
គំនរបាក់ប្លង់សេនៅរោងចក្រកាលពីម្សិលមិញ
តំណាងរោងចក្រផលិតស្បែកជើង វិងស្តារស៊ូ បានធ្វើសន្និសិទកាសែតនៅព្រឹកថ្ងៃនេះ ដោយសម្តែងការសោកស្តាយ និងធានាខុសត្រូវចំពោះឧប្បត្តិហេតុបាក់ពិតាន ឡៅតឿអាគារដាក់សម្ភារៈ កាលពីព្រឹកព្រលឹមមិ្សលមិញ ដែលបណ្តាលឲ្យកម្មករ ២នាក់ស្លាប់ និង១១ នាក់ផ្សេងទៀតរបួស។
លោក ចាន់ កុសល នាយកផ្នែកនាំចេញចូលនៃរោងចក្រ ផលិតស្បែកជើង វិងស្តារស៊ូ បានមានប្រសាសន៍ថា ការធ្វេសប្រហែស ដែលបណ្តាលឲ្យកើតឧប្បត្តិហេតុដោយអចតនានេះ ក្រុមហ៊ុននិងទទួលខុសត្រូវទាំងស្រុងជាមួយក្រុមគ្រួសារនៃសព និងក្រុមគ្រួសារដែលមានរបួសទាំងអស់។
លោកបញ្ជាក់ថា ឧប្បត្តិហេតុដែលកើតឡើងដោយអចេតនានេះ ក្រុមហ៊ុនមានការសោកស្តាយណាស់ និងទទួលខុសត្រូវទាំងអស់ចំពោះកំហុសឆ្គងនេះ និងសូមសន្យាចំពោះកម្មករ កម្មការិនី មិនឲ្យមានហេតុការណ៍នេះកើតឡើងទៀតទេ។
ថ្លែងនៅក្រៅរោងចក្រកាលពីម្សិលមិញ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានសន្យាថា នឹងធ្វើការស៊ើបអង្កេតពេញលេញមួយទៅលើករណីបាក់អគារនេះ។
លោកថ្លែងថា៖ «យើងនឹងធ្វើការស៊ើបអង្កេតបញ្ហានេះហើយចាត់វិធានការទៅលើអ្នកដែល ពាក់ព័ន្ធដែលបណ្តាលឲ្យករណីនេះកើតឡើង»។
លោក អ៊ិត សំហេង បានថ្លែងបន្តថា ផ្នែកនៃអគារនេះមានកម្មករតែប្រហែល១០០នាក់តែ ប៉ុណ្ណោះកំពុងធ្វើការហើយថា ចំនួនស្លាប់អាចនឹងមានច្រើនជាងនេះប្រសិនបើវាកើតឡើងនៅកន្លែង ផ្សេងក្នុងរោងចក្រ។
លោកបន្តថា ៖ «នេះជាលើកទីមួយដែលករណីនេះបានកើតឡើងនៅក្នុងរោងចក្រនៅក្នុង ប្រទេសរបស់យើង។ យើងនឹងធ្វើការស៊ើបអង្កេតលើរោងចក្រទាំងអស់ដែលបារម្ភអំពីបញ្ហានេះ»។
No comments:
Post a Comment
yes