
នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ អ្នកភូមិមានវិបត្តិដីធ្លីដ៏រ៉ាំរ៉ៃបន្តជួបជុំគ្នាធ្វើបាតុកម្មរយៈពេលជាង ៥ម៉ោងជំរុញឲ្យមន្ត្រីបក្សកាន់អំណាចអនុវត្តតួនាទីរបស់ខ្លួន ដែលមានភារកិច្ចបម្រើប្រជាពលរដ្ឋ។ ខ្លឹមសារដែលពលរដ្ឋចង់បាន គឺទាមទារអាជ្ញាធរផ្ដល់ដីទំហំជាង ១២ហិកតារឲ្យអ្នកភូមិបឹងកក់ តាមអនុក្រឹត្យលេខ ១៨៣ របស់រាជរដ្ឋាភិបាល និងសាងសង់អគារឲ្យគ្រប់ចំនួន ១០ខ្នងឲ្យអ្នកភូមិបុរីកីឡា តាមការសន្យារបស់លោក កែប ជុតិមា។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ប្រកាសថា អ្នកភូមិទៅតវ៉ាមុខបក្សកាន់អំណាច ព្រោះតែគណបក្សនេះមិនបានដោះស្រាយសំណូមពររបស់ពួកគាត់ ដែលធ្លាប់ស្នើសុំជាច្រើនដងច្រើនសា។ អ្នកស្រីបន្តថា គណបក្សប្រជាជនត្រូវតែមានការទទួលខុសត្រូវរាល់ទង្វើរបស់មន្ត្រីខ្លួនដែលរំលោភបំពានដីធ្លីពលរដ្ឋ។
អ្នកស្រីបញ្ជាក់ថា លោកអភិបាលក្រុង កែប ជុតិមា និងសមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន រួមគ្នាបញ្ជាឲ្យគេឈូសឆាយបូមពន្លិចផ្ទះអ្នកភូមិ៖«រហូតមកទល់ពេលនេះគណបក្សប្រជាជនមិនមានការទទួលខុសត្រូវចាត់វិធានការចំពោះមន្ត្រីទាំងពីរនាក់ហ្នឹងទេ បែរជាធ្វើឲ្យពួកយើងរងទុក្ខ ប្រជាពលរដ្ឋរកគណបក្សឲ្យជួយតែបក្សបែរជាបិទទ្វារ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធាននាយកដ្ឋានគ្រប់គ្រងទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលចេញមកជួបពលរដ្ឋ លោក សំរិទ្ធ សារុន មានប្រសាសន៍ថា គណបក្សប្រជាជនក៏មិនមានគោលនយោបាយធ្វើបាបរាស្ត្រទេ ប៉ុន្តែបើបុគ្គលណារំលោភបំពានលើពលរដ្ឋ បុគ្គលនោះជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។
លោកបញ្ជាក់ថា គណបក្សប្រជាជនបានបញ្ជូនញត្តិទៅរាជរដ្ឋាភិបាលឲ្យជ្រាបពីបញ្ហានេះរួចហើយ៖ «សុំបងប្អូនទៅដោះស្រាយនៅខុទ្ទកាល័យរបស់សម្ដេចទាំងបី គណបក្សប្រជាជនមិនមានសិទ្ធិដោះស្រាយអីទាំងអស់ គណបក្សប្រជាជនមិនឲ្យប៉ះពាល់អ្វីដល់ប្រជាជនទេ»។
ទោះយ៉ាងណាក្តី ប្រធានផ្នែកបច្ចេកទេសអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការជ្រើសរើសយកទីតាំងទីស្នាក់ការគណបក្សប្រជាជនដើម្បីតវ៉ាជាប្រការសមហេតុផលបំផុត ព្រោះថា គណបក្សកាន់អំណាចមានតួនាទីដោះស្រាយបញ្ហានេះ៖ «គ្រាន់តែមន្ត្រីដែលអនុវត្តហ្នឹងគាត់មិនអនុវត្តតាមអនុក្រឹត្យហ្នឹង គួរណាស់សម្តេចនាយករដ្ឋមន្ត្រីហ្នឹងគាត់គិតគូរបញ្ជូនក្រុមនិស្សិតវាស់ដីឲ្យគាត់»។
អាជ្ញាធរក្រុងភ្នំពេញ បានដាក់ពង្រាយក្រុមសមត្ថកិច្ចប្រហែលជាង ២០០នាក់ មកពីគ្រប់ស្ថាប័ន ដូចជាអង្គភាពស៊ើបការណ៍ អាវុធហត្ថ កម្លាំងប្រឆាំងបាតុកម្ម កូដកម្ម ប៉ូលិសចរាចរណ៍ ប្រដាប់ដោយរនាំងឃាំងផ្លូវ ដំបង និងខែលក្នុងដៃ។ ពលរដ្ឋនិងសមត្ថកិច្ចបានប៉ះទង្គិចគ្នាដោយពាក្យសម្ដីខ្លាំងៗ ប៉ុន្តែមិនមានអំពើហិង្សាកើតឡើងទេ។
ក្នុងបំណងចូលជួបលោក ហ៊ុន សែន ស្ត្រីបឹងកក់ម្នាក់ ឈ្មោះ ឯក ច័ន្ទរស្មី ត្រូវសន្លប់បន្ទាប់ពីលូនក្រោមរនាំងបាំងផ្លូវរបស់សមត្ថកិច្ច។ ទោះបីជាពលរដ្ឋសន្លប់ក្ដី សមត្ថកិច្ចជាង ១០០នាក់នៅក្បែរនោះ មិនហ៊ានបែរខ្នងមើល ឬជួយសង្គ្រោះនោះឡើយ។ សមត្ថកិច្ចខ្លះប្រាប់ថា បើគាត់ទៅចូលមើលអ្នកភូមិ មេកើយគាត់នឹងបន្ទោស។
អ្នកស្រី ឯក ច័ន្ទរស្មី ត្រូវបានសង្គមស៊ីវិល និងអ្នកភូមិទូរស័ព្ទហៅឡានពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អ្នកភូមិប្រាប់ថា ស្ត្រីម្នាក់នេះសន្លប់ដោយសារខ្សោយបេះដូង ហើយគាត់តូចចិត្តដែលសមត្ថកិច្ចរារាំងគាត់មិនឲ្យចូលជួបនាយករដ្ឋមន្ត្រី។ ក្នុងការតវ៉ានោះ ពលរដ្ឋបំបែកគ្នាជាប្រាំផ្លូវ ដើម្បីទៅឲ្យដល់ជិតរបងផ្ទះលោក ហ៊ុន សែន តែពួកគាត់ក៏ត្រូវសមត្ថកិច្ច និងកងសណ្ដាប់ធ្នាប់សែងចេញមិនឲ្យនៅកៀកផ្ទះនាយករដ្ឋមន្ត្រីឡើយ។
កាលពីសប្ដាហ៍មុន អ្នកភូមិបានតវ៉ាបែបនេះម្ដងហើយ និងថែមទាំងលើកគ្នាទៅខាងមុខតុលាការក្រុង ដើម្បីប្រារព្ធពិធីបែបសាសនា ដោយដុតមនុស្សក្រដាសដែលតំណាងឲ្យតុលាការពុករលួយទៀតផង៕
No comments:
Post a Comment
yes