លោក ប្រែដ អាដាម (Brad Adams) នាយកអង្គការយូមិនរ៉ៃវ៉ាច់
(Human Rights Watch) ខាងអាស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ចំពោះអ្នកដែលហ៊ានរិះគន់លោក ទាក់ទងនឹងរឿងនយោបាយ រឿងក្ដោបក្ដាប់អំណាចដ៏យូរឆ្នាំរបស់លោក និងរឿងផ្សេងៗទៀត។ នៅថ្ងៃទី១៩ មីនា នេះ លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាថ្មីទៀតចំពោះប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធនឹងការស្លាប់របស់លោក អៀង សារី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានលោក ប្រែដ អាដាម (Brad Adams) ដែលចោទថា លោកជាអ្នកបន្ទច់បង្អាក់ចំពោះដំណើរការកាត់ទោសអតីតអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមនោះ។
លោក ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកលោកព្រួយបារម្ភចំពោះនីតិវិធីយឺតយ៉ាវរបស់សាលាក្ដី ដោយសារតែបញ្ហាខ្វះថវិកា និងបញ្ហាជនជាប់ចោទចាស់ជរា ហើយលោកក៏ចង់ឲ្យសាលាក្ដីនេះពន្លឿននីតិវិធីរបស់ខ្លួនដែរ។ លោកមិនចង់ឲ្យពន្យារការកាត់ទោសទេ តែបែរជារងការចោទប្រកាន់ទៅវិញ។
ការថ្លែងបញ្ចេញប្រតិកម្មបែបនេះ គឺឆ្លើយតបទៅនឹងប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រែត អាដាម បានចេញសេចក្ដីប្រកាសព័ត៌មានមួយភ្លាមៗ បន្ទាប់ពីលោក អៀង សារី ជាជនសង្ស័យមួយរូបក្នុងចំណោមជនសង្ស័យពីររួបទៀតក្នុងសំណុំរឿងលេខ០០២ បានស្លាប់កាលពីថ្ងៃទី១៤ មីនា។
លោក ប្រែត អាដាម មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លោកថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវចម្បងសម្រាប់ការមិនផ្ដល់ភាពយុត្តិធម៌ចំពោះជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មរបស់ អៀង សារី នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៖ «សព្វថ្ងៃនេះ សហចៅក្រមជាតិ សហព្រះរាជអាជ្ញាជាតិ បានរារាំងចំពោះការចាប់ខ្លួនជនសង្ស័យ ៥នាក់ផ្សេងទៀត ជាជនសង្ស័យឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានកត់ឈ្មោះរួចហើយនោះបានជោគជ័យ។ ហើយកាលពីឆ្នាំ២០០៩ លោក ហ៊ុន សែន ក៏បានប្រកាសមិនឲ្យគេចាប់ខ្លួនជនសង្ស័យទាំង ៥នាក់នោះទេ បើសិនជាចាប់ខ្លួននោះ លោកសុខចិត្តឲ្យសាលាក្ដីនេះបរាជ័យ»។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានអះអាងថា ការចោទប្រកាន់ណាមួយពីសហគមន៍អន្តរជាតិនោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋានគ្រឹះច្បាស់លាស់។ លោកបញ្ជាក់ថា គេគួរទុកឲ្យសហចៅក្រម និងសហព្រះរាជអាជ្ញាធ្វើកិច្ចការនេះឲ្យបានច្បាស់លាស់។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា សព្វថ្ងៃនេះអង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងបើកសវនាការនៅថ្ងៃទី២៥ មីនា ដើម្បីធ្វើការវាយតម្លៃស្ថានភាពសុខភាពលោក នួន ជា និងត្រៀមចេញសេចក្ដីសម្រេចចំពោះផលវិបាកនៃអង្គជំនុំជម្រះលើកិច្ចបំបែកនីតិវិធីរបស់តុលាការ។
ទោះជាយ៉ាងណាក៏ដោយ លោក ប្រែដ អាដាម បានសម្ដែងពីក្ដីព្រួយបារម្ភថា អស់រយៈពេល ៦ឆ្នាំមកហើយ សាលាក្ដីខ្មែរក្រហមបានកាត់ទោសមេដឹកនាំខ្មែរក្រហមបានតែម្នាក់ទេ គឺ ឌុច ហើយឥឡូវនេះ បន្ទាប់ពី អៀង សារី ស្លាប់ នៅសល់តែជនសង្ស័យពីរនាក់ទេ នៅក្នុងសំណុំរឿង ០០២ គឺប្រធានសភាប្រជាជន លោក នួន ជា និងជានាយករដ្ឋមន្ត្រីស្ដីទី និងលោកប្រមុខរដ្ឋ ខៀវ សំផន និងជាប្រធានគណៈប្រធានរដ្ឋ ហើយអ្នកទាំងពីរក៏មានវ័យចំណាស់ជរាទៀត៕
No comments:
Post a Comment
yes