កម្មកររោងចក្រស្បែកជើងមែកណេតធ៍ ហ៊្វូតវែរ (Magnate Foot Wear) សាខាទី១
ធ្វើកូដកម្មបិទផ្លូវ នាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣
សង្គមស៊ីវិល និងសហជីពក្នុងវិស័យកាត់ដេរ បានសង្កេតឃើញថា នៅឆ្នាំ២០១៣ នេះ កម្មករវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានធ្វើការតវ៉ាដំឡើងប្រាក់ឈ្នួល និងទាមទារលក្ខខណ្ឌការងារល្អទៅថៅកែរោងចក្រមានការកើនឡើងជាងឆ្នាំមុន។
ការតវ៉ារបស់កម្មករនេះទៀតសោត ក្រៅពីកូដកម្មមិនចូលធ្វើការនោះ ពួកគាត់បានឈានទៅដល់ការធ្វើបាតុកម្មបិទផ្លូវទៀតផង។ ទាក់ទងករណីនេះ រដ្ឋាភិបាលបានណែនាំទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ឲ្យចាត់វិធានការ និងចុះអន្តរាគមន៍ជាបន្ទាន់ដើម្បីទប់ស្កាត់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរការពាររោងចក្រ សហគ្រាស ដែលមានទីតាំងក្នុងមូលដ្ឋានរបស់ខ្លួន ជៀសវាងនូវការធ្វើកូដកម្ម បាតុកម្ម ដែលអាចប៉ះពាល់ដល់ការវិនិយោគ។ លោកចាត់ទុកថា ការវិនិយោគលើវិស័យកាត់ដេរ គឺជាឆ្នាំងបាយរបស់កម្មករ។
ថ្លែងនៅក្នុងពិធីសម្ពោធវិទ្យាល័យនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី១៩ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសរសើរពីផលចំណេញមកដល់ពលរដ្ឋដែលបានមកពីការវិនិយោគរបស់បរទេស និងអ្នកវិនិយោគនៅក្នុងស្រុក ដែលបច្ចុប្បន្នទំហំនៃការនាំចេញកំពុងមានកំណើននោះ។ ទន្ទឹមនឹងគ្នានេះ លោកបានណែនាំឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ជាបន្ទាន់ ដែលលោកបានថ្លែងចំទៅលើមន្ត្រីអាជ្ញាធរស្រុកអង្គស្នួល ដែលតំបន់នោះសម្បូរទៅដោយរោងចក្រសហគ្រាស។
ប៉ុន្តែទោះយ៉ាងណា លោក ហ៊ុន សែន បានបញ្ជាក់ថា ការនិយាយបែបនេះមិនបានសំដៅឲ្យភាគីរោងចក្រធ្វើការគាបសង្កត់កម្មករនោះទេ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំមួយ ស្ដីពីការប្រគល់ភារកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ជួយសម្របសម្រួលការគ្រប់គ្រងរោងចក្រ សហគ្រាស ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីខេត្ត។ សារាចរណែនាំនេះ មានចំនួន ៥ចំណុច ដែលសំដៅឲ្យអភិបាលរាជធានីខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល គាំទ្រដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងដំណើរការផលិតកម្មអាជីវកម្មនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ អាជ្ញាធររាជធានីខេត្ត មានសិទ្ធិអញ្ជើញនាយករោងចក្រពិភាក្សាការងារពាក់ព័ន្ធវិវាទ និងក្នុងករណីមានវិវាទការងារ កូដកម្ម ឬបាតុកម្ម អភិបាលរាជធានីខេត្ត ត្រូវចាត់វិធានការដោះស្រាយតាមបទប្បញ្ញត្តិជាធរមាន ឬជាពិសេសតាមបទបញ្ជាលេខ០៣ ស្ដីពីការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម។
យ៉ាងនេះក្ដី មន្ត្រីសហជីព បានសាទរចំពោះសារាចររបស់រដ្ឋាភិបាលនេះ។ ប៉ុន្តែមានការស្នើសុំដើម្បីកែលំអចំណុចខ្លះ។
ប្រធានសហព័ន្ធសហជីពខ្មែរ លោក ជួន មុំថុល បានគាំទ្រថា សារាចរនេះ គឺជាការលើកទឹកចិត្តមួយដល់កម្មករ ប៉ុន្តែកន្លងមកលោកបានកត់សម្គាល់ឃើញថា អាជ្ញាធរមូលដ្ឋានហាក់មានភាពអសកម្ម ដោយយល់ថាពុំមែនជាបញ្ហាអាទិភាពរបស់ខ្លួន ដែលបណ្ដាលឲ្យកម្មករតវ៉ាកាន់តែមានទ្រង់ទ្រាយធំឡើង។
ទាក់ទងបញ្ហានេះ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានសង្កេតឃើញថា អាជ្ញាធរដែនដីនៅពុំមានភាពឯករាជ្យនោះទេ ហើយមានភាពលំអៀង នៅពេលដែលកម្មករកម្មការិនីមានកូដកម្មបាតុកម្មផ្ទុះឡើង ដែលលោកអាចនិយាយបានថា មានការចរចាថវិកាជាមួយភាគីរោងចក្រ ដើម្បីបង្ក្រាបកម្មករជាជាងស្វែងយល់ពីបញ្ហាដែលនាំឲ្យកម្មករតវ៉ា។
កាលពីសប្ដាហ៍មុន កម្មករកម្មការិនីរោងចក្រសាប៊្រីណា (Sabrina) បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីសុំដំឡើងប្រាក់ឈ្នួល និងទាមទារលក្ខខណ្ឌការងារល្អទៅថៅកែរោងចក្រ ហើយបានប៉ះទង្គិចជាមួយអាជ្ញាធរ។
កម្មការិនី ខេង ម៉ៅ ដែលបានចូលរួមធ្វើបាតុកម្ម បានអះអាងថា អាជ្ញាធរដែលចុះទៅភាគច្រើន គឺបានត្រឹមតែបង្ក្រាបកម្មករប៉ុណ្ណោះ មិនបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនកម្មករឡើយ។
យ៉ាងណាក៏ដោយ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានចាត់ទុកថា សារាចររបស់រដ្ឋាភិបាល គឺជាសញ្ញាមួយល្អដល់កម្មករ។ លោកមានប្រសាសន៍ថា ប៉ុន្តែអ្វីដែលជាបញ្ហាដែលនាំឲ្យកម្មករនៅតែតវ៉ានោះ គឺដោយសារតែបញ្ហាប្រាក់ឈ្នួលទាប ដែលមិនទាន់ធានាឲ្យកម្មកររស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរនៅឡើយ។ លោកបន្តថា អាជ្ញាធរមានតួនាទីជំរុញឲ្យភាគីកម្មករ និងរោងចក្រចរចាគ្នាដើម្បីរកដំណោះស្រាយ។
សហជីពសេរីកម្មករ បានឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៣ មានកូដកម្ម បាតុកម្មជិត ១០០លើក ដោយឡែកក្នុងរោងចក្រក្នុងមួយខែអាចមានកូដកម្មដល់ទៅ ៥ដងក៏មាន។ កម្មករធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានប្រមាណ ៧០ម៉ឺននាក់។ ចំណែករោងចក្រនៅកម្ពុជា មានជាង ៦០០រោងចក្រសហគ្រាស៕
No comments:
Post a Comment
yes