៣១-សីហា-២០១១៖ ជនជាប់ចោទ នួន ជា ក្នុងសវនាការពិនិត្យកាយសម្បទា
និងស្មារតីជនជាប់ចោទក្នុងសំណុំរឿង ០០២ ថ្ងៃទី៣
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបានផ្អាកដំណើរការជំនុំជម្រះក្ដីរបស់ខ្លួនលើសំណុំរឿងលេខ ០០២ ដោយសារតែមេធាវីរបស់លោក នួន ជា បានស្នើសុំឲ្យផ្អាក ពីព្រោះថា នួន ជា ឈឺធ្ងន់ ហើយគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ប្រធានអង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម បានប្រកាសឲ្យផ្អាកដំណើរការសាលាក្ដីនៅព្រឹកថ្ងៃច័ន្ទ ទី១៤ មករា ទោះបីជាជនជាប់ចោទ អៀង សារី និង ខៀវ សំផន មានវត្តមាននៅក្នុងសវនាការនោះក៏ដោយ។
ការប្រកាសផ្អាកដំណើរការជំនុំជម្រះក្ដីនេះ នៅបន្ទាប់ពីសហមេធាវីអន្តរជាតិរបស់លោក នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) បានស្នើសុំទៅអង្គជំនុំជម្រះ ដោយសារលោក នួន ជា បានដួលកាលពីរសៀលថ្ងៃទី១៣ មករា ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្លាមៗ។
លោកមេធាវី វីកទ័រ កូប៉េ មានប្រសាសន៍នៅក្នុងអង្គសវនាការតាមរយៈអ្នកបកប្រែដូច្នេះ «ដូច្នេះយើងស្នើសុំតុលាការថា សុំឲ្យអង្គជំនុំជម្រះផ្អាកសវនាការរហូតទាល់តែយើងខ្ញុំជូនដំណឹងវិញ និងបានជួបកូនក្ដីរបស់ខ្ញុំថា តើគាត់បោះបង់សិទ្ធិ ឬមិនបោះបង់សិទ្ធិកូនក្ដីរបស់ខ្ញុំ នួន ជា»។
ក្រឡាបញ្ជីនៃសាលាដំបូងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ្នកស្រី សែ កុលវុទ្ធី បានអានការសន្និដ្ឋានរបស់ក្រុមវេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាយការណ៍ជូនប្រធានអង្គជំនុំជម្រះនៅក្នុងសវនាការថា លោក នួន ជា ត្រូវការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យពី៤ថ្ងៃ ទៅ ៧ថ្ងៃ។
អ្នកស្រី សែ កុលវុទ្ធី៖ «រោគវិនិច្ឆ័យ រលាកទងសួតស្រួចស្រាល់ និងខ្សោយកម្លាំង ជើងទាំងពីរ...។ សេចក្ដីសន្និដ្ឋាន ចាំបាច់ត្រូវសម្រាកពេទ្យពី ៤ ទៅ ៧ថ្ងៃ ដើម្បីសម្រាកព្យាបាល អាស្រ័យហេតុនេះសូមឯកឧត្ដមប្រធាន អវតក មេត្តាជ្រាប។ រាជធានីភ្នំពេញ ថ្ងៃទី១៤ មករា ឆ្នាំ២០១៣ ជំនួសប្រធានផ្នែកសង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិត គឹម សំសាន»។
បន្ទាប់ពីបានស្ដាប់ការស្នើសុំរបស់មេធាវី លោក នួន ជា និងការរាយការណ៍របស់អ្នកស្រីក្រឡាបញ្ជី សែ កុលវុទ្ធី លើលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់រួចមក ប្រធានអង្គជំនុំជម្រះបានប្រកាសផ្អាកសវនាការនៅព្រឹកថ្ងៃទី១៤ មករា ហើយនឹងបន្តបើកសវនានៅថ្ងៃពុធ ទី១៦ មករា ទៅតាមកាលវិភាគរបស់សាលាក្ដី។
វត្តមានជនជាប់ចោទនៅក្នុងអង្គជំនុំជម្រះ គឺជាកត្តាសំខាន់នៅក្នុងដំណើរការសួរដេញដោលរបស់តុលាការក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋ និងជនជាប់ចោទនៅក្នុងសំណុំរឿងលេខ ០០២ នេះ។
