សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 15, 2013

សហជីព​មិន​សុខ​ចិត្ត​រឿង​ឈូក​បណ្ឌិត-សុកសំអឿន-ប៊ន​សំណាង

130115_03a
ឃាតក «សិប្បនិមិ្មត​» ​ត្រូវ​ចាប់​ឃុំ​នៅ​​ឧទ្ធរណ៍​ពី​ខែ​មុន​

ភ្នំពេញៈ ក្រុម​ប្រឹក្សា​សហជីព​អន្តរជាតិ ដែល​ទើប​បង្កើត​ឡើង​លើក​ដំបូង​នៅ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​ នាំ​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត​ លោក​ ឈូក បណ្ឌិត​ មក​ផ្តន្ទាទោស​ តាម​ច្បាប់ និង​ត្រូវ​ស្វែងរក​យុត្តិធម៌​ ដល់​ជន​រងគ្រោះ​ លោក ប៊ន សំណាង និង​លោក សុក សំអឿន ដែល​ទើប​តែ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍ ​ចាប់​ឃុំ​ខ្លួន​ឡើង​វិញ​កាល​ពី​ចុង​ខែ​មុន។
ថ្លែង​នៅ​ក្នុង​ពិធី ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា បង្កើត​ក្រុម​ប្រឹក្សា​សហជីព​អន្តរជាតិ​កម្ពុជា កាល​ពី​ម្សិលមិញ ក្នុង​គោល​បំណង ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​របស់​កម្មករ នៅ​ក្នុង​ប្រទេស​នោះ លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​​អំពាវនាវ​ឲ្យ​តុលាការ​នាំ​ខ្លួន​លោក​ ឈូក បណ្ឌិត យក​មក​ផ្តន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​​កម្មការិនី​រង​គ្រោះ​ទាំង​បី​នាក់​ និង​ក៏​ជំរុញ​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត​ លើ​ករណី​លោក ​សុក សំអឿន និង​លោក​ ប៊ន សំណាង ដែល​តុលាការ​បាន​ផ្តន្ទា​ទោស​ដោយ​អយុត្តិធម៌​នោះ​ផង​ដែរ​។
លោក​បន្ត​ថា​៖ «​យើង​នឹង​បើក​យុទ្ធនាការ​ករណី លោក​ឈូក បណ្ឌិត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កម្មការិនី​រងគ្រោះ​ ហើយ​ក៏​ទាមទារ​ឲ្យ​ដោះ​លែង​លោក​សុក សំអឿន និង​ ប៊ន សំណាង វិញ​ដើម្បី​ស្វែងរក​មុខ​ឃាតក​ពិត»។ យ៉ាង​ណា​ក្តី លោក​រ៉ុង ឈុន ពុំ​ទាន់​បាន​​កំណត់​ពេលវេលា​ជាក់​លាក់​ក្នុង​ការ​ធ្វើ​សកម្មភាព លើ​បញ្ហា​ទាំង​ពីរ​ខាង​លើ​នេះ​នៅ​ឡើយ​ទេ តែ​លោក​នឹង​យក​បញ្ហា​ទាំង​នេះ ជំរុញ​តាម​រយៈ​ក្រុម​ប្រឹក្សា​សហជីព​អន្តរជាតិ ILO អ្នក​បញ្ជាទិញ​ និង​តាម​រយៈ​លិខិត ​ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​រួម គឺ​ធ្វើ​យ៉ាង​ណា​ ដាក់​សម្ពាធ​ឲ្យ​នាំ​ខ្លួន លោក ឈូក បណ្ឌិត​ មក​ផ្តន្ទាទោស​ និង​ដោះ​លែង​ជន​រងគ្រោះ​ពីរ​នាក់​ ក្នុង​រឿង​ក្តី​ឃាតកម្ម លោក​ជា វិជ្ជា។ លោក​និយាយ​ថា ៖ «​ខ្ញុំ​ជឿ​ថា​ តុលាការ​យើង​មាន​សមត្ថភាព ធ្វើ​​ការ​ក្នុង​រឿង​នេះ​ ប៉ុន្តែ​តុលាការ​នៅ​ស្រុក​ខ្មែរ​ គឺ​ធ្វើ​តាម​អ្នក​មាន​អំណាច​ គាត់​ពុំ​បាន​យក​វិជ្ជាជីវៈ យក​មក​ប្រើ​ប្រាស់​ទេ»។
