សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សចុះថ្ងៃទី១៩ មិថុនា ឲ្យដឹងថា ការគំរាមកំហែង និងការបង្ក្រាបសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកតស៊ូមតិ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ។
បន្ថែមលើនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ការបំបិទសិទ្ធិសេរីភាព ការសម្លុត គំរាមកំហែង និងបំភិតបំភ័យផ្នែកនយោបាយ នឹងមិនបានថមថយនោះឡើយ ជាពិសេស គឺនៅមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនឹងត្រូវចាប់ផ្ដើមខាងមុខនេះ។
លោក អ៊ូ វីរៈ៖ «នៅក្នុងហ្នឹងយើងឃើញថា សកម្មជនមូលដ្ឋាន គឺគាត់ប្រឈមជាងគេ។ អង្គការក្រៅរដ្ឋាភិបាលមិនសូវជាប្រឈមណាស់ណាទេ ប៉ុន្តែអ្នកធ្វើការរឿងដីធ្លី រឿងមូលដ្ឋានហ្នឹង គឺគាត់ជាអ្នកប្រឈមជាងគេ ហើយនៅពេលបច្ចុប្បន្ននេះ យើងអត់ទាន់ឃើញអង្គការសិទ្ធិមនុស្ស ឬមួយក៏ម្ចាស់ជំនួយ ហើយនិងអង្គការអន្តរជាតិចូលរួមការពារពួកគាត់បានល្អនៅឡើយទេ។ យើងសូមអំពាវនាវសូមឲ្យពួកគាត់ពង្រឹងនៅការជួយសកម្មជនសិទ្ធិមនុស្សមូលដ្ឋានបន្ថែម»។
ក៏ប៉ុន្តែលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ច្រានចោលការរកឃើញនេះ ដោយចាត់ទុកថា ជារបាយការណ៍មួយដែលព្យាយាមទម្លាក់កំហុសមកលើរដ្ឋាភិបាល ដោយពុំមានមូលដ្ឋានពិតប្រាកដ។
លោកអះអាងថា នោះគឺជាទង្វើរបស់គណបក្សប្រឆាំងដែលកំពុងបង្ហាញយ៉ាងច្បាស់ពីសកម្មភាពធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយ អភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាល៖ «ក្រុមប្រឆាំង រួមទាំងអ្នកនយោបាយប្រឆាំងហ្នឹងឯងដែលជះឥទ្ធិពលអាក្រក់ដល់មហាជនដែលមហាជនគេមិនសប្បាយចិត្ត ហើយគេធ្វើការតវ៉ាប្រឆាំងជាមួយសកម្មភាពទាំងឡាយណា ទាំងនៅភ្នំពេញក្ដី ទាំងនៅតាមបណ្ដាខេត្តក្ដី នេះគឺជារឿងសកម្មភាពរបស់ក្រុមប្រឆាំងជាមួយនឹងប្រជាពលរដ្ឋដែលបានកើតមានឡើង។ដូច្នេះកុំបង្វែរបញ្ហា ទម្លាក់កំហុសនានាមកលើរដ្ឋាភិបាលថារឿងនេះមានការគាបសង្កត់ផ្នែកនយោបាយណាមួយទៅលើអ្នកនយោបាយប្រឆាំង គឺជារឿងមួយប្រាសចាកពីការពិតទាំងស្រុង»។
លោក យឹម សុវណ្ណ ហៅការថ្លែងរបស់រដ្ឋាភិបាលនេះថា គឺលេសដើម្បីគេចចេញពីការទទួលខុសត្រូវរបស់ខ្លួន។ លោកអះអាងថា រដ្ឋាភិបាលតែងចាត់ទុកអ្នកដែលមានគំនិតផ្ទុយពីគោលនយោបាយ ឬរិះគន់ក្នុងន័យស្ថាបនាថាជាក្រុមប្រឆាំង៖ «អ្នកណាក៏ដោយដែលគេនិយាយការពិតណាស់ គេចង់ឲ្យសង្គមខ្មែរមានប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស សុទ្ធតែគណបក្សប្រឆាំងទាំងអស់។ សូម្បីតែលោក អូបាម៉ា ប្រធានាធិបតីអាមេរិក ក៏គេថា ជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំងដែរ។ អង្គការសហប្រជាជាតិ លោក ស៊ូប៊ែឌី ក៏គេថា អ្នកនាំពាក្យឲ្យគណបក្សប្រឆាំងដែរ»។
របាយការណ៍ដដែលបានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការឆ្លើយតបដោយតម្លាភាពក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការការពារសកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានប្រសើរ៕
No comments:
Post a Comment
yes