សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 5, 2013

ពលរដ្ឋ​៤៨​គ្រួសារ​នៅ​កំពង់ស្ពឺ​បារម្ភ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ

ប្រជាពលរដ្ឋ ៤៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​មន្ត្រី​យោធា​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ស្រែ​ចម្ការ​របស់​ពួក​គាត់។ ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​មន្ត្រី​យោធា​ជា​គូ​ទំនាស់​នោះ បាន​ហៅ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទៅ​វាស់​ដី​នៅ​ទីតាំង​ដី​ដែល​កំពុង​មាន​ទំនាស់។

ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ថ្មី ឃុំ​តាំងសំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​សំណាក់​អង្គការ​លីការដូ (Licadho) ខេត្ត​កំពង់ស្ពឺ ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។ ពលរដ្ឋ​សង្ស័យ​ថា ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់​វែង​ដីធ្លី អាច​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​យោធា​ដើម្បី​វាស់​ដី​នេះ។
តំណាង​ពលរដ្ឋ អ្នកស្រី យូ រ៉ន នៅ​ថ្ងៃ​ទី៤ ឧសភា មាន​ប្រសាសន៍​ថា ពួក​គាត់​ត្រូវ​បាន​មន្ត្រី​យោធា​ឈ្មោះ ទូច សុខៈ ប្ដឹង​ឡើង​តុលាការ​តាំង​ពី​ឆ្នាំ​២០១០ ពី​បទ​រំលោភ​បំពាន​ដី​ឯកជន ប៉ុន្តែ​តុលាការ​ខេត្ត​កាត់​ក្តី​មិន​ដាច់​ស្រេច​ឡើយ ដោយ​ជំរុញ​ឲ្យ​ដោះស្រាយ​ត្រឹម​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន​វិញ។ អ្នកស្រី​បន្ត​ថា សមត្ថកិច្ច​មូលដ្ឋាន​បាន​ណែនាំ​ឲ្យ​ក្រុម​ពលរដ្ឋ​កាត់​ដីធ្លី​ម្នាក់ៗ​ពាក់​កណ្ដាល​ឲ្យ​ទៅ​មន្ត្រី​យោធា​នោះ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម ព្រោះ​សម្អាង​លើ​ឯកសារ​កាន់​កាប់​ស្រប​ច្បាប់។
អ្នកស្រី​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៥ មេសា លោក ទូច សុខៈ បាន​នាំ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទៅ​វាស់​ដី​លើ​ទីតាំង​ទំនាស់ ហើយ​គំរាម​ចាប់​ពលរដ្ឋ​ដាក់​គុក​ទៀត​ផង៖ «ទូច សុខៈ ហ្នឹង​ជិះ​ឡាន ២-៣ ហៅ​យុវជន​ស្ម័គ្រចិត្ត​មក​វាស់។ ប្រជាជន​ទៅ ហើយ​ប្រាប់​ថា ប្រជាជន​រស់នៅ​ដាំ​ដំណាំ​ហើយ ម៉េច​មិន​វាស់​ឥឡូវ​បង​អត់​ឲ្យ​វាស់​ទេ​ដី​នេះ ព្រោះ​ឡើង​តុលាការ​ហើយ។ ប្រធាន​យុវជន​ហៅ​ខ្ញុំ​ចរចា គេ​បាន​ថា​ឲ្យ​ខ្ញុំ​ការ៉ូងការ៉ាង​ហ្នឹង ហៅ​សមត្ថកិច្ច​ដាក់​ខ្នោះ​ឥឡូវ​ហើយ»។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​សុរិយោដី លោក ជ័យ ពិចិត្រ មាន​ប្រសាសន៍​ថា ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ​វាស់​ដី​ជូន​ពលរដ្ឋ​ដោយ​មិន​មាន​រើសអើង​ទេ។ លោក​បន្ត​ថា ក្រុម​វាស់​ដី​បាន​វាស់​ជូន​ពលរដ្ឋ​នៅ​ភូមិ​ថ្មី​នោះ​ជាច្រើន​គ្រួសារ​មក​ហើយ សូម្បី​តែ​ដី​របស់​អ្នកស្រី យូ រ៉ន ក៏​ក្រុម​ការងារ​ធ្លាប់​វាស់​ដី​ឲ្យ​បាន​មួយ​ចំនួន​ដែរ។ លោក​បញ្ជាក់​ថា អ្នកស្រី យូ រ៉ន បាន រារាំង​ក្រុម​វាស់​ដី​ជាច្រើន​កន្លែង តែ​មិន​បាន​បញ្ជាក់​មូលហេតុ​ឲ្យ​ច្បាស់​លាស់​ទេ៖«ដី​គេ​វាស់​អីចឹង​ក្រឡឹង​ជុំវិញ​ហ្នឹង គេ​ផ្ដាំ​ឲ្យ​គាត់​ទៅ គាត់​អត់​ទៅ ហើយ​គាត់​ជំទាស់​តែ​ពាក្យ​សម្ដី អត់​មាន​ឯកសារ​អី​សោះ»។
ទោះ​យ៉ាង​ណា​ក្តី ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កំពង់ស្ពឺ លោក អ៊ុង សាមិត្ត មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​ទី​នោះ កើត​ឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​ដោះស្រាយ​សោះ។ លោក​បន្ត​ថា ក្រុម​អាជ្ញាធរ​គួរ​ណាស់​តែ​ដោះស្រាយ​បញ្ចប់​រឿង ដើម្បី​ពលរដ្ឋ​មាន​លំនឹង​ក្នុង​ជីវភាព ហើយ​មិន​គួរ​ណា​លំអៀង​ទៅ​អ្នក​មាន​លុយ​មាន​អំណាច​ឡើយ៖ «បើ​សិន​ជា​ការ​វាស់​វែង​ហ្នឹង​រួច​រាល់​អស់ ពលរដ្ឋ​ធ្វើ​ការ​ទៅ​អស់​កង្វល់ អីចឹង​ជីវភាព​គាត់​ផ្លាស់​ប្ដូរ​ហើយ ឥឡូវ​គាត់​អត់​ហ៊ាន​ទៅ​ណា​ទេ ខ្លាច​គេ​វាស់​ដី​បាត់​ខ្លាច​គេ​យក​បាន»។
ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ចូល​អង្គការ​លីកាដូ បញ្ជាក់​ថា ពលរដ្ឋ​ទាំង ៤៨​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​វាស់​ដី​ឲ្យ​ពួក​គាត់ និង​មិន​ត្រូវ​កាត់​ដី​ឲ្យ​មន្ត្រី​យោធា​នោះ​ឡើយ។ តាម​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់​ឲ្យ​យុវជន​ស្ម័គ្រចិត្ត​វាស់​វែង​ដី​ធ្លី​ចែក​ពលរដ្ឋ​ណា​ដែល​ចូល​កាន់​កាប់​ដីធ្លី មុន​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១២។ ហើយ​ដី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដី​ព្រៃ​តំបន់​អភិរក្ស ឧទ្យាន​ជាតិ ត្រូវ​កាត់​ឲ្យ​ពលរដ្ឋ​ទាំងអស់។ ទោះ​យ៉ាង​ណា បញ្ហា​ទំនាស់​ដីធ្លី​នៅ​ទូទាំង​ប្រទេស​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes