សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 29, 2013

គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង

មនុស្ស​ចាស់ ៣០៥
មនុស្ស​ចាស់​នៅ​ក្នុង​ភូមិ​មួយ​នា​ខេត្ត​កំពង់ស្ពឺ ជូន​អីវ៉ាន់​ដល់​គ្នា។ រូប​ឯកសារ

មនុស្ស​ចាស់​បច្ចុប្បន្ន​មាន​វាសនា​មិន​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​ចាស់​ទៅ​មាន​សំណាង​ដោយ​មាន​កូន​ចៅ​ចិញ្ចឹម​បីបាច់​ថែ​រក្សា អ្នក​ខ្លះ​ទៀត ចាស់​ទៅ​អភព្វ ត្រូវ​រក​ស៊ី​ចិញ្ចឹម​ខ្លួន​ដោយ​ខ្លួន​ឯង មិន​តែ​ប៉ុណ្ណោះ​ត្រូវ​ចិញ្ចឹម​កូន​ចៅ ឬ​រហូត​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន​ទៀត​ផង។

នៅ​ក្នុង​សង្គម​ជឿនលឿន រដ្ឋាភិបាល​មាន​គោលការណ៍​ឧបត្ថម្ភ​គាំទ្រ​មនុស្ស​ចាស់​ជរា ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ទាំង​មុន​និង​បច្ចុប្បន្ន មិន​ដែល​មាន​គោលការណ៍​នយោបាយ​ចិញ្ចឹម​មនុស្ស​ចាស់​ទេ។
តើ​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បាន​រៀបចំ​គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់​បែប​ណា​ខ្លះ បើ​សិន​ជា​ជាប់​ឆ្នោត​នៅ​អាណត្តិ​ខាង​មុខ?
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​គោលនយោបាយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ៤​ម៉ឺន​រៀល​ទៅ​ដល់​មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង​ទៅ បើ​សិន​ជា​ជាប់​ឆ្នោត។ គោលនយោបាយ​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា លោក​នឹង​ដឹកនាំ​បាតុកម្ម​ទាមទារ​ប្រាក់ខែ​មនុស្ស​ចាស់​នេះ បើ​សិន​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត។ លោក ហ៊ុន សែន បាន​ប្រកាស​ថា គណបក្ស​កាន់​អំណាច​រៀបចំ​គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់​តាំង​ពី​ជាង ៣០​ឆ្នាំ​មុន​មក​ម្ល៉េះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​មិន​មាន​គោលនយោបាយ​ថ្មី​សម្រាប់​មនុស្ស​ចាស់​ទេ។ តែ​គណបក្ស​នេះ​បាន​គិតគូរ​ចំពោះ​មនុស្ស​ចាស់​រួច​ទៅ​ហើយ ដូចជា ការ​សាងសង់​វត្តអារាម​ជា​ទី​ជម្រក​សម្រាប់​មនុស្ស​ចាស់​គ្មាន​ទីពឹង និង​កសាង​ទី​បច្ឆា​សម្រាប់​បូជា​សព​ពេល​ដែល​មនុស្ស​ចាស់​ស្លាប់​ទៅ​ជាដើម។
លោក​បន្ត​ថា វត្តអារាម​ទាំង​ជាង ៤​ពាន់​នៅ​ទូទាំង​ប្រទេស សុទ្ធ​តែ​រីក​ដុះដាល​ក្រោម​ស្នាដៃ​កសាង​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​១៩៧៩ មក​ទល់​ពេល​នេះ គណបក្ស​ប្រជាជន​បាន​ជួយ​មនុស្ស​ចាស់​រាប់​លាន​នាក់​តាម​រយៈ​ការ​សាងសង់​វត្តអារាម ហើយ​នេះ​មិន​មែន​ជា​ការ​ចៃដន្យ​ទេ តែ​ជា​នយោបាយ​ច្បាស់លាស់។
