ភ្នំពេញៈ សហជីពសេរីកម្មករ កាលពីម្សិលមិញ បានដាក់ពាក្យប្ដឹងប្រឆាំងនឹងនាយកក្រុមហ៊ុន Mfone Co., Ltd. ពីបទ«មិនគោរពច្បាប់ការងារ» ទៅកាន់នាយកដ្ឋានវិវាទការងារដើម្បីជួយ អន្តរាគមន៍ បន្ទាប់ពីបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុននេះ ចំនួន ២៥នាក់ មិនបានបើកប្រាក់ខែអស់រយៈពេលជាងពីរខែមក។
អ្នក ស្រី សំ ស្រីមុំ អគ្គលេខាធិការរងសហជីពសេរីកម្មករ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយពីមន្ត្រីនៃនាយកដ្ឋានដោះស្រាយវិវាទការងារ បានទទួលពាក្យបណ្ដឹងថា ក្រុមហ៊ុន Mfone Co., Ltd បានព្យួរការងារបុគ្គលិកដោយពុំផ្តល់ប្រាក់ខែឡើយ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១២មក។
អ្នកស្រីថ្លែងថា ៖«តាមការអះអាងរបស់បុគ្គលិកក្រុមហ៊ុននេះ យើងយល់ថា ក្រុមហ៊ុន Mfone Co., Ltd មានចេតនាចង់បញ្ឈប់បុគ្គលិកទាំងនោះ ដោយពុំផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ស្តីពីការងារ»។
កញ្ញា ឆាយ វិចិ្ឆកា បុគ្គលិកផ្នែកលក់នៃក្រុមហ៊ុន Mfone ដែលកំពុងមានបញ្ហាមួយនេះ បានឲ្យដឹងថា ក្រុមហ៊ុនបានឲ្យនាង និងបុគ្គលិកផ្នែកលក់ទាំងអស់ឈប់ដោយមិនបានកំណត់ពីកាលបរិច្ឆេទ ថ្ងៃចូលធ្វើការវិញឡើយ។
អ្នកស្រីបន្តថា៖«ក្រុមហ៊ុនឲ្យយើង ឈប់ដោយមិនឲ្យប្រាក់ខែ និង ដោយមិនកំណត់ពីកាលបរិច្ឆេទថ្ងៃចូលធ្វើការវិញទេ។ យើងខ្ញុំបារម្ភខ្លាចក្រុមហ៊ុនបញ្ឈប់ដោយមិនផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេង ៗ»។
លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ នៃក្រសួងការងារ ថ្លែងថាក្រុមមន្ត្រីជំនាញកំពុងពិនិត្យមើលខ្លឹមសារនៃបណ្ដឹង នោះ។ លោកថ្លែងថា៖ «ចំពោះចំណាត់ការលើពាក្យបណ្ដឹងយ៉ាងណានោះ គឺអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង»។
បុគ្គលិកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុននេះ កាលពីម្សិលមិញបានបដិសេធមិនធ្វើអធិប្បាយទាក់ទងទៅនឹងបញ្ហានេះទេ។
កាលពី ពេលថ្មីៗនេះ មេធាវីតំណាងឲ្យក្រុមហ៊ុន EL TEK VALERE PTE LTD របស់សិង្ហបុរីបានដាក់លិខិតផ្លូវការមួយស្ដីអំពីការអនុវត្តដីកា សម្រេចរក្សាការពារលេខ១៤ «ជ» ចុះថ្ងៃទី១៨ តុលា ២០១២ របស់សាលារាជធានីភ្នំពេញ ទៅស្ថានទូតថៃ និងក្រសួងពាណិជ្ជកម្មថៃដើម្បីសុំជួយធ្វើការហាមឃាត់ក្រុមហ៊ុន M-FONE កុំឲ្យលក់ទ្រព្យសម្បត្តិ ទៅឲ្យក្រុមហ៊ុនផ្សេងទៀត ព្រោះក្រុមហ៊ុននេះ បានជំពាក់លុយក្រុមហ៊ុន EL TEK VALERE PTE LTD ចំនួនជាង ៣,៧ លានដុល្លារ៕
No comments:
Post a Comment
yes