នួន ជា មានអាយុ ៨៦ឆ្នាំ គឺជាជនជាប់ចោទសំខាន់ក្នុងចំណោមជនជាប់ចោទពីររូបផ្សេងទៀត រួមមាន អៀង សារី មានអាយុ ៨៧ឆ្នាំ និង ខៀវ សំផន អាយុ ៨១ឆ្នាំ។ អ្នកទាំងបីជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហម។
ការជំនុំជម្រះសេចក្ដីលើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងនេះ ផ្ដល់ឱកាសដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយក្នុងការបង្ហាញឲ្យឃើញថា របបកម្ពុជាប្រជាធិបតេយ្យបានធ្វើការសម្រេចចិត្តជាច្រើន ដែលបង្កឲ្យមានការសម្លាប់រង្គាលប្រជាពលរដ្ឋប្រមាណ ២លាននាក់។ ប៉ុន្តែមេដឹកនាំជាន់ខ្ពស់ទាំងនេះ មិនព្រមទទួលខុសត្រូវលើឧក្រិដ្ឋកម្មទាំងឡាយដែលកើតមានឡើងនៅក្នុងអំឡុងពេលនោះ តែបែរជាទម្លាក់កំហុសទៅលើកម្មាភិបាលថ្នាក់ក្រោម និងអ្នកដទៃទៀតទៅវិញ។
យ៉ាងណាមិញ ជរាភាពរបស់ជនជាប់ចោទទាំងនេះ ជាក្ដីកង្វល់ និងព្រួយបារម្ភរបស់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ដោយពួកគេខ្លាចសាលាក្ដីខ្មែរក្រហមស្វែងរកការពិត និងរកយុត្តិធម៌ជូនពួកគាត់មិនបានចប់ចុងចប់ដើម ហើយការផ្ដល់យុត្តិធម៌មិនបានពេញលេញ។
ភ្ជាប់នឹងបញ្ហានេះ អ្នកសម្របសម្រួលកម្មវិធីតុលាការខ្មែរក្រហមនៃសមាគមអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា ជនជាប់ចោទទាំងបីរូបនេះ ចាស់ទ្រុឌទ្រោមទាំងអស់ នេះជារឿងមួយដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការជំនុំជម្រះសេចក្ដីរបស់តុលាការ។
លោក ឡាត់ គី បញ្ជាក់ថា វិធីតែមួយគត់ គឺសាលាក្ដីត្រូវពន្លឿននីតិវិធីរបស់ខ្លួន តែស្របតាមច្បាប់៖ «ប៉ុន្តែរាល់ការពន្លឿននីតិវិធីជំនុំជម្រះក្ដីនេះ ក៏មិនមែនថា ធ្វើឲ្យបានចប់តាមកម្មវិធី តែវាគ្មានអត្ថន័យអីសោះសម្រាប់សាលាក្ដីនោះទេ គឺថា លទ្ធភាពកន្លែងណាគួរពន្លឿនបាន គួរតែពន្លឿន»។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ឌីស៊ី ខេម (DC-CAM) លោក ឆាំង យុ បានលើកឡើងថា នេះមិនមែនជារឿងថ្មីទេចំពោះតុលាការដែលជនជាប់ចោទមានជំងឺនោះ ពីព្រោះថា ជនជាប់ចោទទាំងនេះមានវ័យចំណាស់ទៅហើយ។
ទោះបីជាយ៉ាងណា លោក ឆាំង យុ បានសង្កត់ធ្ងន់ថា សាលាក្ដីខ្មែរក្រហមអាចដោះស្រាយបាន៖ «មួយទៀតតុលាការមិនមែនជាមហាវិទ្យាល័យប្រវត្តិសាស្ត្រ មានតួនាទីដើម្បីបង្ហាញការពិតនៅក្នុងរបបខ្មែរក្រហមទេ អ៊ីចឹងវាទាក់ទងនឹងសំណុំរឿងដែលជាមូលដ្ឋាននៃការរៀបចំនីតិវិធី អ៊ីចឹងនីតិវិធីនេះ គោរពទៅតាមគោលការណ៍ច្បាប់។ ខ្ញុំគិតថា លទ្ធផលរបស់តុលាការនឹងអាចទទួលយកបាន»។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានឲ្យដឹងថា សាលាក្ដីមានការព្រួយបារម្ភចំពោះសុខភាពជនជាប់ចោទ ពីព្រោះថា លោក អៀង សារី ក៏ធ្លាប់ខ្លួនឈឺដែរ កាលពីខែកញ្ញា ឆ្នាំ២០១២។ តែយ៉ាងនេះក្ដី លោកបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះការព្យាបាលជនជាប់ចោទ និងធ្វើយ៉ាងណាឲ្យលទ្ធផលនៃការជំនុំជម្រះមានភាពយុត្តិធម៌ទាំងជនជាប់ចោទ ទាំងជនរងគ្រោះ ស្របទៅតាមនិយាមអន្តរជាតិ។