លោក ហ៊ុន សែន៖ «ខ្លះ​គេ​លើក​ពី​គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់ អ៊ីចេះ​អ៊ីចុះ។ ការ​សន្យា​ខ្យល់​ជា​រឿង​មួយ ប៉ុន្តែ​រឿង​ពិត​បាន​កើត​ឡើង​រយៈពេល​ជាង ៣៤​ឆ្នាំ​មក​ហើយ លោក​យាយ​លោក​តា​ចាស់ៗ​ដែល​គ្មាន​ទីពឹង​ទៅ​រស់​នៅ​ណា​បើ​គ្មាន​កូន​ចៅ​នោះ? សូម​កុំ​ភ្លេច​ថា នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​មនុស្ស​ចាស់​របស់​គណបក្ស​ប្រជាជន​បាន​ធ្វើ កំពុង​ធ្វើ និង​បន្ត​ធ្វើ។ សូម្បី​កសាង​បច្ឆា​ក៏​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់​ដែរ»
ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​គោលនយោបាយ​សង់​វត្ត និង​បច្ឆា​សម្រាប់​មនុស្ស​ចាស់​របស់​គណបក្ស​កាន់​អំណាច​ឡើយ។ប៉ុន្តែ​លោក​ប្រាប់​ថា គណបក្ស​ប្រឆាំង​មាន​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ និង​តប​ស្នង​សង​គុណ​ចំពោះ​មនុស្ស​ចាស់។ លោក​បន្ត​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត គណបក្ស​នេះ​នឹង​រៀបចំ​ច្បាប់​មួយ​ដែល​ចែង​ថា រដ្ឋ​មាន​កាតព្វកិច្ច​បង់​ប្រាក់​ឧបត្ថម្ភ​ជូន​មនុស្ស​ចាស់​ដែល​មាន​អាយុ ៦៥​ឆ្នាំ​ឡើង​ទៅ យ៉ាង​តិច​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​១​ខែ ដើម្បី​រួម​ចំណែក​ជួយ​ផ្គត់ផ្គង់​ជីវភាព​ពួកគាត់។
លោក យឹម សុវណ្ណ៖ «បញ្ហា​ភាព​ក្រីក្រ សុខភាព​ទ្រុឌទ្រោម គ្មាន​ការ​ថែទាំ អត់​មាន​ការ​ឧបត្ថម្ភ​អ្វី​ទាំង​អស់ រហូត​ទៅ​ដល់​ការ​ព្យាបាល​ជំងឺ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ទី​១​ដែល​ឧបត្ថម្ភ​សង្គមកិច្ច​ដល់​មនុស្ស​ចាស់។ យើង​យក​ថវិកា​តែ​ពាក់​កណ្ដាល​នៃ​ថវិកា​ដែល​យើង​ប្រមូល​បាន​ពី​ការ​ទស្សនា​អង្គរ​វត្ត​ហ្នឹង ក៏​គ្រប់គ្រាន់​ពេក​ណាស់​ទៅ​ហើយ»
លោក​បញ្ជាក់​ថា កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ និង​ចិញ្ចឹម​បីបាច់​ថែ​រក្សា​មនុស្ស​ចាស់ បើ​សិន​ណា​ជា​ពង្រឹង​នីតិរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ។
តាម​ទិន្នន័យ​ជំរឿន​ឆ្នាំ​២០០៨ បង្ហាញ​ថា មនុស្ស​ចាស់​នៅ​កម្ពុជា អាយុ​ចាប់​ពី ៦៥​ឆ្នាំ មាន​ចំនួន​ជិត ១​លាន​នាក់។ អត្រា​ភាព​ក្រីក្រ​មាន​ជាង ៥០% ហើយ​ភាគ​ច្រើន​គ្រួសារ​ពលរដ្ឋ​ទាំង​នោះ​មាន​មនុស្ស​ចាស់​នៅ​ក្នុង​បន្ទុក។ អ្នក​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា ចាស់ៗ​នៅ​តាម​ជនបទ​ភាគ​ច្រើន​មិន​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ហើយ​មួយ​ចំនួន​ធំ​មាន​ភារកិច្ច​មើល​ចៅៗ ឲ្យ​កូន ដើម្បី​ឲ្យ​កូន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង។
ទាក់ទង​នឹង​គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់​នេះ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គោលនយោបាយ​សាងសង់​វត្តអារាម ធ្វើ​បុណ្យ​ទាន​របស់​បក្ស​កាន់​អំណាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើ​ទាន​សម្លឹង​ផល។ សង់​វត្ត​ឲ្យ​គេ​ដឹង​គុណ ឆ្លុះ​បញ្ចាំង​ពី​ការ​ចង់​បាន​សន្លឹក​ឆ្នោត និង​ការ​គាំទ្រ។ លោក​បន្ត​ថា បក្ស​ប្រឆាំង​វិញ​មាន​គោលនយោបាយ​មួយ​បញ្ជាក់​ថា មនុស្ស​ចាស់​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សង្គម​ជាតិ ផ្ទុយ​ពី​ការ​រង់ចាំ​ទទួល​ទាន​ដែល​គេ​ដាក់​ឲ្យ។
