សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 7, 2013

ពលរដ្ឋ​នៅ​ពោធិ៍សាត់​តវ៉ា​ចំពោះ​អាជ្ញាធរ​ដែល​ដក​ហូត​សលាកបត្រ​ដី​ដែល​វាស់​រួច

អតីត​ប្រធាន​សហគមន៍​ប្រជាពលរដ្ឋ​ឃុំ​ក្បាលត្រាច ក្នុង​ខេត្ត​ពោធិ៍សាត់ លោក គុជ វេង

ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រឡាញ់ នា​ខេត្ត​ពោធិ៍សាត់ ជាង ៦០​គ្រួសារ បាន​បន្ត​ការ​តវ៉ា​ចំពោះ​អាជ្ញាធរ​ដែន​ដី​ដែល​បាន​ដក​ហូត​សលាកបត្រ​ដី​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី បាន​វាស់វែង​ប្រគល់​ឲ្យ​ពួក​គាត់។
ប្រជាពលរដ្ឋ​ចំនួន ៣៦​នាក់ ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៦០​គ្រួសារ ដែល​ត្រូវ​បាន​អាជ្ញាធរ​ដែន​ដី​ដក​ហូត​យក​សលាកបត្រ​វាស់វែង​ដី​ដែល​ក្រុម​យុវជន​បាន​ផ្ដល់​ឲ្យ​ពួក​គាត់​នោះ បាន​នាំ​គ្នា​មក​ជួប​អាជ្ញាធរ​ឃុំ ដើម្បី​តវ៉ា​ចំពោះ​ការ​ដក​ហូត​នេះ។
បុរស​អ្នក​ភូមិ​ឈ្មោះ ម៉ាត់ ហ៊ីម ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៣ ថា ដី​ដែល​ក្រុម​យុវជន​បាន​វាស់វែង និង​ផ្ដល់​សលាកបត្រ​ឲ្យ​ពួក​គាត់​នេះ គឺ​ជា​ដី​ដែល​បាន​កាប់​គាស់​រួច​ហើយ ដោយ​ឃើញ​ដូច្នោះ​ទើប​ក្រុម​យុវជន​វាស់វែង​ឲ្យ​ពួក​គាត់ តែ​អាជ្ញាធរ​បែរ​ជា​មិន​ព្រម​ប្រគល់​ដី​នេះ​ឲ្យ​ពួក​គាត់​កាន់​កាប់​ទៅ​វិញ ដោយ​សំអាង​ថា ដី​នេះ​អាជ្ញាធរ​ឃុំ​ទុក​សម្រាប់​ធ្វើ​ជា​តំបន់​ព្រៃ​សហគមន៍។

