សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងក្នុងអង្គប្រជុំរបស់អង្គការអន្តរជាតិ
ឈ្មោះអាយហ្វិក (IFEX = International Freedom of Expression Exchange) នាសណ្ឋាគារ
អាំងទែកុងទីណង់តាល់ (Intercontinental Hotel) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣
នៅក្នុងអង្គប្រជុំរបស់អង្គការអន្តរជាតិ អាយហ្វិក (IFEX = International Freedom of Expression Exchange) មានសមាជិកចូលរួមជិត ២០០នាក់ មកពីប្រទេសចំនួន៦៧ ដែលកំពុងប្រជុំនៅរាជធានីភ្នំពេញ។
ថ្លែងទៅកាន់អ្នកចូលរួមអង្គប្រជុំជិត ២០០នាក់ ដែលមានសញ្ជាតិខុសគ្នាមកពីជិត ៧០ប្រទេស នៅថ្ងៃទី១៩ មិថុនា អ្នកស្រី ទេព វន្នី បានលើកឡើងថា អ្នកស្រីរួមជាមួយប្រជាពលរដ្ឋនៅតំបន់បឹងកក់ បានធ្វើការតស៊ូមតិ ដើម្បីការពារដីធ្លី ផ្ទះសម្បែង ចំនួន ៧ឆ្នាំមកហើយ កុំឲ្យអាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ដណ្ដើមយកដី និងលំនៅឋាន។
អ្នកស្រី ទេព វន្នី បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ និងរដ្ឋាភិបាល មិនបានជួយក្រុមអ្នកស្រីដែលជាប្រជាពលរដ្ឋក្រីក្រទេ គឺបានចូលដៃជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដើម្បីយកដី ហើយបានចាប់អ្នកតវ៉ាដាក់គុកទៀតផង៖ «នៅពេលពួកខ្ញុំមិនទាន់មានការតស៊ូមតិ ពួកខ្ញុំជាសមាជិកគណបក្សប្រជាជន។ ប៉ុន្តែ បច្ចុប្បន្ននេះ ដោយសារតែពួកខ្ញុំតស៊ូមតិទាមទារយុត្តិធម៌ ទាមទារសិទ្ធិរបស់ខ្លួន ត្រូវបានគេរុញច្រានឲ្យទៅជាសមាជិកគណបក្សប្រឆាំង ឬគណបក្សនយោបាយដែលពួកខ្ញុំមិនបានដឹងខ្លួន»។
អ្នកស្រី ទេព វន្នី បានលើកឡើងថា ពីមុនអ្នកស្រីគិតថា មនុស្សកើតក្រោយឆ្នាំ១៩៧៩ គឺជាមនុស្សមានសំណាង ដោយមិនបានជួបប្រទះរបបប្រល័យពូជសាសន៍ កាប់សម្លាប់ជាតិសាសន៍ខ្លួនឯង។ ប៉ុន្តែផ្ទុយទៅវិញ អ្នកស្រីមានការខកចិត្តជាខ្លាំង ដោយសាររដ្ឋាភិបាលដែលគ្រប់គ្រងប្រទេសក្រោយឆ្នាំ១៩៧៩ មកទល់បច្ចុប្បន្ន មិនអាចទប់ស្កាត់បានការរំលោភសិទ្ធិមនុស្ស និងការដេញជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋាន និងដីកំពុងរស់នៅ ហើយបានយកដីទាំងនោះទៅលក់ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទៅវិញ។
អ្នកស្រី ទេព វន្នី បានអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយចំពោះក្រុមរបស់អ្នកស្រីនៅបឹងកក់ និងប្រជាពលរដ្ឋខ្មែររងគ្រោះទាំងអស់ ពីព្រោះបើគ្មានការជួយទេ ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ នឹងក្លាយជាអ្នកទោសម្នាក់ម្តងៗទាល់តែអស់៖ «ចាស! អ្វីនៅពេលនេះដែលខ្ញុំចង់ឲ្យអស់លោក និងសហគមន៍អន្តរជាតិជួយ ដែលនៅទីនេះ គឺជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា យើងខ្ញុំ បញ្ឈប់នូវការអភិវឌ្ឍដោយបណ្ដេញចេញដោយបង្ខំ។ ការរំលោភសិទ្ធិមនុស្ស ការប្រើប្រព័ន្ធតុលាការ ពីព្រោះការអភិវឌ្ឍបណ្ដេញចេញដោយបង្ខំ បានធ្វើឲ្យពួកខ្ញុំបាត់បង់សុភមង្គល បាត់បង់អនាគត បាត់បង់ការសិក្សារបស់កូនៗ»។
សេចក្តីថ្លែងរបស់អ្នកស្រី ទេព វន្នី ធ្វើឲ្យសមាជិកអង្គប្រជុំរបស់អង្គការអន្តរជាតិ អាយហ្វិក មានការចាប់អារម្មណ៍ជាខ្លាំង។
ប្រតិកម្មតបចំពោះការលើកឡើងរបស់អ្នកស្រី ទេព វន្នី នៅក្នុងអង្គប្រជុំអន្តរជាតិ ដែលមានប្រតិភូមកពី ៦៧ប្រទេសចូលរួមនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្នកស្រី ទេព វន្នី មានសិទ្ធិលើកឡើងអំពីអ្វីដែលអ្នកស្រីជួបប្រទះ ប៉ុន្តែនេះជាករណីមួយប៉ុណ្ណោះ៖ «ការលើកឡើងជាសិទ្ធិសេរីភាពរបស់លោកស្រី ក៏ប៉ុន្តែមិនមានន័យថាលោកស្រីនោះជាតំណាងនៃការខ្វះខាតស្រុកខ្មែរទេបាទ!។ នេះគ្រាន់តែជារឿងករណីតែមួយគត់»។
កិច្ចប្រជុំ ២ឆ្នាំម្តងរបស់អង្គការអន្តរជាតិ អាយហ្វិក ដែលធ្វើឡើងនៅប្រទេសកម្ពុជា លើកនេះ មានការសហការរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺជាសមាជិករបស់ អាយហ្វិក។
អង្គការ អាយហ្វិក ជាអង្គការអន្តរជាតិដ៏ធំមួយ ដែលមានបណ្ដាញទាក់ទងជាមួយអន្តរជាតិនៅលើពិភពលោក ហើយធ្វើការងារផ្ដោតសំខាន់ទៅលើការការពារសិទ្ធិមនុស្ស សេរីភាពក្នុងការប្រជុំ និងសេរីភាពសារព័ត៌មាន៕
No comments:
Post a Comment
yes