លោក​បញ្ជាក់​ថា នៅ​ប្រទេស​ជឿនលឿន​រដ្ឋ​មាន​ភារកិច្ច​ធានា​នូវ​ការ​រស់រាន​របស់​មនុស្ស​ចាស់​ឲ្យ​ប្រសើរ តាម​រយៈ​ការ​កាត់​ប្រាក់​ខែ​សន្សំ​ទុក​សម្រាប់​សោធន​និវត្តន៍ និង​ការ​ឧបត្ថម្ភ​បន្ថែម​សង្គមកិច្ច​ជាដើម៖ «ដូច​យើង​ធ្វើ​ការ​ឲ្យ​គេ​អ៊ីចឹង យើង​មាន​សិទ្ធិ​បើក​ប្រាក់​ខែ មិន​មែន​ប្រាក់​ខែ​ហ្នឹង​សុំ​ទាន​គេ​ទេ ហើយ​ចាស់​ជរា​ហ្នឹង​គាត់​បាន​ធ្វើ​ការ​ជួយ​សង្គម​ជាតិ​កាល​ពី​គាត់​នៅ​សកម្ម​ហ្នឹង គាត់​ត្រូវ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ជា​ប្រាក់​សោធន​និវត្តន៍​ហ្នឹង​វិញ។ ត្រូវ​តែ​មាន​ស្ថាប័ន មាន​យន្តការ មាន​ច្បាប់​ទម្លាប់»។
ទន្ទឹម​នឹង​នេះ អ្នក​ស្រាវជ្រាវ​សង្គម​ឯករាជ្យ លោក​បណ្ឌិត កែម ឡី ពន្យល់​ថា កម្ពុជា​អាច​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មនុស្ស​ចាស់​បាន​យ៉ាង​ទូលំទូលាយ តាម​រយៈ​ការ​ពង្រីក​សេវា​របស់​បេឡា​ជាតិ របប​សន្តិសុខ​សង្គម។ ប៉ុន្តែ​បើ​សិន​ជា​សង្ឃឹម​លើ​វត្ត​អារាម នោះ​មិន​អាច​ទៅ​រួច​ទេ។
លោក​បន្ត​ថា វត្តអារាម​បង្កើត​ឡើង​មិន​មែន​សំដៅ​ធ្វើ​ការងារ​សង្គមកិច្ច​ជា​ចម្បង​ឡើយ តែ​វត្ត​ជា​ទីតាំង​ប្រារព្ធ​ពិធី​សាសនា ហើយ​វត្តអារាម​នៅ​តាម​ជនបទ​មួយ​ចំនួន សូម្បី​តែ​ព្រះសង្ឃ​ក៏​រក​ចង្ហាន់​ឆ្ងាញ់​មិន​គ្រប់​ផង។ លោក​បញ្ជាក់​ថា គណបក្ស​ឈ្នះ​ឆ្នោត គួរ​តែ​រៀបចំ​គោលនយោបាយ​ឲ្យ​បាន​សមស្រប​បំផុត​សម្រាប់​មនុស្ស​ចាស់ ជៀសវាង​ឲ្យ​មនុស្ស​ចាស់​រស់​នៅ​តាម​ការ​ដាក់​ទាន​តទៅ​ទៀត។
លោក កែម ឡី៖ «យើង​ឃើញ​វត្តអារាម​មួយ​ចំនួន​សំបូរ​ហូប​តែ​ពេល​បុណ្យ​ទេ ខែ​អត់​បុណ្យ​ហ្នឹង​លំបាក​មែន​ទែន អត់​មាន​ឧបាសក​ឧបាសិកា​យក​ចង្ហាន់​ទៅ​វត្ត​ទេ។ ខ្ញុំ​ទៅ​វត្ត​ពីរ​ឃើញ​វេទនា​មែន​ទែន ហូប​ត្រកួន​ហូប​អី សូម្បី​តែ​លោក​ហ្នឹង​អត់​មាន​អី​ឆាន់​ផង​ពេល​អត់​មាន​បុណ្យ​ទាន ចុះ​បើ​សិន​ជា​ឲ្យ​យាយ​តា​មួយ​ភូមិៗ​ទៅ​នៅ​ក្នុង​វត្ត​ហ្នឹង​ទៀត​ម៉េច​ទៅ? ហ្នឹង​ជា​គោលនយោបាយ​ចៃដន្យ​មួយ​ដែល​យាយ​តា​ទៅ​បាន​ហូប​ក៏​បាន​ទៅ បើ​មិន​បាន​ហូប​ត្រឡប់​មក​វិញ​ទៅ បើ​សិន​ជា​អត់​ហ្នឹង​ត្រូវ​ត្រឡប់​មក​វិញ​ហើយ បើ​សិន​ជា​គាត់​រៀបចំ​បេឡា​ជាតិ​សន្តិសុខ​សង្គម គ្រប​ដណ្ដប់​ទៅ​លើ​មនុស្ស​ចាស់​នោះ បាន​ផល​តែម្តង»
សង្គម​ស៊ីវិល​រក​ឃើញ​ថា មនុស្ស​ចាស់​មួយ​ចំនួន​គ្មាន​ទី​ពឹង មិន​អាច​ទៅ​រស់​នៅ​ទី​វត្តអារាម​បាន​ទេ ហើយ​វត្តអារាម​ខ្លះ​ដែល​មាន​ព្រះសង្ឃ មាន​បុណ្យ​សក្ដិ​ធំៗ រឹតតែ​មិន​អនុញ្ញាត​ឲ្យ​ចាស់ៗ ដែល​គ្មាន​ទី​ពឹង​នៅ​បម្រើ​សង្ឃ​ទៀត។ ចំពោះ​មន្ត្រី​ចាស់ៗ​ដែល​ចូល​និវត្តន៍​វិញ ប្រាក់​សោធន​និវត្តន៍​ដែល​ពួក​គាត់​ទទួល​បាន​នោះ ក៏​មិន​គ្រប់​ចំណាយ​ប្រចាំ​ថ្ងៃ​ដែរ ហើយ​ការ​បើក​ប្រាក់​សោធន​និវត្តន៍​នោះ ក៏​យឺតយ៉ាវ ឬ​ស្ថិត​ក្រោម​ឥទ្ធិពល​អំពើ​ពុករលួយ​ទៀត​ផង៕

No comments:

Post a Comment

yes