
អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ពេលចេញពីបន្ទប់
សវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៣
តុលាការខេត្តស្វាយរៀង កំណត់យកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ជាថ្ងៃបើកសវនាការជាថ្មីក្នុងសំណុំរឿងលោក ឈូក បណ្ឌិត បាញ់ប្រហារលើកក្រុមកម្មកររោងចក្រកៅវ៉េ (Kaoway) ៣នាក់ឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីសាលាឧទ្ធរណ៍បានបង្វែរសំណុំរឿងនេះទៅតុលាការខេត្តស្វាយរៀង តាំងពីដើមខែមីនា។
សហភាពការងារកម្ពុជា និងសហភាពសហជីពកម្ពុជា ដែលមានសម្ព័ន្ធសហជីព និងសមាគមចំនួន ១៤ មកពីវិស័យចំនួន ៩ មានសមាជិកជាង ១៥ម៉ឺននាក់ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៨ ឧសភា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើសំណុំរឿងរបស់លោក ឈូក បណ្ឌិត។ សង្គមស៊ីវិលជំរុញឲ្យតុលាការក្ដីប្រកបដោយតម្លាភាពនិងយុត្តិធម៌។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សង្គមស៊ីវិលស្នើឲ្យតុលាការខេត្តស្វាយរៀង ធ្វើការងារឯករាជ្យ និងមិនស្ថិតក្រោមឥទ្ធិពលរបស់អ្នកធំដែលនៅពីក្រោយខ្នងលោក ឈូក បណ្ឌិត ដូចលើកមុនទៀត។ លោកបន្តថា ក្រុមសហជីពនឹងតាមឃ្លាំមើលដំណើរការក្តីនៅតុលាការដោយយកចិត្តទុកដាក់ ដើម្បីធានាថា កម្មការិនីរងគ្រោះនឹងទទួលបាននូវយុត្តិធម៌ពិតប្រាកដ។ ប៉ុន្តែលោកបញ្ជាក់ថា កម្មករមិនមានគម្រោងរៀបចំការដង្ហែក្បួនតវ៉ានៅមុខតុលាការខេត្តស្វាយរៀង នោះឡើយ។
លោក រ៉ុង ឈុន៖ «នៅតែធ្វើការទាមទារបន្តបន្ទាប់ បើការវិនិច្ឆ័យនៅថ្ងៃ២១ ខាងមុខនេះមិនបានផ្ដល់យុត្តិធម៌ទេជូនកម្មការិនីទាំងបីនាក់ហ្នឹងទេ យើងនឹងធ្វើការទាមទារនូវយុត្តិធម៌ យកជនល្មើសទៅផ្ដន្ទាទោសតាមច្បាប់»។
នៅក្នុងសេចក្ដីថ្លែងការណ៍ចំហរបស់តំណាងសហជីពកម្មករលើកឡើងថា សង្គមស៊ីវិលនិងកម្មករចង់ឃើញតុលាការឈរលើគោលការណ៍ឯករាជ្យពិតប្រាកដ ហើយក៏ចង់ឃើញរដ្ឋាភិបាលគាំទ្រចំពោះការដាក់ទោសតាមផ្លូវច្បាប់ចំពោះលោក ឈូក បណ្ឌិត ដើម្បីបង្ហាញពីចេតនាលុបបំបាត់និទណ្ឌភាពនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍បន្តថា សង្គមស៊ីវិលមិនរាថយឡើយក្នុងការទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះទាំងបីនាក់ ហើយក៏មិនសុខចិត្តចំពោះបុគ្គលដែលមានលុយមានអំណាចប្រព្រឹត្តល្មើសច្បាប់បែរជាត្រូវតុលាការលើកលែងការចោទប្រកាន់នោះឡើយ។
ទាក់ទងនឹងសវនាការនេះ កម្មការិនីរងគ្រោះលោកស្រី កែវ នា នៅថ្ងៃទី១៩ ឧសភា មានប្រសាសន៍ថា បច្ចុប្បន្នកញ្ញាបានលាឈប់ពីរោងចក្រកៅវ៉េហើយ ដោយត្រឡប់ទៅធ្វើការជាកម្មការិនីនៅរោងចក្រមួយដែលជិតផ្ទះនាងវិញ។ លោកស្រីបន្តថា របួសដៃជាឧបសគ្គចម្បងបំផុតដែលមិនអាចឲ្យនាងតោងជិះឡានដោយរលាក់ៗ ទៅធ្វើការនៅកន្លែងចាស់បាន។