ទាក់ទិន​ទៅ​នឹង​ការ​ទាមទារ​ឲ្យ​តម្លើង ប្រាក់​ខែ​កម្មករ​ពី ៦១ ទៅ​ដល់ ​១៥០ ដុល្លារ លោក​រ៉ុង ឈុន​បាន​គូស​បញ្ជាក់​ថា លោក​មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ​ និង​ច្បាស់​លាស់​ ពី​ព្រោះ​ប្រទេស​នៅ​ក្នុង​តំបន់​ ដូច​ជា​នៅ​វៀតណាម តម្លៃ​ប្រាក់​ខែ​របស់​កម្មករ​គឺ ១៧០ ដុល្លារ​ ក្នុង​មួយ​ខែ រីឯ​នៅ​ថៃ ២៦៣ ដុល្លារ​។​ លោក​ថ្លែង​ថា​៖ «ការ​ដាក់​តម្លៃ​របស់​យើង​ គឺ​ទប់​ស្កាត់​កុំ​ឲ្យ​រដ្ឋាភិបាល​ ប្រើ​ពាក្យ​ថា​ វាយ​បំបែក​ឆ្នាំង​បាយ​ខ្លួន​ឯង។ តើ​វាយ​ឆ្នាំង​បាយ​ខ្លួន​ឯង​យ៉ាង​ម៉េច​ បើ​ប្រទេស​ជិត​ខាង​ប្រាក់​ខែ​គេ​ខ្ពស់​ជាង​យើង​នោះ ហើយ​ខ្ញុំ​ជឿ​ថា​ ខាង​និយោជក ក៏​មាន​លទ្ធភាព ដំឡើង​ឲ្យ​កម្មករ​បាន​ដែរ​។ ហេតុ​អី​កម្មករ នៅ​ប្រទេស​ជិត​ខាង​យើង​បាន​ប្រាក់​ខែ​ថ្លៃ នៅ​យើង​ថោក​​»។
លោក អាត់ ធន់ ​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ថ្លែង​ថា​ កន្លង​មក​បញ្ហា​របស់​កម្មករ មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ ដូច្នេះ មាន​តែ​ការ​សហការ​គ្នា​បង្កើត​ក្រុម​ប្រឹក្សា​សហជីព​អន្តរជាតិ​នេះ​ទេ ដែល​អាច​ជួយ​បាន​ទាំង​កម្មករ​ និង​អ្នក​ដឹក​នាំ​សហជីព។ លោក​បន្ត​ថា៖ «ខ្ញុំ​គាំទ្រ​លោក​ជា​ មុនី ក្នុង​ការ​ដឹក​នាំ​កម្មករ​ធ្វើ​កូដក​ម្ម​ ដើម្បី​ឲ្យ​តុលាការ​នាំ​ខ្លួន​លោក​ឈូក បណ្ឌិត​មក​ផ្ទន្ទាទោស ពីព្រោះ​យើង​បាន​ធ្វើ​ការងារ​នេះ​ តាំង​ពី​ដំបូង​មក​»។
កាល​ពី​ថ្ងៃ ទី ២១​ ខែ​ធ្នូ ឆ្នាំ ២០១​២ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​បាន​ដាក់​ពាក្យ​បណ្តឹង​ជំនាស់​ទៅ​នឹង​សាលា ដំបូង​ខេត្ត​ស្វាយរៀង ដែល​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ អតីត​អភិបាល​ក្រុង​បាវិត ដោយ​តម្រូវ​ឲ្យ​លើក​យក​សំណុំ​រឿង​នេះ​មក​ដាក់​លើ​តុ ដើម្បី​ជជែក​វែក​ញែក​ទាំង​អស់​គ្នា។
លោក សម ប្រជាមានិត នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ឲ្យ​ដឹង​ថា ករណី​លោក​ឈូក បណ្ឌិត គឺ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​នីតិវិធី​របស់​សាលា​ឧទ្ធរណ៍​ ដូច្នេះ​មាន​តែ​សាលា​ឧទ្ធរណ៍​ទេ ដែល​ដឹង​អំពី​បញ្ហា​នេះ។​
លោក​អ៊ុក សាវុធ អគ្គ​ព្រះ​រាជអាជ្ញារង​សាលា​ឧទ្ធរណ៍​បាន​មាន​ប្រសាសន៍​ថា សំណុំ​រឿង​លោក​ឈូក​ បណ្ឌិត​ ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​ជូន​ដំណឹង​មក​ថា នឹង​ដំណើរ​ការ​នៅ​​បន្ទាប់​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​មហាវីរក្សត្រ​រួច។
ទាក់ទង ទៅ​នឹង​ការ​ទាម​ទារ ដំឡើង​ប្រាក់​ខែ​កម្មករ ​ក្រសួង​សង្គម​កិច្ច នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​ជា​មួយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ៕

No comments:

Post a Comment

yes