.jpg)
«មានស៊ីអត់សែន មានសែនអត់ស៊ី!» នេះគឺជាពាក្យឌឺដងដាក់គ្នាសាមញ្ញមួយ ដែលឮម្តងម្កាល របស់ថ្នាក់ដឹកនាំគណបក្សនយោបាយ រវាងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី។ តែពេលខ្លះ មិនត្រឹមតែប៉ុណ្ណឹងទេ គឺប្រើពាក្យអសុរោះ អាម៉ឹង និងពាក្យហិង្សាគួររន្ធត់ ហាក់ដូចជាពាក្យសម្តី មិនមែនក្នុងជួរថ្នាក់ដឹកនាំប្រទេសឡើយ។
តើស្រុកខ្មែរ គួរបង្កើតឲ្យមានក្រមសីលធម៌ សម្រាប់ថ្នាក់ដឹកនាំថ្លែងជាសាធារណៈបានដែរឬទេ?
ធ្មេច បើកៗ ងាកតែខ្លួនចុះឡើងៗ ជិតដល់រដូវបោះឆ្នោតទៀតហើយ សល់តែកន្លះឆ្នាំទៀតទេ។ ថ្នាក់ដឹកនាំគណបក្សនីមួយៗ ខិតខំគិតរកនឹកពាក្យឌឺដងលែបខាយដាក់គ្នា ពេលខ្លះជ្រុលមាត់ម៉ោទាំងកាក ទៅទាំងប៉ីទាំងទ្រ។ តែពេលខ្លះមិនមែនអ្នកនយោបាយផង គ្រាន់តែជាអ្នកវិភាគ ឬអ្នកស្រាវជ្រាវ ឯករាជ្យបញ្ចេញមតិ ក៏ត្រូវថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លត់គ្នាមួយទំហឹងៗដែរ សុទ្ធតែពាក្យ «អគតិ អាល្ងង់វិទូ អាមនុស្សល្ងង់ អាបណ្ឌិតទំពែក ពួកអាអ្នកច្បាប់ បិទទ្វារវ៉ៃឆ្កែ ចាំតែបានចូលស្រុកវិញទៅអាវ៉ា» ជាដើម។
បន្ទាប់មកក៏មាន មន្ត្រីថ្នាក់ក្រោមៗបន្ទរបន្ថែម ក៏ដូចជាក្រុមប្រតិកម្មរហ័ស និងក្រុមអ្នកវិភាគបែបផ្អៀងនៅតាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុមួយចំនួន ឲ្យតែភ្លែតឡើងសុទ្ធតែគេហ្នឹងពួក ឬក៏មនុស្សអគតិ។ មានតែក្រុមគាត់ទេសុទ្ធតែមនុស្សមានគតិ? ពាក្យអគតិបើតាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត គឺមានន័យថា អគតិ «សេចក្តីលម្អៀង» ន័យទី ៣ គឺ មោហគតិ សេចក្តីលម្អៀងព្រោះល្ងង់ ព្រោះពុំយល់ខុសត្រូវ។
ហេតុអ្វី បានជាត្រឹមតែជាអ្នកវិភាគតាមកញ្ចក់ទូរទស្សន៍សោះ ដៀលគេសុទ្ធអគតិដែរ? ឬមួយក៏អ្នកវិភាគសុទ្ធជាអ្នកកាសែតឯកឧត្តមៗ និងបណ្ឌិតៗ? តែគ្រាន់តែចង់សួរថា សាលាណាឲ្យសញ្ញាបត្របណ្ឌិតទៅពួកគាត់នោះគឺខុសតែម្តង។ ពេលខ្លះពាក្យរបស់ពួកគាត់មើលទៅហាក់បីដូចជាខ្លាំងជាងរដ្ឋ មន្ត្រី ឬក៏ចៅហ្វាយខេត្តទៅទៀត។ មើលទៅអ្នកស្តាប់ចេះ មិនដល់ពួកគាត់ទេ។
ឯថ្នាក់ដឹកនាំបក្សប្រឆាំងនានាដែលតាំង ខ្លួនឯងជាអ្នកចេះដឹងវិញ ក៏បានវាយបកទៅគូបដិបក្ខវិញយ៉ាងចាស់ដៃដែរ ដូចជា អាយ៉ងយួន អាក្បាលយួនខ្លួនខ្មែរ ជនផ្តាច់ការ ឧក្រិដ្ឋជន ពួកពុករលួយដល់ឆ្អឹង ពួកលក់ជាតិ ម្តងម្កាលលេងសុទ្ធតែពួកហ្ហែងតែម្តង។ ពាក្យឌឺដងដាក់គ្នាទាំងនេះនឹង ចាប់ផ្តើមចេញជាថ្មីទៀតហើយ នៅពេលចាប់ផ្តើមយុទ្ធនាការបោះឆ្នោតឆាប់ៗខាងមុខនេះទៀតហើយ។
