សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 7, 2013

គណបក្ស​ប្រជាជន​គាំទ្រ​ គ.ជ.ប និង​លោក ហ៊ុន សែន ជា​​​​​នាយករដ្ឋមន្ត្រី

៧-មករា-២០១៣៖ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​៣៤
 នៃ​ថ្ងៃ​៧ មករា នា​រាជធានី​ភ្នំពេញ

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣ បាន​ប្រារព្ធ​ខួប​លើក​ទី​៣៤ នៃ​ថ្ងៃ​ជ័យជំនះ​លើ​របប​ខ្មែរ​ក្រហម ដោយ​មាន​ការ​គាំទ្រ​ដោយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម។
មាន​សមាជិក​សំខាន់ៗ និង​មន្ត្រី​ជាន់​ខ្ពស់​សរុប​ជាង ១​ម៉ឺន​នាក់ មក​ចូល​រួម ក្រោម​អធិបតី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ប្រធាន​គណបក្ស និង​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។
ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​សមាជិក​គាំទ្រ​គណបក្ស​នេះ បាន​សំដែង​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ថា គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​តួនាទី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សកល នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន និង​ជា​ប្រធាន​សភា​ជាតិ បាន​មាន​ប្រសាសន៍​ទៅ​កាន់​សមាជិក​ចំនួន​ជាង ១​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣ ថា គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ គ.ជ.ប និង​គាំទ្រ​បេក្ខភាព​របស់​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សំរាប់​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
លោក ហេង សំរិន៖ «សំដៅ​ចូល​រួម​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ឆ្លុះ​បញ្ចាំង​ទាំង​ស្រុង​នូវ​ឆន្ទៈ​របស់​ប្រជាជន ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​ម៉ឺងម៉ាត់​តាម​ច្បាប់​បទបញ្ជា និង​នីតិវិធី និង​ក្រមសីលធម៌​នៃ​ការ​បោះ​ឆ្នោត។ ខ្ញុំ​សូម​បញ្ជាក់​ជា​ឱឡារិក​ជា​ថ្មី​ទៀត​នូវ​ការ​គាំទ្រ​បេក្ខភាព​សម្ដេច​អគ្គ​មហា​សេនាធិបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សំរាប់​នីតិកាល​ទី​៥ និង​នីតិកាល​បន្ត​បន្ទាប់​ទៀត»
ជាមួយ​គ្នា​នេះ តំណាង​យុវជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​ថ្លែង​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​យុវជន​នៃ​គណបក្ស​នេះ គាំទ្រ​ទាំង​ស្រុង​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​លោក  ហេង សំរិន ក្នុង​ការ​គាំទ្រ​បែប​នេះ៖ «ប្ដេជ្ញា​គាំទ្រ​ដាច់​ខាត សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​ទី​គោរព​ស្រឡាញ់ និង​គាំទ្រ​ឥត​ងាករេ​នូវ​បេក្ខភាព​នាយករដ្ឋមន្ត្រី​សំរាប់​នីតិកាល​ទី​៥ និង​អាណត្តិ​ក្រោយៗ​ទៀត»
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា៖«ការ​គាំទ្រ គ.ជ.ប នេះ គឺ​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ គ.ជ.ប បន្ត​កិច្ច​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត។ គ.ជ.ប បាន​ធ្វើ​សេចក្ដី​ព្រាង​ស្ដីពី​បទបញ្ជា និង​នីតិវិធី ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​សកល​ខាង​មុខ​នេះ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»
ផ្ទុយ​ពី​ការ​អះអាង​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ស៊ុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា លោក​សោកស្ដាយ​ចំពោះ​ការ​គាំទ្រ​បែប​នេះ៖ «បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​ជម្រើស​បេក្ខជន​ណា​ក្រៅ​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ ដូច្នេះ​យើង​មិន​សង្ឃឹម​ថា ការ​គ្រប់គ្រង​ទៅ​ថ្ងៃ​អនាគត បើ​សិន​ណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ឈ្នះ។ មិន​មាន​ការ​កែប្រែ កែ​លម្អ ឬ​ក៏​អនុវត្ត​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​ណា​ដែល​នាំ​ទៅ​ដល់​ការ​ទទួល​សេចក្ដី​សង្ឃឹម និង​ភាព​យុត្តិធម៌​ក្នុង​សង្គម​នៅ​ពេល​អនាគត​នៅ​ឡើយ»
រហូត​មក​ដល់​ពេល​នេះ គឺ​រយៈពេល ៣៤​ឆ្នាំ​ហើយ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​ខ្មែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​ទាន់​បាន​ឯកភាព​គ្នា​នៅ​ឡើយ​ថា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ជា​ថ្ងៃ​កំណើត​ទី​២ នោះ។
គណបក្ស​ប្រឆាំង មាន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស តែងតែ​ចាត់​ទុក​ថា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ជា​ថ្ងៃ​កងទ័ព​វៀតណាម ឈ្លាន​ពាន​កម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​យក​ថ្ងៃ​នេះ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ ដើម្បី​ឃោសនា​បោះ​ឆ្នោត។ សិទ្ធិ​សេរីភាព​នៃ​សារព័ត៌មាន និង​ការ​តវ៉ា​ក្តី​មិន​មែន​កើត​ឡើង​ដោយសារ​ថ្ងៃ​ទី​៧ ខែ​មករា ទេ គឺ​កើត​ឡើង​ដោយសារ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​ចាត់​ទុក​ថា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ជា​ថ្ងៃ​កំណើត​ទី​២ នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។ មាន​ថ្ងៃ​ទី​៧ ខែ​មករា ទើប​មាន​អ្វីៗ​រហូត​ពេល​នេះ។ ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​កើត​ឡើង​ដោយសារ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​១៩៧៨ ជា​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រឆាំង​របប​ខ្មែរ​ក្រហម។
មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​មតិ​ថា បើ​និយាយ​ពី​ថ្ងៃ​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅ​កម្ពុជា មិន​មែន​មាន​តែ​ថ្ងៃ​៧ មករា មួយ​នោះ​ទេ។ ប្រជាពលរដ្ឋ​ខ្លះ​បាន​និយាយ​ថា គេ​ត្រូវ​មើល​ឲ្យ​ឆ្ងាយ​ហួស​ពី​ថ្ងៃ​៧ មករា និង ២ ធ្នូ ទៅ​ទៀត គឺ​មាន​ថ្ងៃ​មួយ​ចំនួន​ដែល​ទាក់ទង​ជាមួយ​មូលហេតុ​នាំ​ឲ្យ​កើត​មាន​ថ្ងៃ ៧ មករា នោះ ដូចជា​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ មាន​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ និង​ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣។
កន្លង​មក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ឡើង​ថ្លែង​សុន្ទរកថា​នៅ​រៀង​រាល់​បុណ្យ​ខួប​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន បាន​ឡើង​ថ្លែង​ជំនួស​វិញ ដោយសារ​តែ​លោក ជា ស៊ីម មាន​សុខភាព​ខ្សោយ។ លោក ជា ស៊ីម បាន​ធ្វើ​ដំណើរ​ចូល​មក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣ គឺ​មាន​អ្នក​ដើរ​អម និង​មាន​អ្នក​រុញ​រទេះ​អម​ដែរ សំរាប់​លោក ជា ស៊ីម៕

No comments:

Post a Comment

yes