លោក នេត្រ ភក្ត្រា៖ «អ្វីៗផ្សេងៗនៅក្នុងការជំនុំជម្រះក្ដី អាស្រ័យលើសុខភាពរបស់ជនជាប់ចោទដែលយើងនិយាយអំពីដំណើរការ ការជំនុំជម្រះក្ដីមួយប្រកបដោយភាពយុត្តិធម៌ ក្នុងនោះយើងក៏និយាយអំពីកាយសម្បទានៅក្នុងដំណើរការតុលាការ»។
ក្រៅពីបញ្ហាប្រឈមរបស់សាលាក្ដីខ្មែរក្រហមរបស់ជនជាប់ចោទមានជំងឺនោះ សាលាក្ដីកូនកាត់មួយនេះ ក៏កំពុងជួបប្រទះកង្វះថវិកាដែរ។ លោក នេត្រ ភក្រ្តា បញ្ជាក់ថា ប្រាក់បៀវត្សរ៍បុគ្គលិកជាតិរបស់សាលាក្ដីប្រមាណ ៣០០នាក់ មិនទាន់បានបើកនៅឡើយសម្រាប់ខែធ្នូ ឆ្នាំ២០១២។ តែលោកបញ្ជាក់ថា នឹងអាចបើកបាននៅចុងខែមករានេះ។ ម្យ៉ាងវិញទៀត ចំពោះថវិកាចំណាយឆ្នាំ២០១៣ វិញ ភាគីជាតិនៅខ្វះថវិកាជាង ៩លានដុល្លារទៀត រីឯភាគីអន្តរជាតិនៅខ្វះថវិកាជាង ៣០លានដុល្លារអាមេរិក។
សំណុំរឿង ០០២ មាន នួន ជា អៀង សារី និង ខៀវ សំផន ដែលតុលាការបានលើកសួរដេញដោលនៅក្នុងសវនាការនោះ មានប្រធានបទសំខាន់ៗ គឺប្រវត្តិសាស្ត្រទូទៅរបស់ខ្មែរក្រហម រចនាសម្ព័ន្ធរបបកម្ពុជាប្រជាធិបតេយ្យ តួនាទីរបស់ជនជាប់ចោទនីមួយៗ ក្នុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ គោលនយោបាយរបស់កម្ពុជាប្រជាធិបតេយ្យ ការចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទទាក់ទិននឹងដំណាក់កាលទី១ និងទី២ នៃការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងមួយទៅកន្លែងមួយដោយបង្ខំ។
នួន ជា គឺជាមេដឹកនាំជាន់ខ្ពស់មួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានកាន់តំណែងសំខាន់ៗ រួមមានប្រធានសភាប្រជាជន និងជានាយករដ្ឋមន្ត្រីស្ដីទី ហើយលោកក៏ជាសមាជិកទី២ ដែលមានអំណាចបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យបន្ទាប់ពី ប៉ុល ពត។
នួន ជា ជាប់ចោទពីបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ ក្នុងនោះរួមមានអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មនុស្សឃាត ការធ្វើទារុណកម្ម ការដាក់ឃុំឃាំង ការធ្វើទុក្ខបុកម្នេញ ការសម្លាប់ផុតពូជ ការនិរទេស ការជម្លៀសប្រជាពលរដ្ឋដោយបង្ខំ ការដាក់ជាទាសករ ឧក្រិដ្ឋកម្មសង្គ្រាម និងបទចោទដទៃទៀត។
លើសពីនេះទៀត សាធារណជននឹងរង់ចាំមើលលទ្ធផលនៃសាលាក្ដីខ្មែរក្រហមអំពីការជំនុំជម្រះរកយុត្តិធម៌នេះ ថាតើជនជាប់ចោទទាំងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្រិតណា? ទន្ទឹមនឹងនេះ សាធារណជនក៏ព្រួយបារម្ភដែរថា ជនជាប់ចោទទាំងនេះមាន នួន ជា អៀង សារី និង ខៀវ សំផន ក្នុងចំណោមពួកគាត់នឹងអាចស្លាប់មុនលទ្ធផលជំនុំជម្រះនេះ ឬយ៉ាងណា ដោយសារតែភាពចាស់ជរានិងមានជំងឺទៀតនោះ៕
No comments:
Post a Comment
yes