តាម ច្បាប់រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិបញ្ចេញមតិជាសាធារណៈ។ តែការប្រើពាក្យពេចន៍នោះក៏ត្រូវមានក្រមសីលធម៌ក្នុង ខ្លួនជាមនុស្សម្នាហ្នឹងគេដែរ។ មិនមែនមានន័យថាអាងតែខ្លួនជាថ្នាក់ដឹកនំា ខ្លួនមានអំណាចចង់និយាយពាក្យអសុរោះ ត្មះតិះដៀល ឬក៏បែបហិង្សាយ៉ាងដូចម្តេចក៏បានដែរនោះទេ។ ហេតុដូចនេះហើយ ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ត្រូវមានក្រមសីលធម៌ក្នុងការប្រើពាក្យពេចន៍ត្រឹមត្រូវ សមរម្យថ្លៃថ្នូរក្នុងនាមជាប្រមុខរដ្ឋ ថ្នាក់ដឹកនាំ ដែលជាមនុស្សគំរូ ក្នុងការផ្តល់សារល្អៗ ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសកុមារ និងយុវជន ដែលងាយនឹងចាប់យក ដើម្បីលើកកម្ពស់សីលធម៌សង្គម ដែលកំពុងតែធ្លាក់ចុះ។
ពេលខ្លះទាល់តែមានប្រតិកម្ម យ៉ាងខ្លាំងពីជនរងគ្រោះ បានមានការផ្លាស់ប្តូរឥរិយាបថ ដូចដែលថ្មីៗនេះ លោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជន បានសុំទោសក្រុមជនជាតិដើមភាគតិចព្នង ចំពោះការប្រើពាក្យប្រមាថមើលងាយដល់ពួកគេថាជាមនុស្សព្រៃផ្សៃ។
តាមពិតការដែលថ្នាក់ដឹកនាំមួយចំនួន ប្រើពាក្យអសុរោះ ត្មះដៀលគ្នា ប្រមាថកាតទានគ្នា ឬបែបហិង្សាគឺសុទ្ធតែកើតចេញពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃមកម្ល៉េះ ព្រោះខ្មែរពីមុនមានប្រវត្តិតាំងពីអើយរៀងមកមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ណាស់ តាំងពីការប្រើពាក្យពេចន៍ថ្លៃថ្នូរ ហើយគោរពគ្នា ស្គាល់ចាស់ ស្គាល់ទុំណាស់ មិនមែនបើកភ្នែកមកសុទ្ធតែហ្អែង អញ អាមឹង ប្រៀបធៀបមនុស្សទៅនឹងសត្វ ដែលអ្នកទាំងនោះត្រូវបានគេឲ្យតម្លៃថាជាមនុស្សបាតសង្គមនោះ ទេ។
សព្វថ្ងៃនេះ បើទោះបីជា ស្រុកខ្មែរមានមណ្ឌលជាតិ លើកកម្ពស់សីលធម៌សង្គមក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះ មិនទៅឈឺក្បាលវិលមុខជាមួយដែរ ហើយថ្មីនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោះហៅអ្នកអានព័ត៌មាន អ្នកអត្ថាធិប្បាយតាមកញ្ចាក់ទូរទស្សន៍ និងវិទ្យុ ក៏ដូចជាការីនិពន្ធកាសែត មកបង្រៀនឲ្យប្រើពាក្យសមរម្យ ថ្លៃថ្នូរ ទៅតាមវិជ្ជាជីវៈ។ តែក៏នៅមានកាសែតក្នុងស្រុកមួយចំនួន និងអ្នកវិភាគបី បួនព្រះអង្គនៅតាមកញ្ចក់ទូរទស្សន៍ នៅតែប្រើពាក្យមិនសមរម្យដដែល នេះប្រហែលជាគាត់គិតថា អំណាចរបស់គាត់ធំជាងរដ្ឋមន្រ្តីទៀតមើលទៅ។
ម្យ៉ាងវិញទៀត អ្វីដែលជាគំរូល្អសម្រាប់អ្នកធ្វើការមានវិជ្ជាជីវៈត្រឹមត្រូវ គឺផ្តើមចេញមកពីការអនុវត្តក្រមសីលធម៌ដែលជួយដល់ឥរិយាបថរបស់ បុគ្គល ដូចជា ព្រះសង្ឃ អ្នកស្រាវជ្រាវ ចៅក្រម គ្រូបង្រៀន គ្រូពេទ្យហើយជាងនេះទៅទៀតកាលពីសប្តាហ៍មុននេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តក្រមសីលធម៌ចំពោះការ ប្រព្រឹត្តរបស់គ្រូពេទ្យឆ្មបដែលតែងតែធ្វើឲ្យប៉ះពាល់សតិអាម្មរណ៍ដល់ស្ត្រីមានផ្ទៃពោះមកទទួលសេវាសម្រាលកូន នៅតាមសេវាសុខាភិបាលរដ្ឋ ក៏ដូចជាឯកជនដែរ។
ចុះ ពេលណា ទើបបង្កើតឲ្យមានក្រមសីលធម៌ សម្រាប់មន្ត្រីថ្នាក់ដឹកនាំ ក៏ដូចជាអ្នកនយោបាយជាន់ខ្ពស់ ឲ្យចេះប្រើនូវពាក្យពេចន៍ថ្លៃថ្នូរ ដូចគ្រូពេទ្យឆ្មប ដើម្បីលើកកម្ពស់សីលធម៌សង្គម ដែលផ្តើមចេញពីថ្នាក់ដឹកនាំជាគំរូនោះ?
No comments:
Post a Comment
yes