ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) ថ្លែងក្នុងសន្និសីទ
កាសែតនាទីស្នាក់ការបក្សក្រុងភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣
គណបក្សសង្គ្រោះជាតិ បានហៅស្ថានការណ៍មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ថាមានបរិយាកាសអាប់អួរ និងគំរាមកំហែងជាងអាណត្តិមុនៗ។ ប៉ុន្តែ ការអះអាងនេះផ្ទុយពីការលើកឡើងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ស្លាកសញ្ញាបក្សសង្គ្រោះជាតិ ជិត ១០០ស្លាកនៅទូទាំងប្រទេស ត្រូវជនមិនស្គាល់មុខបំផ្លាញក្នុងរយៈពេលជាង ១ខែមកនេះ។ ក្រៅពីនេះ លោកថា សកម្មភាពចុះមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ តាមមូលដ្ឋានក៏ត្រូវរំខានពីសមាជិកគាំទ្រគណបក្សផ្សេងរាប់សិបករណីទៀត។ លោកឲ្យដឹងដូច្នេះនៅក្នុងសន្និសីទកាសែតនាទីស្នាក់ការគណបក្ស ក្នុងទីក្រុងភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមិថុនា។
មេដឹកនាំបក្សប្រឆាំងរូបនេះបានវាយតម្លៃក្នុងសន្និសីទកាសែតថា សភាពការណ៍នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ មានរូបភាពគំរាមកំហែងមកលើសកម្មភាពធ្វើនយោបាយរបស់មន្ត្រីគណបក្សប្រឆាំង៖ «ពាក់ព័ន្ធពីភាពមិនប្រក្រតីនេះ បើប្រៀបធៀបនឹងអាណត្តិមុនៗ គឺអត់មានអីផ្លាស់ប្ដូរទេ គឺនៅតែអាក្រក់ដដែល ហើយមានចំណុចខ្លះអាក្រក់ជាងមុន។ ការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺមិនមែនមានន័យត្រឹមថាអត់សម្លាប់គេ ឬអត់មានអំពើហិង្សាទេ។ លក្ខណៈដែលហៅថាបោះឆ្នោតដោយសេរី និងត្រឹមត្រូវ យុត្តិធម៌ គេរាប់តាំងពីការមិនរំខានដល់សកម្មភាពរបស់គណបក្សនយោបាយដទៃទៀត។ ការមានស្មើភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ហើយការមិនយកអំណាចរដ្ឋយកទៅគាបសង្កត់ទៅប៉ះពាល់ដល់សកម្មភាពគូប្រកួតរបស់ខ្លួន។ ហ្នឹងហើយ ទាំងអស់ហ្នឹងសុទ្ធតែជាភាពមិនប្រក្រតី ដែលនៅមាននៅឡើយរហូតមកដល់ថ្ងៃនេះ»។
ការអះអាងរបស់មន្ត្រីបក្សសង្គ្រោះជាតិ បែបនេះ កើតឡើងនៅគ្រាកាលបរិច្ឆេទនៃយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៥ នឹងចូលមកដល់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣។
ថ្លែងប្រតិកម្មទៅនឹងការអះអាងនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានវាយតម្លៃថា ស្ថានការណ៍មុនការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ មានដំណើរការល្អជាងអាណត្តិបោះឆ្នោតមុនៗ ព្រោះមិនមានអំពើហិង្សា ឬឃាតកម្មកើតមានទៅលើសកម្មជនគណបក្សណាមួយទេ៖ «ដំណើរការបោះឆ្នោតនៅឆ្នាំនេះ យើងបានប្រព្រឹត្តទៅបានល្អប្រកបដោយសន្តិសុខសុវត្ថិភាព និងដំណើរការហ្នឹងរលូន។ អ៊ីចឹងទេ សូមមេត្តារួមគ្នាថែរក្សាសន្តិសុខសុវត្ថិភាពនៃការបោះឆ្នោតនេះបន្តទៀត ជាពិសេសក្នុងពេលឃោសនាបោះឆ្នោតនេះ ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅរលូនល្អ ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត»។
លោក ទេព នីថា ច្រានចោលការចោទប្រកាន់ដែលថាស្ថានការណ៍មុនការបោះឆ្នោតមានរូបភាពអាក្រក់ជាងអាណត្តិបោះឆ្នោតមុនៗជារឿងមិនពិត។
ទោះយ៉ាងណា សមាជិកគណបក្សសង្គ្រោះជាតិប្រចាំខេត្តព្រៃវែង និងស្វាយរៀង បានឲ្យដឹងថា គ្រាន់តែក្នុងរយៈពេលមួយយប់ គឺយប់ថ្ងៃទី១៨ ខែមិថុនា មានស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ជាង ២០ស្លាក ត្រូវជនមិនស្គាល់មុខបំផ្លាញ និងបានប្ដឹងទៅអាជ្ញាធរជួយអន្តរាគមន៍៖ «បាញ់ស្ពាយលុបអក្សរត្រង់ពាក្យសង្គ្រោះជាតិ ហើយមុខឯកឧត្តម សម រង្ស៊ី និង កឹម សុខា ប្រឡាក់មុខអស់។ យើងមើលអត់ឃើញភ្នែកមុខជាដើម។ ទាញរំលំស្លាក អាខ្លះបាក់ត្រឹមជើង»។
