អ្នកស្រីង៉ែត ឃុន ដែលត្រូវនគរបាលវាយដំជាញឹកញាប់
អ្នក ស្រីង៉ែត ឃុន អ្នកស្រីយ៉ោមបុប្ផា និងលោក ឈូក បណ្ឌិតមនុស្សទាំងបីនាក់នេះ គឺជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកខ្មែរ ក្រោមអភិបាលកិច្ច នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ហ៊ុនសែន។
តាំងពីដើមរៀងមក ស្ត្រីជរាម្នាក់ ដែលមានឈ្មោះង៉ែត ឃុន អាយុជាង៧០ឆ្នាំទៅហើយនោះ តែងតែខិតខំចេញមុខតស៊ូ ធ្វើការតវ៉ា ទាមទាររកយុត្តិធម៌ ជាមួយអស់ទាំងស្រ្តីដទៃទៀតនៅម្តុំបឹងកក់ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ដោយសារតែពួកគាត់ត្រូវបានទទួលការបៀតបៀនក្នុងជីវិតរស់នៅពីសំណាក់មនុស្សខ្លាំង តែចិត្តមិនសឿង ហើយក៏មិនមែនជាមនុស្សខ្លាំងពិតប្រាកដនោះទេ។ ពួកគេខ្លាំងដៃទៅលើតែស្ត្រីភេទខ្មែរដែលទន់ខ្សោយ ដៃទទេតែប៉ុណ្ណោះ។ជាពួកមនុស្សខ្លាំងតែឈរពួនពីក្រោយខ្នងពួកជនប្រដាប់អាវុធ ហើយក៏ពុំមានការខ្មាសអៀនក្នុងសតិសម្បជញ្ញៈរបស់ខ្លួនសោះឡើយ ក្នុងការធ្វើព្រងើយកន្តើយ ចំពោះទុក្ខសោកនិងទារុណកម្មទាំងផ្លូវចិត្តទាំងផ្លូវកាយដែលខ្លួនបានបង្កើតឲ្យមានទុក្ខសោកដល់ជីវិតរស់នៅរបស់មនុស្សមួយចំនួនធំ នៅម្តុំបឹងកក់និងបុរីកីឡា។
តើពួកមនុស្សខ្លាំងដែលចិត្តមិនសឿងទាំងនោះជានរណា? គឺជារដ្ឋាភិបាលនិងអស់ទាំងមនុស្សពាក់ព័ន្ធ ក្នុងរឿងបង្កទុក្ខសោក ក្នុងជីវិតរាស្ត្រខ្មែរក្នុងករណីនេះ។
ខ្ញុំនៅនឹកឃើញជានិច្ចរូបថតមួយសន្លឹក ដែលគេថតបានហើយចុះផ្សាយ ក្នុងសារព័ត៌មានគឺជារូបថតអ្នកស្រីង៉ែត ឃុនដែលនគរបាលវ័យក្មេងចិត្តសាមាន្យវាយគាត់បែកក្បាលហូរឈាមក្នុងគ្រាបាតុកម្មតវ៉ាមួយ។ គាត់យកដៃទ្រក្បាល ដែលរបួសហូរឈាមរហាមហើយគាត់យំ...គាត់យំដោយក្តីឈឺចាប់ និងដោយចិត្តសង្វេគកណ្តោចកណ្តែង...ប្រហែលជាគាត់មិននឹកស្មានដល់ទេថា គ្មាននរណានឹងហ៊ានលើកដៃ វាយគាត់ដូច្នោះឡើយ។ ទឹកភ្នែកគាត់ហូរ ហើយឈាមក៏ហូរចេញពីមុខរបួស ក្បែរបន្ទូលក្បាលរបស់គាត់។ ខ្ញុំនឹកអនិច្ចាក្នុងចិត្ត អាណិតអាសូរគាត់ជាពន់ពេក។ គាត់មានភ្នែកស្រវាំងល្អក់ ដែលមើលទៅដូចភ្នែកម្តាយរបស់ខ្ញុំដែលបានចែកឋាន យូរយារទៅហើយនោះដែលរូបភាពនេះ ធ្វើឲ្យខ្ញុំរំជួលចិត្តកាន់តែខ្លាំង។
ខ្ញុំគិតថា សម្តេចតេជោហ៊ុនសែន គួរតែមានដួងវិញ្ញាណនៃសេចក្តីក្លាហាន និងសន្តានចិត្តសប្បុរសកោះអញ្ជើញឲ្យអ្នកស្រីង៉ែត ឃុន បានមកជួប ហើយឱបក្រសោបគាត់ និងសុំអភ័យទោសពីគាត់ ដែលជាស្ត្រីចាស់ទន់ខ្សោយមួយរូប ដែលត្រូវនគរបាលខ្មែរវាយឲ្យរបួស។ លើសពីនេះ អ្នកស្រីង៉ែត ឃុន គួរត្រូវបានទទួលសំណងជំងឺចិត្តនឹងមុខរបួស ពីរដ្ឋាភិបាលខ្មែរផងដែរ។
តើសម្តេចតេជោ ហ៊ុន សែន អាចនឹងសម្តែងឲ្យយើងជារាស្ត្រខ្មែររាល់គ្នាឃើញនូវវីរភាពសឿងបឿងនេះឬទេ?
ករណីនាង យ៉ោម បុប្ផា និងករណីលោក ឈូក បណ្ឌិត ជាករណីដែលរដ្ឋាភិបាលសម្តេចហ៊ុន សែន គួរមានការខ្មាសអៀនខ្លាំង ចំពោះអស់ទាំងភ្នែកនៃមនុស្សចេះដឹងធំៗនៅលើពិភពលោក ដែលគេបាននិងកំពុងតែសម្លឹងមើល... តាមដាន ហើយគេដឹងរឿងទាំងពីរនេះ ថាជារឿងក្នុងសតវត្សរ៍ដើមនៃមនុស្សជាតិ តែមិនមែនជារឿងដែលគួរកើតមានក្នុងសង្គមមនុស្ស នាសម័យវិទ្យាសាស្ត្រជឿនលឿននេះទេ។ រឿងទាំងនេះ វាបានឆ្លុះបញ្ចាំងថា មេដឹកនាំខ្មែរបច្ចុប្បន្ន នៅមានចំណុចអន់ថយច្រើនប្រការណាស់។ តើនាង យ៉ោម បុប្ផា បានប្រព្រឹត្តបទល្មើសអ្វីខ្លះ? រឿងនេះមានដើមទងយ៉ាងណាខ្លះ ដែលឈានទៅដល់រឿងស្ត្រីតូចល្អិតម្នាក់ ហ៊ានទៅវាយតប់អ្នករត់ម៉ូតូឌុបនោះ?
ការពិតជាក់ស្តែងនៃករណីនោះវាយ៉ាងណាខ្លះ? ចុះអន្ទិតឈូកបណ្ឌិត ដែលប្រព្រឹត្តបទឧក្រិដ្ឋ ខុសច្រងាងនោះ យ៉ាងម៉េចដែរហើយ? តើរដ្ឋាភិបាលខ្មែរ អាចនឹងតទល់ករណីទាំងពីរនេះ នៅតុលាការអន្តរជាតិដែរឬទេ?
បានជាខ្ញុំលើកយកតុលាការអន្តរជាតិមកនិយាយ ព្រោះយុត្តិធម៌ល្អគឺពិតជាមាននៅទីនោះ៕
ដោយ ជូ លាងហាក់ នៅស្រុកអាមេរិក អ៊ីមែល hakchou@hotmail.com
No comments:
Post a Comment
yes