លោក សំ អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជារបស់រដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំដែលដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចគឺជាកិច្ចប្រជុំត្រីភាគីរវាង រដ្ឋាភិបាល សហជីព និងតំណាងនិយោជក អំពីសំណើដំឡើងប្រាក់ឈ្នួលនេះ។ លោក អូន បានឲ្យដឹងទៀតថា៖ «កិច្ចប្រជុំនឹងរៀបចំឡើងដោយមន្រ្តីរដ្ឋាភិបាលដែលពាក់ព័ន្ធ និងចូលរួមដោយតំណាងសហជីព និយោជកនិងអង្គការដទៃទៀតជាអ្នកសង្កេតការណ៍»។ លោកបន្ថែមថា៖«បន្ទាប់ពីកិច្ចប្រជុំ សហជីពកម្ពុជាទាំង អស់ជាង៨០ នឹងរៀបចំកិច្ចប្រជុំមួយទៀត ដើម្បីលើកសំណើអំពីការដំឡើងប្រាក់ឈ្នួលនេះ ហើយបន្ទាប់មក យើងនឹងបញ្ជូនអនុសាសន៍ទៅគណៈកម្មាធិការប្រឹក្សាការងារ ដើម្បីកំណត់រៀបចំកិច្ចប្រជុំមួយទៀត សម្រាប់ធ្វើសេចក្តីសម្រេចចុងក្រោយ»។
លោកបន្តថា៖ «ខ្ញុំរំពឹងថា កិច្ចពិគ្រោះយោបល់នឹងបញ្ចប់នៅខែមីនា។ ខ្ញុំមិនអាចនិយាយបានជាមុនទេថា តើកម្មករនឹងទទួលបានការដំឡើងប្រាក់ខែថែមទៀតឡើយ ប៉ុន្តែ ខ្ញុំអាចនិយាយថា ពួកគេនឹងទទួលបានប្រាក់ឈ្នួលល្អប្រសើរជាងមុន»។ ការកោះរៀបចំកិច្ចប្រជុំស្តីពីការដំឡើងប្រាក់ឈ្នួល កាលពី២សប្តាហ៍មុន ដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានជំរុញដោយការតវ៉ារបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលទាមទារប្រាក់ឈ្នួលអប្បបរមាពី ៦១ ដុល្លារទៅដល់១៥០ ដុល្លារក្នុងមួយខែ។ ការទាមទាររបស់លោក រ៉ុង ឈុន ធ្វើឡើង នៅមុនពេលតវ៉ាមួយ ដោយលោក ជា មុនី ប្រធានសហជីពសេរីកម្មករដែលស្នើដំឡើងត្រឹម១២០ដុល្លារ។
លោក សំ អូន បានឲ្យដឹងថា សហជីព មិនគួរស្នើដំឡើងប្រាក់ឈ្នួលខុសៗគ្នាឡើយ ប៉ុន្តែផ្ទុយទៅវិញ គួរចរចាទាំងអស់គ្នាជាមួយនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
ទន្ទឹមនឹងនេះលោក អ៊ិត សំហេង បានស្នើសុំសហជីព កម្មករ និងនិយោជកទាំងអស់ បន្តធ្វើការដូចធម្មតា ហើយរង់ចាំលទ្ធផលនៃកិច្ចពិភាក្សា ល្អប្រសើរជាងធ្វើការតវ៉ាបន្តទៅទៀត៕
No comments:
Post a Comment
yes