បញ្ហានេះអាជ្ញាធរមូលដ្ឋានខេត្តព្រៃវែង និងស្វាយរៀង ក៏បានទទួលស្គាល់ថា ពិតជាមានបណ្ដឹងលើករណីបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ពិតមែន។ ហើយថា ករណីនេះជនល្មើសបានធ្វើសកម្មភាពនៅពេលយប់ ដែលមានការលំបាកដល់សមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាជនល្មើស។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា និចហ្វិក (NICFEC) ក៏បានវាយតម្លៃថា ស្ថានការណ៍មុនការឃោសនា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ពិតជាមានសញ្ញាគួរឲ្យព្រួយបារម្ភ។ លោកទទួលស្គាល់ថា សកម្មភាពធ្វើនយោបាយរបស់គណបក្សប្រឆាំងមានការរំខានពីសមាជិកគាំទ្រគណបក្សផ្សេង។ ហើយថា ករណីនេះបើរាជរដ្ឋាភិបាល ឬសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ទេ អាចនឹងកើតមានអំពើហិង្សារវាងសមាជិកគាំទ្រគណបក្សនិមួយៗនៅតាមមូលដ្ឋាន។
លោក ហង្ស ពុទ្ធា៖ «មានការរំខានគ្នា ពិសេស គឺគណបក្សជំទាស់ហ្នឹងច្រើនតែរងនូវការរំខាន។ ហើយជាទូទៅ យើងឃើញថា បរិយាកាសនយោបាយកាន់តែឡើងកម្ដៅជាងមុន ដោយសារតែសកម្មជននៃគណបក្សទាំងសងខាងនេះ ហាក់បីដូចជាបានធ្វើយុទ្ធនាការឃោសនាមុនការកំណត់របស់ គ.ជ.ប។ ហើយទី២ ការផ្គើនដាក់គ្នាហ្នឹង គឺមិនបានគិតគូរដល់ច្បាប់ ឬក៏គោរពនូវនីតិវិធីនៃការបោះឆ្នោតទេ»។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ មានការិយាល័យបោះឆ្នោតចំនួន ១៩.០០៩ការិយាល័យ។ ការបោះឆ្នោតនេះនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយមានគណបក្សនយោបាយចំនួន៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។
អាជ្ញាធរឃុំនៅខេត្តរតនគិរីរងការចោទថាមិនឲ្យបក្សសង្គ្រោះជាតិលើកស្លាកសញ្ញា
ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មួយកន្លែងត្រូវបានមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំនៅខេត្តរតនគិរី បង្ខំឲ្យរុះរើចេញ និងមួយកន្លែងទៀត អាជ្ញាធរមិនយល់ព្រមឲ្យលើកនៅទីសាធារណៈ។
ប្រធានក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក រិន កញ្ញា មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ថា មេឃុំត្រពាំងក្រហម បានបង្ខំឲ្យលោករុះរើស្លាកសញ្ញាមួយកន្លែងនៅតាមផ្លូវសាធារណៈ ចំណុចជិតវិទ្យាល័យត្រពាំងក្រហម។ ចំណែកមេឃុំត្រពាំងច្រេស បដិសេធមិនឲ្យលោកលើកស្លាកសញ្ញាគណបក្សនៅផ្លូវបំបែកចូលភូមិសិរីមង្គល ដែលជាទីសាធារណៈនោះឡើយ។
លោកបន្តថា បានធ្វើលិខិតជូនដំណឹងស្ដីពីការលើកស្លាកសញ្ញាដល់មន្ត្រីមូលដ្ឋានទាំងពីររួចហើយ តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែមន្ត្រីឃុំទាំងពីរមានចេតនាធ្វើឲ្យរំខាន និងរើសអើងក្នុងការលើកស្លាកសញ្ញានេះ៖ «ទង្វើរបស់អាជ្ញាធរដែលគាត់ធ្វើនេះ សបញ្ជាក់បង្ហាញថា មិនមានភាពអព្យាក្រឹត្យ បង្កភាពងាយស្រួលដល់គណបក្សនយោបាយផ្សេង ដើម្បីបង្ហោះរូបសញ្ញារបស់គណបក្ស។ គាត់បង្កបរិយាកាសនយោបាយធ្វើឲ្យមិនមានភាពយុត្តិធម៌សម្រាប់គណបក្សនយោបាយផ្សេង»។
ឆ្លើយតបការអះអាងនេះ មេឃុំត្រពាំងក្រហម លោក ឯម អឿន មានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលលោកតម្រូវឲ្យរុះរើស្លាកសញ្ញានោះចេញ ដោយសារតែមន្ត្រីបក្សសង្គ្រោះជាតិ លើកស្លាកសញ្ញាខុសកន្លែងដែលមន្ត្រីគណបក្សនេះបានជូនដំណឹងមកអាជ្ញាធរឃុំ។
យ៉ាងនេះក្តី លោក រិន កញ្ញា បានបញ្ជាក់ថា លោកមិនយល់ព្រមរុះរើស្លាកនោះចេញទេ។ ចំណែកស្លាកសញ្ញាមួយកន្លែងទៀត ក៏បានលើករួចហើយ មិនទាន់ឃើញមានប្រតិកម្មបែបណាពីមន្ត្រីឃុំនៅឡើយ៕
No comments:
Post a Comment
yes