ក្រុមស្ត្រីជាតំណាងអ្នកភូមិបឹងកក់ នាំគ្នាធ្វើការតវ៉ានៅមុខក្រសួងមហាផ្ទៃ
កាលពីម្សិលមិញ
ភ្នំពេញៈ ប្រជាពលរដ្ឋបឹងកក់ប្រមាណ៥០នាក់ បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ដើម្បីដាក់លិខិតជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំជួយអន្តរាគមន៍ដោះស្រាយបោះព្រំ ប្រទល់ដី ១២,៤៤ហិកតានិងផ្តល់ប្លង់កម្មសិទ្ធិដើម្បីបញ្ចប់ជម្លោះដីនេះ។
នៅក្នុងលិខិដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពលរដ្ឋបឹងកក់បានស្នើឲ្យមានការផ្តល់ប្លង់កម្មសិទ្ធិជូន ប្រជាពលរដ្ឋដែលរស់នៅភូមិ២២(១៩គ្រួសារ) ភូមិ២៤(៧គ្រួសារ) ភូមិ៦ (៦គ្រួសារ)ដែលមន្ទីរសុរិយោដីក្រុងវាស់វែងដីរួចហើយ ប៉ុន្តែសាលារាជធានីមិនចេញប្លង់ឲ្យពួកគាត់។
ក្រុមអ្នកតវ៉ាបានសុំ បញ្ចូលពលរដ្ឋភូមិ១ ចំនួន២៩គ្រួសារទៅក្នុងដី១២,៤៤ហិកតានិងផ្តល់ប្លង់កម្មសិទ្ធិផង និងបោះព្រំប្រទល់ដី ១២,២២ហិកតា តាមអនុក្រឹត្យ ១៨៣ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ ឲ្យបានច្បាស់លាស់ផងដែរ។
អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋបឹងកក់បានថ្លែងថា ក្នុងលិខិតនោះដែរ ពលរដ្ឋបឹងកក់ក៏បានស្នើឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ឲ្យមានសេរីភាពរួចផុតពីការចោទប្រកាន់និងបានលើកឡើងពីភាពភ័យខ្លាច និងការព្រួយបារម្ភពីអាជ្ញាធរប្រើកងកម្លាំងធ្វើការបង្រ្កាប និងគំរាមកំហែងលើពលរដ្ឋនៅបឹងកក់។
អ្នកស្រីបញ្ជាក់ថា៖«ប្រជាពលរដ្ឋតំបន់បឹងកក់ដែលមានជម្លោះរឿងដីធ្លី ភាគច្រើនរស់ក្នុងភាពភិតភ័យ ក្នុងការគំរាមកំហែងគ្រប់រូបភាពនិងការតាមដានគ្រប់ពេលពីកម្លាំងមានសមត្ថកិច្ច»។
ក្រុមអ្នកតវ៉ា ក៏បានដាក់លិខិត មួយផ្សេងដែរ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺសូមជួយផ្តល់ដំបូន្មានដល់លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដែលផ្តល់បទសម្ភាសឲ្យវិទ្យុអាស៊ីសេរី និងបានចាក់ផ្សាយ កាលពីរាត្រីថ្ងៃទី១២ ខែមករា ដែលប្រើសម្តីប្រមាថ «ជនអគតិ»មកលើស្ត្រីបឹងកក់។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃមិនអាចសុំការអធិប្បាយបន្ថែមបានទេ កាលពីថ្ងៃម្សិលមិញ។
ក្រុមអ្នកតវ៉ាអះអាងថា លិខិតរបស់ពួកគេត្រូវមន្ត្រីរដ្ឋបាលក្រសួងមហាផ្ទៃ បានទទួលយកពីអ្នកតំណាង៧នាក់ដែលបានអនុញ្ញាតឲ្យចូលជួប។ អ្នកស្រី ហេង មុំ តំណាងអ្នកតវ៉ាបាន បញ្ជាក់ថា៖«គេបានប្រាប់ថា នឹងជំរុញឲ្យមានការដោះស្រាយ និងអាចឈានទៅដល់បង្កើតគណៈកម្មាធិការមួយ ដើម្បីស្រាវជ្រាវអង្កេតដោះស្រាយបញ្ហានេះ»។
តែអ្នកស្រី ទេព វន្នី បញ្ជាក់ថា នេះមិនមែនជាការសុំអន្តរាគមន៍ជាលើកទី១ របស់អ្នកបឹងកក់ មកក្រសួងមហាផ្ទៃនោះទេ វាអាចជាលើកទី៧ រួចមកហើយ។
លោក គយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោកមិនបាននិយាយសំដៅទៅលើអ្នកតវ៉ារឿងដីធ្លីនៅតំបន់បឹងកក់ទេ តែចង់សំដៅទៅលើអ្នកញុះញង់នៅពីក្រោយការតវ៉ានោះ។
លោកបញ្ជាក់ថា៖«ខ្ញុំពុំមានចេតនានិយាយប្រមាថមើលងាយ ពួកគាត់ទេ។ ខ្ញុំទទួលស្គាល់ថា បានប្រើពាក្យនោះ តែមិនបានសំដៅទៅលើពួកគាត់ទេ គឺក្រុមបង្កឲ្យមានការញុះញង់ នៅពីក្រោយការតវ៉ានេះ»៕
No comments:
Post a Comment
yes