សាលារៀនបណ្តែតទឹកនិគមជនវៀតណាមនៅលើបឹងទន្លេសាប
ភ្នំពេញៈ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានដាក់លិខិតមួយច្បាប់ ទៅលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្នើសុំឲ្យបង្ហាញស្ថិតិប្រជាពលរដ្ឋខ្មែរទាំងអស់ និងស្ថិតិជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាបញ្ហារសើបខាងនយោបាយមួយ ខណៈដែលគណបក្សប្រឆាំង តែងតែលើកពីបញ្ហានេះ ធ្វើការរិះគន់រដ្ឋាភិបាលដើម្បីទាក់ទាញសំឡេងឆ្នោត។
នៅ ក្នុងលិខិត ផ្ញើទៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ ដែលបានចុះហត្ថលេខា ដោយលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានិងជាប្រធានសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ បានឲ្យដឹងថា ក្រុមប្រឹក្សារបស់លោកសូមឲ្យក្រសួងមហាផ្ទៃ បង្ហាញពីស្ថិតិប្រជាពលរដ្ឋខ្មែរទាំងអស់ និងស្ថិតិជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់ជាសាធារណៈ ពីព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីរាជការស្ទើរតែទាំងអស់គ្នាមិនបានដឹងច្បាស់អំពីចំនួន ប្រជាពលរដ្ឋខ្មែរពិតប្រាកដ មានចំនួនប៉ុន្មាននោះទេ គឺគ្រាន់តែដឹងតៗគ្នាថា មានចំនួនជាង១៣ លាននាក់ និងមតិខ្លះថា មានជាង១៤ លាននាក់។ នៅក្នុងលិខិតបានបន្តទៀតថា៖«ថាតើជនអន្តោប្រវេសន៍រស់នៅលើទឹកដីកម្ពុជា ដូចជា វៀតណាម ចិន និងថៃ...។ល។ រស់នៅស្របច្បាប់ និងខុសច្បាប់មានចំនួនប៉ុន្មាន?»។
លោក រ៉ុង ឈុន បានថ្លែងថា មូលហេតុដែលលោកដាក់លិខិត សូមឲ្យក្រសួងមហាផ្ទៃ បញ្ចេញតួ លេខពិតប្រាកដនោះ ដោយសារតែពុំមានពលរដ្ឋកម្ពុជាណាម្នាក់ បានដឹងច្បាស់ទេ អំពីចំនួនប្រជាពលរដ្ឋខ្មែរខ្លួនឯង ក៏ដូចជាអន្តោប្រវេសន៍ស្របច្បាប់ និងខុសច្បាប់កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា៖«ទាំងរូបខ្ញុំ ក៏ដូចជាពលរដ្ឋផ្សេងទៀត ព្រមទាំងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាអ្នកនយោបាយនៅ ពេលដែលសួរអំពីចំនួនប្រជាជនខ្មែរបច្ចុប្បន្ន គឺគ្រាន់តែនិយាយថា ប្រហែលជាមានចំនួនពី ១៣ ទៅ ១៤ លាននាក់ប៉ុណ្ណោះ ពីព្រោះយើងអត់បានដឹងអំពីតួលេខផ្លូវការពិតប្រាកដ»។ លោកគិតថា ក្រសួងមហាផ្ទៃ នឹងឆ្លើយតបទៅនឹងសំណើរបស់លោក ពីព្រោះបញ្ហានេះ ពុំមែនជារឿងរសើប ឬក៏ជារឿងនយោបាយដែលត្រូវបិទបាំងនោះទេ ដូច្នេះក្រសួងមហាផ្ទៃ ត្រូវតែបង្ហាញជាសាធារណៈ។ លោកថ្លែងទៀតថា៖ «ប្រសិនបើក្រសួង មិនឆ្លើយតបនឹងធ្វើការបង្ហាញជាសាធារណៈនោះទេ គឺធ្វើឲ្យមានការមន្ទិលសង្ស័យថា តើក្រសួងមហាផ្ទៃ លួចបញ្ចូលជនអន្តោប្រវេសន៍ខុសច្បាប់មកកម្ពុជាប៉ុន្មាននាក់ ក្នុងមួយថ្ងៃៗ។ នេះគឺជាកំហុសរបស់អ្នកគ្រប់គ្រងប្រទេសហើយ ពីព្រោះពុំបានអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព »។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពុំអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
រីឯ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា នេះគឺជាសិទ្ធិរបស់លោករ៉ុង ឈុន ក្នុងការចង់ដឹង វាពុំមានអ្វីដែលខុសនោះទេ ហើយក្រសួងមហាផ្ទៃ មានតួលេខច្បាស់លាស់ ប៉ុន្តែតួលេខនោះ គេធ្វើទំនើបកម្មរយៈពេលពី៣ទៅ៤ឆ្នាំម្តង។
លោកថ្លែងថា ៖ «អ្វីដែលខ្ញុំដឹង និងពលរដ្ឋកម្ពុជាដឹង គឺតាមតែរយៈរបាយការណ៍ប៉ុណ្ណោះ ហើយច្បាប់ខ្មែរយើង ពុំបានចាប់បង្ខំថា មនុស្សដែលកើតមកត្រូវតែទៅចុះបញ្ជីឈ្មោះនោះដែរ ប៉ុន្តែអ្នកដែលទៅចុះបញ្ជីឈ្មោះ គឺមានប្រយោជន៍»។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវឯករាជ្យពីបញ្ហាសង្គម បានថ្លែងថា បញ្ហាការស្នើសុំឲ្យមានការបង្ហាញពីចំនួនជនអន្តោប្រវេសន៍ពិត ប្រាកដ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា វាមានការលំបាក ក្នុងការទទួលបាន ហើយក៏មានការលំបាកផងដែរ ក្នុងការរកស្ថាប័នឯករាជ្យពិតប្រាកដ ដើម្បីធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់លើបញ្ហានេះ ពីព្រោះបញ្ហានេះ មានជាប់ពាក់ព័ន្ធទៅនឹងបញ្ហានយោបាយ។ លោកមានប្រសាសន៍ថា៖ «មិនមែនមានតែក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាមួយទេ ដែលព្រួយបារម្ភរឿងអន្តោប្រវេសន៍នេះ គឺប្រជាពលរដ្ឋកម្ពុជាទាំងមូល និងមន្ត្រីរដ្ឋាភិបាលក៏ព្រួយបារម្ភផងដែរ ដោយសារតែពុំមានស្ថិតិច្បាស់លាស់ ហើយមិនដឹងថា តើស្ថាប័នណាមួយជាអ្នកដោះស្រាយបញ្ហានេះនោះទេ»៕
No comments:
Post a Comment
yes