ភ្ញៀវទេសចរក្នុងស្រុក (ឆ្វេង) ប្រើកែវយឹតនៅឯប្រាសាទព្រះវិហារនៅក្នុងអំឡុងថ្ងៃឈប់
សម្រាកបុណ្យចូលឆ្នាំថ្មី ដើម្បីមើលទាហានថៃដែលបោះជំរំនៅជិតព្រំដែន
លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសដែលស្ថិតនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ពីថ្ងៃទី១៥ មេសា ដើម្បីចូលរួមសវនាការ (ផ្ទាល់មាត់)បានលើកពីអំណះអំណាងនៅចំពោះមុខតុលាការយុត្តិធម៌ អន្តរជាតិ (ICJ) ថា ប្រទេសថៃខកខានមិនគោរពតាមដីកាថ្ងៃទី១៨ កក្កដា ២០១១ ដែល ICJ បង្គាប់ឲ្យកងទ័ពដកចេញពីតំបន់គ្មានយោធាបណ្តោះអាសន្ននៅជុំវិញប្រាសាទព្រះវិហារនិងឲ្យមានការបញ្ជូនក្រុមសង្កេតការណ៍ឥណ្ឌូនេស៊ីទៅតំបន់នោះដើម្បីធានាលើបទឈប់បាញ់។
លោករដ្ឋមន្ត្រី ហោ ណាំហុង សរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកចំនួន៧ទំព័រថ្លែងទៅចៅក្រមនៅ ICJ ថា ៖ «ថៃតែងតែរិះរកវិធីគេចវេះមិនគោរពសេចក្តីសម្រេចរបស់អង្គតុលាការថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។ អាកប្បកិរិយាបែបនេះរបស់ថៃ បានកើតមានឡើងនៅក្នុងឱកាសប្រជុំក្រុមការងាររួមនោះចំនួនបីលើកនៅក្នុងចន្លោះពីខែមេសា ដល់ខែធ្នូ ២០១២»។ «អាស្រ័យហេតុនេះការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីទទួលបន្ទុកត្រួតពិនិត្យការដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារក្រោមការគាំពាររបស់អាស៊ានពុំអាចប្រព្រឹត្តទៅបានដើម្បីត្រួតពិនិត្យការដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារក្នុងដំណាក់កាលរង់ចាំការកាត់ក្តីជាស្ថាពររបស់អង្គតុលាការ»។
កម្ពុជាធ្វើការស្នើសុំតុលាការ ICJ កាលពីខែមេសា ឆ្នាំ២០១១ ធ្វើការបកស្រាយសាលក្រមថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២ក្នុងសំណុំរឿងពាក់ព័ន្ធនឹងប្រាសាទព្រះវិហារដោយសារថៃបានចូលឈ្លានពានទឹកដីខ្មែរចន្លោះពីឆ្នាំ២០០៨ ដល់ ២០១១ហើយថៃអះអាងថា ដី៤,៦គីឡូម៉ែត្រការ៉េជុំវិញប្រាសាទព្រះវិហារជារបស់ខ្លួន។
លោក ហោ ណាំហុង បានថ្លែងថា៖ «ការពិតគឺ ថៃលែងដឹងថា តើត្រូវការពារគោលជំហរដែលមានភាពផ្ទុយគ្នានិងមិនអាចទ្រាំទ្ររួចបែបណាហើយថៃខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីអូសបន្លាយការកាត់សេចក្តីដែលផ្ទុយទៅវិញកម្ពុជាចង់បានឆាប់ដើម្បីបំភ្លឺសភាពការណ៍»។
កាលខែកក្កដា ឆ្នាំ២០១១ ICJ បានបញ្ជាឲ្យកម្ពុជានិងថៃត្រូវតែដកទ័ពជាបន្ទាន់ចេញពីតំបន់ គ្មានយោធា១៧,៣ គីឡូម៉ែត្រការ៉េជុំវិញប្រាសាទដែលកំណត់ដោយតុលាការដើម្បីធានាបទឈប់បាញ់គ្នា។
លោក ហោ ណាំហុង បានថ្លែងថាកម្ពុជាចាំបាច់ត្រូវបញ្ចប់វិវាទដីព្រំដែនជុំវិញប្រាសាទរវាងប្រទេសកម្ពុជានិងថៃ។
លោក ហោ ណាំហុង បានថ្លែងបន្តថា៖ «ខ្ញុំសូមស្នើឲ្យតុលាការចេញសាលដីកាមួយដែលនឹងបញ្ចប់ជាស្ថាពរវិវាទនេះដែលបានធ្វើឲ្យល្អក់ខ្វល់ដល់ទំនាក់ទំនងជាមួយប្រទេសថៃដែលជាប្រទេសជិតខាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គឺជាការដល់ពេលវេលាហើយដែលប្រទេសទាំងពីរត្រូវតែមានទំនាក់ទំនងជិតស្និទ្ធសន្តិភាព និងពោរពេញទៅដោយស្មារតីស្ថាបនា។ កម្ពុជាចង់បានខ្លាំងណាស់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងពីម្សិលថា មានតែលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ម្នាក់គត់ដែលមានសិទ្ធិពេញលេញក្នុងការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។
