សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 11, 2013

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បើក​យុទ្ធនាការ "ប្រតិទិន​យុត្តិធម៌​លោក ម៉ម សូណង់ដូ"

ប្រជាពលរដ្ឋ​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សវនាការ​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​
លោក ម៉ម សូណង់ដូ ខាង​ក្រៅ​ក្បែរ​សាលា​ឧទ្ធរណ៍ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រកាស​បើក​យុទ្ធនាការ "ប្រតិទិន​យុត្តិធម៌​លោក ម៉ម សូណង់ដូ" និង​ប្រកួត​រចនា​ប័ណ្ណ​ប៉ុស្តាល់ ឬ​ប័ណ្ណ​អនុស្សាវរីយ៍ ដើម្បី​ឧទ្ទិស​ដល់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ពន្ធនាគារ។
លោក ម៉ម សូណង់ដូ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ ចោទ​ពី​បទ​ញុះញង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល​នៅ​ខេត្ត​ក្រចេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី១០ ខែ​មករា របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​គម្រោង​យុទ្ធនាការ "ប្រតិទិន​យុត្តិធម៌​លោក ម៉ម សូណង់ដូ" និង​ការ​ប្រកួត​រចនា​ប័ណ្ណ​ប៉ុស្តាល់ ឬ​ប័ណ្ណ​មាន​រូប​សញ្ញា​អនុស្សាវរីយ៍​ក្នុង​គម្រប់ ៦​ខែ ឬ​រយៈពេល ១៨៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន។

កម្មវិធី​នេះ​ក៏​មាន​បំណង​ដាក់​សម្ពាធ​បន្ថែម​លើ​អាជ្ញាធរ ឲ្យ​ដោះ​លែង​រូប​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​វិញ។
លោក សួន ប៊ុនធឿន មន្ត្រី​សម្រប​សម្រួល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ប្រតិទិន​យុត្តិធម៌​លោក ម៉ម សូណង់ដូ មាន​គោល​បំណង​ទាក់​ទាញ​នូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ចំនួន​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ត្រូវ​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ លោក​បន្ត​ថា មជ្ឈមណ្ឌល​នឹង​ដាក់​បង្ហាញ​ប្រតិទិន​យុត្តិធម៌​នេះ​នៅ​មុខ​ការិយាល័យ​របស់​ខ្លួន ហើយ​រាប់​ចំនួន​ថ្ងៃ​ដែល​លោក សូណង់ដូ ត្រូវ​ចាប់​ខ្លួន និង​អំពាវនាវ​ឲ្យ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ដទៃ ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ។ ហើយ​ថា​យុទ្ធនាការ​នេះ ក៏​មាន​បើក​ប្រកួត​រចនា​ម៉ូដ​កាត់​ប៉ុស្ដាល់ ដើម្បី​បោះពុម្ព​ជា​កាត​ប៉ុស្ដាល់​សម្រាប់​ចែក​ជូន​សាធារណជន​គាំទ្រ​លោក ម៉ម សូណង់ដូ ថែម​ទៀត។
លោក សួន ប៊ុនធឿន៖ «ចង់​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទាក់​ទង​នឹង​ការ​ជាប់​ឃុំ​របស់​គាត់។ មក​ដល់​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៣ មាន​រយៈពេល ៦​ខែ ដែល​លោក ម៉ម សូណង់ដូ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ជាប់​ក្នុង​ពន្ធនាគារ។ ដូច្នេះ យើង​ផ្ដើម​គំនិត​ឲ្យ​មាន​ប្រតិទិន​យុត្តិធម៌​មួយ​សម្រាប់ ដើម្បី​រាប់​ការ​ជាប់​ពន្ធនាគារ​របស់​គាត់»
មាន​វ័យ ៧១​ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១២។ តុលាការ​បាន​ចោទ​រូប​លោក​ពី​បទ​ញុះញង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល តាម​រយៈ​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ភរិយា​លោក ម៉ម សូណង់ដូ អ្នកស្រី ឌិន ផាណារ៉ា មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​ស្វាមី​គាត់​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ និង​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ អ្នកស្រី​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​ស្វាមី​គាត់ ខាង​មន្ត្រី​ពន្ធនាគារ​បាន​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ ចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល ២​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ទេ។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ជុំវិញ​ករណី​លោក ម៉ម សូណង់ដូ បាន​ទេ​នៅ​ថ្ងៃ​ទី១០ ខែ​មករា។
សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០១២ បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់​ពន្ធនាគារ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ចោទ​ពី​បទ​ញុះញង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
រីឯ​អ្នក​ភូមិ ៣​នាក់​ដែល​កំពុង​គេច​ខ្លួន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ចោទ​ថា​ជា​មេខ្លោង​ដឹកនាំ​បង្កើត​តំបន់​អបគមន៍​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ មាន​ឈ្មោះ ប៊ុន រដ្ឋា ត្រូវ​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ។ រីឯ​លោក សុខ តុង និង​លោក ប៊ុន ឆយ ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ។ ជន​ជាប់​ចោទ​ទាំង ៣​នាក់ បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ និង​រដ្ឋាភិបាល ថា​បាន​បំផ្លើស​ការ​ពិត។
ការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាការ ២០​ឆ្នាំ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មាន​សហរដ្ឋ​អាមេរិក បារាំង និង​សហភាព​អឺរ៉ុប ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​សាលក្រម​របស់​តុលាការ និង​ចាត់​ទុក​សាលក្រម​នេះ​មិន​ឯករាជ។
ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់ ហើយ​ថា​រដ្ឋាភិបាល​មិន​បាន​ពាក់ព័ន្ធ​លើ​ឯករាជ​ភាព​របស់​តុលាការ​ក្នុង​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នេះ​ទេ៕

No comments:

Post a Comment

yes