លៃថ្នូរក្នុងក្រុម មិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរក្នុងក្រុម។ ជំហានទី២នេះ យើងពិតជារក្សាបាន និងពង្រីកបានថែមទៀតទាំងតម្លៃការងារ ទាំងការងារជំនាញ ទាំងការងារសង្គម ហើយនឹងសម្រេចបានជោគជ័យ»។
ជាមួយគ្នានេះ និស្សិតស្ម័គ្រចិត្តម្នាក់ឈ្មោះ ពៅ សុកេត អាយុ ៣១ឆ្នាំ នៅក្នុងចំណោមនិស្សិតស្ម័គ្រចិត្តចំនួនជាង ២ពាន់នាក់ កំពុងតែត្រៀមចាកចេញដំណើរទៅឈរជើងនៅខេត្តបាត់ដំបង បានថ្លែងថា លោកពេញចិត្តនឹងកិច្ចការការងារនេះ ទោះបីជាលំបាកក៏ដោយ៖ «បាទ! ខ្ញុំមានចំណាប់អារម្មណ៍ខាងហ្នឹង ហើយមួយចំណែកទៀតនោះ យើងបានចូលរួមក្នុងការវាស់វែងដីជូនប្រជាជន។ បេសកកម្មនេះមានសារប្រយោជន៍ច្រើនណាស់ត្រង់ថា យើងអាចធ្វើឲ្យប្រជាជនមានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន»។
ចំណែកឯប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកសាទរចំពោះបេសកកម្មវាស់វែងដីធ្លីរបស់ក្រុមនិស្សិតស្ម័គ្រចិត្តទាំងនោះ៖ «យើងចង់ឲ្យមានការវាស់វែងឲ្យបានឆាប់ឲ្យបានត្រឹមត្រូវ។ ដីពលរដ្ឋប៉ុណ្ណា វាស់វែងឲ្យកម្មសិទ្ធិប៉ុណ្ណឹង វាស់វែងឲ្យប្រជាពលរដ្ឋមុន កុំយកឱកាសវាស់វែងឲ្យក្រុមហ៊ុន ធ្វើឲ្យពលរដ្ឋនៅតែមានការលំបាក រងទុក្ខវេទនាដោយសារការរំលោភបំពាន»។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជូនក្រុមនិស្សិតស្ម័គ្រចិត្តលើកដំបូង រួចម្តងហើយចំនួនជាង ១ពាន់នាក់ កាលពីឆ្នាំ២០១២ កន្លងទៅនេះ ដើម្បីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋរយៈពេល ៦ខែ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងខេត្តក្រុងចំនួន២០។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា លទ្ធផលនៃការវាស់វែងដីធ្លីក្នុងរយៈពេល ៦ខែ ក្នុងវគ្គដំបូងនោះ មានចំនួនជាង ៣សែន ៤ម៉ឺនក្បាលដី ស្មើនឹង ៥៨ម៉ឺនហិកតារ។ ប្រជាពលរដ្ឋជិត ៣៥ម៉ឺនគ្រួសារ ទទួលបានការវាស់វែងដីធ្លីនេះ ស្មើនឹងជាង ១លាន ៥សែននាក់៕
No comments:
Post a Comment
yes