លោកស្រីបញ្ជាក់ថា កម្មការិនីរងគ្រោះទាំងអស់កំពុងជួបប្រទះនឹងបញ្ហាជីវភាព ដោយសារឈឺចាប់របួសបណ្ដាលមកពីគ្រាប់កាំភ្លើងនាំឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ ចំណូលក៏ថយ ឯចំណាយចាយវាយថ្លៃរបួសក៏កើនឡើងដែរ៖ «ខ្ញុំឡើងទៅស្អែកហ្នឹង ដាក់ច្បាប់នៅរោងចក្រហ្នឹង ដាច់លុយអស់ ៣០រៀលហើយ។ ខ្វះខាតច្រើនណាស់ ខ្ញុំឈឺដៃអ៊ីចឹង ចង់ធ្វើការនៅផ្ទះកុំឲ្យអស់លុយឡានលុយអីអ៊ីចឹងណាស់!»។
ទោះយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ ព្យាករថា តុលាការខេត្តស្វាយរៀង នឹងមិនលើកលែងការចោទប្រកាន់លោក ឈូក បណ្ឌិត ដូចមុនទៀតទេ។ លោកបន្តថា លោក ឈូក បណ្ឌិត ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកមានអំណាចធំនៅពីក្រោយខ្នង ប៉ុន្តែគណបក្សកាន់អំណាចនឹងដាក់ទោសលោក ឈូក បណ្ឌិត ដើម្បីផ្គាប់ចិត្តអ្នកបោះឆ្នោតជាពិសេសក្រុមកម្មកររោងចក្រ។
លោក អ៊ូ វីរៈ៖ «រាប់សែនអ្នកដែលមានសិទ្ធិបោះឆ្នោត ហើយប្រហែលជាប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់បោះឆ្នោត ហើយទើបដោះលែង។ តុលាការគ្មានឆន្ទៈដោះស្រាយរឿងហ្នឹងប្រកបដោយយុត្តិធម៌ទេ។ រឿងកាត់ក្តីនេះជារឿងនយោបាយ»។
អង្គការសិទ្ធិមនុស្ស និងក្រុមសហជីពបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី១៧ មីនា ដោយទាមទារឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញ និងបង្វែរសំណុំរឿងលោក ឈូក បណ្ឌិត ឲ្យមកសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកបើកសវនាការជំនុំជម្រះក្ដីនេះវិញ។ ក្រុមអង្គការសង្គមស៊ីវិលបានសំដែងការមិនទុកចិត្តចំពោះការកាត់ក្តីរបស់តុលាការខេត្តស្វាយរៀង នោះឡើយ ហើយចាត់ទុកថា សំណុំរឿងលោក ឈូក បណ្ឌិត នេះ ជារឿយៗបានរក្សាទុកដែលជានិមិត្តរូបនៃនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា។
ក្រុមអ្នកវិភាគសង្គមក្រើនរំលឹកថា តួនាទីសំខាន់ពីរយ៉ាងរបស់តុលាការ គឺទី១ គោរពនីតិរដ្ឋរក្សានូវភាពឯករាជ្យភាពរបស់ខ្លួនពីស្ថាប័ននីតិប្រតិបត្តិ និងប្រឆាំងការជ្រៀតជ្រែកផ្នែកនយោបាយ និងអំពើពុករលួយ។ ទី២ គឺធានានូវសិទ្ធិទទួលបានយុត្តិធម៌របស់ជនរងគ្រោះ និងសងជំងឺចិត្តដល់ជនរងគ្រោះ ដោយនាំឧក្រិដ្ឋជនយកមកផ្ដន្ទាទោស និងដើម្បីការពារមិនឲ្យកើតមានឡើងនូវឧក្រិដ្ឋកម្ម ហើយករណីនេះ ជារឿងពិសេសមួយសម្រាប់តុលាការកម្ពុជា ក្នុងការស្ដារឡើងវិញនូវភាពជឿជាក់ខ្លះ និងបង្ហាញថា ខ្លួនជាស្ថាប័នមួយស្វែងរកយុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ។
កាលពីថ្ងៃទី៤ មីនា សាលាឧទ្ធរណ៍បានប្រកាសសាលដីកាអសាធារណៈចោទប្រកាន់លោក ឈូក បណ្ឌិត ជាអភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាមដោយអចេតនាតាមក្រមព្រហ្មទណ្ឌមាត្រា ២៣៦ ហើយបញ្ជូនសំណុំរឿងនេះ និងជនត្រូវចោទលោក ឈូក បណ្ឌិត ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។ ការផ្ដន្ទាទោសតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ គឺត្រូវមានទោសជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល៕
No comments:
Post a Comment
yes