សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 20, 2013

អ្នក​ភូមិ​នៅ​រតនគិរី​ចោទ​ក្រុមហ៊ុន​សម្បទាន​ឈូស​រំលោភ​ព្រៃ​សហគមន៍

ព្រៃ រតនគិរី ៣០៥
គ្រឿងចក្រ​ក្រុមហ៊ុន ម៉ែន សារុន ឈូស​ឆាយ​ដី​ព្រៃ​នៅ​ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ
 ខេត្ត​រតនគិរី កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១២

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​នៅ​ខេត្ត​រតនគិរី បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ខ្មែរ-​វៀតណាម ថា បាន​រំលោភ​ឈូស​ឆាយ​ព្រៃ​ត្រៀម​បម្រុង​សហគមន៍ និង​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​តេន ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​មីនា ឆ្នាំ​២០១៣ អះអាង​ថា ក្រុមហ៊ុន គ្លបល ធិច រ៉ូមា ខ្មែរ​អន្តរជាតិ និង​មិត្តភាព ម៉ែន សារុន (Global Tech Sdn.,Bhd,Roma Khmer International and Men Sarun Friendship) ហៅ​កាត់​ថា ក្រុមហ៊ុន ៧២ បាន​ឈូស​ឆាយ​ព្រៃ​ត្រៀម​បម្រុង​សហគមន៍​អស់​ប្រមាណ ៣​ហិកតារ។
តំណាង​សហគមន៍​លោក សេវ ហេម មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ឈូស​ឆាយ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ ទី​១៩ កន្លង​ទៅ​នេះ ប៉ុន្តែ​ក្រុម​សហគមន៍ និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ បាន​នាំ​គ្នា​ទៅ​ទប់​ស្កាត់​គ្រឿងចក្រ​ក្រុមហ៊ុន​មិន​ឲ្យ​ឈូស​ឆាយ​បន្ត។

លោក​បន្ត​ថា នេះ​គឺ​ជា​លើក​ទី​២​ហើយ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៣ ដែល​គ្រឿងចក្រ​ក្រុមហ៊ុន​បាន​រំលោភ​ឈូស​ឆាយ​តំបន់​ព្រៃ​ឈើ​អភិរក្ស និង​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ៖ «គេ​ឈូស​ហ្នឹង​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​៣ ហ្នឹង។ ពួក​ខ្ញុំ​ទៅ​ទប់ គេ​ថយ មិន​ឲ្យ​ឈូស​រហូត ពីព្រោះ​សហគមន៍​ព្រៃ​ហ្នឹង​មាន​តែ​ម្ដុំ​ហ្នឹង។ ខ្ញុំ​រាយការណ៍​ដល់​ឃុំ​សហការ​ជាមួយ​ឃុំ​ហើយ​ស្រុក​គេ​ថា ឲ្យ​នាំ​សហគមន៍​ទៅ​ទប់​ទៅ។ ពី​ម្សិល​គេ​បន្ត​ឈូស​ទៀត»។
ក្រុមហ៊ុន ម៉ែន សារុន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ២​ម៉ឺន​ហិកតារ នៅ​ស្រុក​អូរយ៉ាដាវ តាំង​ពី​ឆ្នាំ​១៩៩៩ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ ក្រុម​ការងារ​រាជរដ្ឋាភិបាល​បាន​កាត់​ចេញ​ផ្ទៃ​ដី ៣​ពាន់​ហិកតារ​វិញ សំរាប់​កិច្ចសន្យា​វិនិយោគ ៧០​ឆ្នាំ ដាំ​ដូង​ប្រេង កាហ្វេ និង​ដំណាំ​ផ្សេង​ទៀត។
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ស្វែង​រក​អាសយដ្ឋាន ឬ​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន បំភ្លឺ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​ទេ​នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​មីនា។
យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​អូរយ៉ាដាវ លោក ដក ស មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​នេះ​ពិត​ជា​បាន​ឈូស​ឆាយ​ទៅ​លើ​តំបន់​ព្រៃ​បម្រុង​សហគមន៍​មែន។ លោក​បន្ត​ថា សូម្បី​តែ​ដី​ស្រែ​ប្រជាពលរដ្ឋ​ក៏​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដែរ។ ករណី​នេះ លោក​កំពុង​ស្រង់​តួលេខ​ពី​ផ្ទៃ​ដី​ដែល​ក្រុមហ៊ុន​បាន​រំលោភ​យក​ដើម្បី​សុំ​គោលការណ៍​ដក​ហូត​ប្រគល់​មក​អ្នក​ភូមិ​វិញ។
លោក ដក ស៖ «ខ្ញុំ​ឲ្យ​គេ​ទៅ​ឃាត់​ម្សិលមិញ​ហើយ​តើ! ព្រឹកមិញ​ហ្នឹង​ខ្ញុំ​ឈ្លោះ​ជាមួយ​ខាង ម៉ែន សារុន ណា! មេការ​ខាង ម៉ែន សារុន ល្ងាច​មិញ​មក​ស្ដី​ខ្ញុំ​ថា ម៉េច​អភិបាល​ស្រុក​ស្អី​ហ៊ាន​ឃាត់​អាត្រាក់​គេ? ខ្ញុំ​ថា ខ្ញុំ​មិន​អាច​ឲ្យ​ឈូស​ផ្ដេសផ្ដាស​បាន​ទេ»។
អ្នក​ឃ្លាំមើល​បញ្ហា​ដីធ្លី និង​ព្រៃ​ឈើ សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បាន​កត់​សម្គាល់​ថា ក្រុមហ៊ុន ម៉ែន សារុន ឬ​ក្រុមហ៊ុន ៧២ កន្លង​ទៅ​នេះ​ត្រូវ​បាន​ប្រជា​សហគមន៍​ភូមិ​ឡុំ អះអាង​ថា បាន​រំលោភ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ និង​រំលោភ​លើ​ដី​ចម្ការ​ប្រជាពលរដ្ឋ​ទៀត​ផង។
លោក​អំពាវនាវ​ឲ្យ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស៊ើប​អង្កេត​ករណី​ទាំង​អស់​នេះ៖ «តែ​បើ​ឈូស​ឆាយ​ប៉ះពាល់​ដី​ព្រៃ​ស្រោង ឬ​ព្រៃ​សហគមន៍ គឺ​យើង​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជំនាញ​ចាត់​វិធានការ​ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​កុងត្រា​ជាមួយ​រដ្ឋាភិបាល​ស្ដីពី​កាត់​ផល​ប៉ះពាល់ ស្ដីពី​ការ​ហាម​ឃាត់​មិន​ឲ្យ​ឈូស​ឆាយ​ព្រៃ​ស្រោង ឬ​ព្រៃ​សហគមន៍»។
នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភិន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ស្ដីពី​ករណី​នេះ​ទេ។ លោក​អះអាង​ថា នឹង​ស៊ើប​អង្កេត​ករណី​នេះ។
របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចម្រុះ ម៉ែន សារុន បាន​ឈូស​ឆាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ និង​ចម្ការ ០៧​ហិកតារ របស់​ពលរដ្ឋ ០៦​គ្រួសារ ដី​ព្រៃ​ការពារ​ព្រៃ​អារក្ស ព្រៃ​ស្រោង​មាន​ទំហំ​ប្រវែង ២​គីឡូម៉ែត្រ ជំរៅ ១​គីឡូម៉ែត្រ​កន្លះ ស្ថិត​នៅ​ចំណុច​វាលមិល ព័ទ្ធ​ជុំវិញ​អូរក្រម៉ា ក្នុង​ឃុំ​យ៉ាទុង៕

No comments:

Post a Comment

yes