បុរស​អ្នក​ភូមិ​រូប​នេះ​អះអាង​ថា ដី​តំបន់​នេះ បើ​ទោះ​ជា​យក​ទៅ​ធ្វើ​ជា​ព្រៃ​សហគមន៍ ក៏​គ្មាន​ប្រយោជន៍​ដែរ ព្រោះ​ជា​ដី​ព្រៃ​រេចរឹល និង​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ចង់​ឲ្យ​ថ្នាក់​លើ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ផង។ កន្លង​ទៅ​ប្រជាពលរដ្ឋ​រង​ភាព​អយុត្តិធម៌​ណាស់។ ដី​សហគមន៍​មាន​ស្រាប់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​ព្រៃ​សហគមន៍​ទេ មក​ដក​យក​ដី​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​សហគមន៍​វិញ។ សំណូមពរ​ឲ្យ​ថ្នាក់​លើ​ជួយ​កែ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​បាន​សេចក្ដី​សុខ​ផង...»
ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០០៩ ប្រជាពលរដ្ឋ​ឃុំ​ក្បាលត្រាច បាន​ទទួល​ការ​យល់​ព្រម​ពី​អាជ្ញាធរ​ភូមិ​ទាំង ៩ និង​អាជ្ញាធរ​ឃុំ​ក្បាលត្រាច ឲ្យ​បង្កើត​ព្រៃ​សហគមន៍​នៅ​ឯ​តំបន់​ត្រនៀលផែះ ជា​តំបន់​មាន​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ដែល​អាច​ឲ្យ​អ្នក​ភូមិ​អាស្រ័យ​ផល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន។ ប៉ុន្តែ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ភាពីម៉ិច អាជ្ញាធរ​ស្រុក​បាន​ផ្អាក​សំណើ​សុំ​របស់​ប្រជាពលរដ្ឋ​មិន​បញ្ជូន​សំណើ​នេះ​បន្ត​ទៅ​ថ្នាក់​លើ​ឡើយ។
លោក គុជ វេង ជា​អតីត​ប្រធាន​សហគមន៍​ប្រជាពលរដ្ឋ​ឃុំ​ក្បាលត្រាច បាន​ឲ្យ​ដឹង​ថា ដី​តំបន់​ត្រនៀលផែះ គិត​ចាប់​ពី​ភ្នំ​តាដុល រហូត​មក​ដល់​ចំណុច​ផ្លូវ​ចោរ ជា​តំបន់​ដែល​សម្បូណ៌​ដោយ​ព្រៃ​ឈើ​ល្អៗ គួរ​ជាទី​ដែល​ត្រូវ​បង្កើត​សហគមន៍​ព្រៃ​ឈើ។ លោក​ថា មិន​ដឹង​មក​ពី​ហេតុ​អ្វី​អាជ្ញាធរ​មិន​ព្រម​យក​តំបន់​នេះ​មក​ធ្វើ​ជា​ព្រៃ​សហគមន៍ ហើយ​បែរ​ជា​យក​ដី​ចំការ និង​ដី​ក្បាល​ស្រែ​របស់​ប្រជាពលរដ្ឋ មក​ធ្វើ​ព្រៃ​សហគមន៍​ទៅ​វិញ។
លោក គុជ វេង៖ «ដី​ដែល​ពួក​ខ្ញុំ​សុំ​នៅ​តំបន់​ត្រនៀលផែះ ភ្នំ​តាដុល​នោះ មាន​ព្រៃ​អាស្រ័យផល ដែល​មេ​ភូមិ មេ​ឃុំ​យល់​ព្រម​រួច​ហើយ​នោះ ម៉េច​ក៏​ស្រុក​មិន​ព្រម​ឲ្យ។ ឥឡូវ​មក​យក​ដី​ប្រជាពលរដ្ឋ​មក​ធ្វើ​ព្រៃ​សហគមន៍​យ៉ាង​នេះ មិន​ត្រូវ​ទេ ព្រោះ​ព្រៃ​សហគមន៍​គឺ​ជា​ព្រៃ​ដែល​ប្រជាពលរដ្ឋ​ពេញ​ចិត្ត​អាច​អាស្រ័យ​ផល មិន​មែន​ព្រៃ​រេចរឹល​ក្បាល​ស្រែ​នោះ​ទេ...»
លោក ចេង ឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ជា​កំហុស​ផ្នែក​បច្ចេកទេស​ក្នុង​ការ​វាស់វែង​របស់​ក្រុម​និស្សិត៖ «ពេល​ដែល​និស្សិត​វាស់​ហើយ យើង​យក​មក​ផ្ទៀងផ្ទាត់​ឃើញ​ជាន់​លើ​ព្រៃ​សហគមន៍ ទើប​យើង​ដក​យក​សលាកបត្រ​វិញ យើង​មិន​អាច​ជូន​គាត់​បាន​ទេ...»
កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២ ប្រធាន​ក្រុម​និស្សិត​ទី​១២០ យុវនិស្សិត ខៀវ បញ្ញវឌ្ឍន៍ បាន​សរសេរ​ក្នុង​របាយការណ៍​ផ្ញើ​ជូន​លោក ហ៊ុន ម៉ានិត ជា​ប្រធាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ទូទាំង​ប្រទេស និង​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​បាន​ពិនិត្យ​ឃើញ​ថា ដី​តំបន់​នេះ​គឺ​ជា​ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​រួច​ហើយ ទើប​ក្រុម​និស្សិត​សម្រេច​វាស់​វែង​ជូន​ប្រជាពលរដ្ឋ។ និស្សិត​រូប​នេះ​បន្ត​ថា ការ​ដក​យក​សលាកបត្រ​ពី​ប្រជាពលរដ្ឋ​វិញ​នេះ អាច​ធ្វើ​ឲ្យ​ខក​បំណង និង​មិន​បម្រើ​ឲ្យ​ឆន្ទៈ​ពិត​របស់​លោក​នាយករដ្ឋមន្ត្រី​នោះ​ឡើយ៕

No comments:

Post a Comment

yes