
កម្មករឈរតវ៉ានៅមុខរោងចក្រ Kingsland ក្នុងខណ្ឌមានជ័យកាលពីម្សិលមិញ
ភ្នំពេញៈ ថៅកែរោងចក្រខោអាវទ្រនាប់មួយដែលផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនឈ្មោះ Walmart និង H&M ត្រូវបានចោទប្រកាន់ថា បានបិទរោងចក្រនិងបានរត់ពីការជំពាក់កម្មករនូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរាប់រយពាន់ដុល្លារ។
កម្មករនៅរោងចក្រសម្លៀកបំពាក់ Kingsland ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការតវ៉ារយៈពេល១០ថ្ងៃហើយនៅខាងក្រៅរោងចក្រនិង ឃ្លាំមើលនៅពេលយប់ ដើម្បីចាប់ថៅកែប្រសិនបើថៅកែនោះត្រឡប់មកដឹកម៉ាស៊ីនចេញ ពីរោងចក្រ។
តំណាងកម្មករម្នាក់អះអាងកាលពីម្សិលមិញថា រោងចក្របានជំពាក់ប្រាក់កម្មករសរុប៨០ម៉ឺនដុល្លារ ប្រសិនបើរោងចក្រពិតជាបានបិទរោងចក្រមិនព្រមបើកទ្វារតាំងពី ថ្ងៃទី២៩ ខែធ្នូ។
តំណាងកម្មករបានថ្លែងបន្តថា រោងចក្រនេះលែងមានសហជីពឯករាជ្យមួយ ចាប់តាំងពីតំណាងសហជីពស៊ីខៅឌូ (C.CAWDU) ត្រូវបានបណ្តេញចេញ និងវាយដំនៅក្នុងព្រឹត្តការណ៍នៅក្នុងអំឡុងឆ្នាំ២០០៧ និង ២០០៨។
លោក ភួង ភារម្យ ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករប្រហែល៥០នាក់ ធ្វើការតវ៉ានៅរោងចក្រម្សិលមិញ នៅផ្លូវជាតិលេខពីរបានថ្លែងថា កម្មករប្រហែល៣០នាក់ បានចំណាយពេល១០ថ្ងៃ១០យប់មកហើយ មកដេកនៅខាងក្រៅរោងចក្រ។
លោកថ្លែងបន្តថា៖ «យើងនៅទីនេះជារៀងរាល់ថ្ងៃ»។ «យើងនឹងតស៊ូធ្វើការទាមទាររហូតដល់ជម្រើសចុងក្រោយ»។
តំណាង កម្មករឈ្មោះ អូន បូយ បានថ្លែងថា សហជីពតែមួយគត់ដែលត្រូវបានអនុញ្ញាតឲ្យមាននៅក្នុងរោងចក្រ Kingsland ចាប់តាំងពីឆ្នាំ២០០៨ គឺជាសហជីពដែលបានរៀបចំឡើងដោយភរិយាអ្នកគ្រប់គ្រង និងបានតំណាងកម្មករប្រហែល២០នាក់ ក្នុងចំណោមកម្មករ៧០០នាក់។ «យើងចង់អំពាវនាវទៅរដ្ឋាភិបាលមេត្តាជួយយើង។ យើងមិនមានប្រាក់បង់ថ្លៃជួលផ្ទះ ទិញម្ហូប និងចំណាយសម្រាប់គ្រួសារទេ»។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា កម្មករជាង១០០នាក់បានធ្វើការប្តឹងជាផ្លូវការលើការសង្ស័យរោងចក្រនេះបិទទ្វារ។
លោកបានថ្លែងបន្តថា៖ «ពួកគេបានតស៊ូតវ៉ាអស់រយៈពេលពីរបីសប្តាហ៍ហើយ ហើយកម្មករខ្លះបានទទួលការងារបណ្តោះអាសន្ននៅកន្លែងផ្សេង។ ទោះយ៉ាងណាយើងរំពឹងថា នឹងមានស្នាមមេដៃកម្មករច្រើនជាងនេះ»។
លោក Nick Rudikoff អ្នកសម្របសម្រួលកិច្ចការសកលនៅអង្គការ Warehouse Workers United បានថ្លែងថា ក្រុមហ៊ុនបញ្ជាទិញ Walmart ចាំបាច់ត្រូវតែចូលរួមទទួលខុសត្រូវសម្រាប់អ្វីដែលកំពុងកើត ឡើងនៅរោងចក្រKingsland។
លោកបន្តថា ៖ «ច្បាស់ណាស់ ម្ចាស់រោងចក្រកំពុងតែធ្វើអ្វីដែលមិនត្រឹមត្រូវទេ ប៉ុន្តែ នោះគ្រាន់តែជាផ្នែកមួយនៃសាច់រឿងតែ ប៉ុណ្ណោះ»។ លោកបន្តទៀតថា៖ «[ក្រុមហ៊ុនបញ្ជាទិញ Walmart មាន] ការទទួលខុសត្រូវដែលត្រូវធ្វើឲ្យប្រាកដថា កម្មករដែលផលិតសម្លៀកបំពាក់ឲ្យពួកគេទទួលរងការគោរព សិទិ្ធកម្មករត្រឹមត្រូវ»។
អ្នកគ្រប់គ្រងរោងចក្រ Kingsland និងម្ចាស់រោងចក្រនៅហុងកុងមិនអាចទាក់ទងសុំអត្ថាធិប្បាយ បានទេ រីឯ ក្រុមហ៊ុនបញ្ជាទិញ Walmart និង H&M ក៏មិនបានឆ្លើយតបសំណួរតាមអ៊ីមែលភ្លាមៗដែរ៕
No comments:
Post a Comment
yes