លោក កុយ គួង អ្នកនាំពាក្យរបស់លោក ហោ ណាំហុង មិនអាចទាក់ទងបានទេពីថ្ងៃពុធ។
ICJ បានផ្តល់ប្រាសាទព្រះវិហារដល់កម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ប៉ុន្តែថៃ នៅតែអះអាងភាពជាម្ចាស់លើដី ៤,៦ គីឡូម៉ែត្រការ៉េជិតនោះ។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ កើតឡើងតាំងពីខែកក្កដា ឆ្នាំ២០០៨នៅពេលអង្គការយូណេស្កូចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលបានបង្កជាការប្រយុទ្ធគ្នាទ្រង់ទ្រាយធំកាលពីខែកុម្ភៈ និងមេសា ឆ្នាំ២០១១ក្នុងការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្រ្តីថៃ អាភីស៊ី វេចាជីវ៉ា។
បើទោះជាកងទ័ពនៅបណ្តោយព្រំដែនកម្ពុជា‑ថៃនៅមានសភាពស្ងប់ស្ងាត់ភាគីទាំងពីរមានការប្រុងជើងការថ្ងៃទី១៥ខែមេសា ខណៈដែលទាហានកម្ពុជាស្រវឹងស្រាម្នាក់បានបាញ់កាំភ្លើង AK-47 ឡើងលើពីរបង់នៅយប់ថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើយោងតាមមន្រ្តីយោធាម្នាក់ដែលប្រចាំការនៅឯបរិវេណប្រាសាទព្រះវិហារ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ។
លោកបន្តថា៖ «វាជាលើកទី១ហើយដែលទាហានរបស់យើងបាញ់ឡើងលើដោយសារស្រវឹងស្រា និងការខកចិត្តមិនមានការផ្តល់អំណោយអ្វីបន្តិចសោះដែលបានធ្វើឲ្យទាហានភាគីទាំងពីរមានការភ្ញាក់ផ្អើលហើយភ្លាមៗបានទាក់ទងគ្នាទៅវិញទៅមកដើម្បីសួរព័ត៌មានអំពី ការបាញ់នេះប៉ុន្តែយើងបានជម្រាបទៅខាងថៃថា ទាហានស្រវឹងស្រាម្នាក់បានបាញ់ឡើងលើ។ វាជាការល្អដែរដែលខាងថៃមិនបានប្រតិកម្មតបតអំពីការបាញ់នេះយើងសន្យារក្សាភាពស្ងប់ស្ងាត់និងជម្រាបគ្នាទៅវិញទៅមកគ្រប់ពេល បើមានអ្វីកើតឡើង»។
លោក ស្រី ឌឹក មេបញ្ជាការប្រចាំតំបន់ប្រាសាទព្រះវិហារអះអាងថា ស្ថានភាពទូទៅរបស់កងទ័ពកម្ពុជានិងថៃនៅព្រំដែននៅតែមានសភាពស្ងប់ស្ងាត់ដូចធម្មតាប៉ុន្តែបដិសេធថាពុំមានទាហានស្រវឹងណាបាញ់ឡើងលើទេ។
លោក Virachai Plasai ឯកអគ្គរាជទូតថៃប្រចាំទីក្រុងឡាអេបានប្រាប់តុលាការម្សិលមិញថា៖ «កម្ពុជាមិនគោរពការកាត់ក្តីនិងឯកសារទាំងអស់នៅក្នុងវិវាទដើមដំបូងហើយទាំងអស់ខាងលើនេះមិនគោរពការសន្យារបស់ខ្លួន»។ លោកបន្ថែមថាជម្លោះបច្ចុប្បន្នមិនមានអ្វីពាក់ព័ន្ធនឹងភាពជាកម្មសិទ្ធិនៃប្រាសាទព្រះវិហារទេប៉ុន្តែវាកើតចេញពីផែនទីដែលដាក់បង្ហាញដើម្បីចុះបញ្ជីប្រាសាទព្រះវិហារជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូដែលបានរំលោភលើដីថៃ។
លោកបន្តថា៖ «នេះគឺជាបុព្វហេតុពិតប្រាកដនៃជម្លោះប្រដាប់អាវុធបច្ចុប្បន្នដែលទាំងអស់គឺបង្កឡើងដោយកម្ពុជា។ ថៃធ្វើអ្វីៗគឺជាការអនុវត្តសិទ្ធិការពារខ្លួនក្រោមច្បាប់អន្តរជាតិ»។
មេធាវីថៃថ្លែងកាលពីម្សិលមិញថា៖«ការស្នើសុំគួរឲ្យចម្លែកនេះដែលស្នើតុលាការធ្វើការសន្មតលើអ្វីដែលតុលាការសម្រេចរួចហើយគឺជាសំណើមិនគួរគប្បី»៕
No comments:
Post a Comment
yes