បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខែត្រកណ្ដាល បានដាក់លិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំឲ្យអន្តរាគមន៍ទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខែត្រកណ្ដាល នៅថ្ងៃទី២៣ មិថុនា ឲ្យផ្ដល់ភាពឯករាជ្យចំពោះការផ្ដល់ទីតាំងឲ្យគណបក្សសង្រ្គោះជាតិហែក្បួនឃោសនា។
បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលកណ្ដាល លោក អេង ឆៃអ៊ាង មានប្រសាសន៍នៅថ្ងៃទី២៣ មិថុនា ថា លោកបានដាក់លិខិតស្នើសុំទីតាំងរៀបចំក្បួនឃោសនានៅចំណុចច្រមុះជ្រូក ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ មិថុនា ប៉ុន្តែប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខែត្រកណ្ដាល ហៅថា ប៉ិច (PEC) គឺលោក គឹម ហុង តែលោកបានបញ្ជូនលិខិតស្នើសុំនោះមកឲ្យគណបក្សសង្រ្គោះជាតិវិញ ដោយបង្វែឲ្យទៅសុំអភិបាលក្រុងតាខ្មៅ។
លោកបញ្ជាក់ថា នៅថ្ងៃទី២១ មិថុនា លោកបានយកលិខិតស្នើសុំទីតាំងនោះ ទៅសុំអភិបាលក្រុងតាខ្មៅ អភិបាលក្រុងតាខ្មៅ។ លុះដល់ព្រឹកថ្ងៃទី២៣ មិថុនា នេះ អាជ្ញាធរក្រុងប្រាប់ថា ទីតាំងនោះគណបក្សប្រជាជនបានសុំមុនហើយ។ បញ្ហានេះ លោក អេង ឆៃអ៊ាង បញ្ជាក់ថា បើសិនជាទីតាំងនៅសង្កាត់តាខ្មៅ អនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជា ហើយ ដូច្នេះលោកសុំទីតាំងនៅសង្កាត់ដើមមៀន នៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា តែត្រូវបានអាជ្ញាធរក្រុងបដិសេធដដែល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខែត្រកណ្ដាល លោក គឹម ហុង បានទេ នៅថ្ងៃទី២៣ មិថុនា។
អគ្គលេខាធិការរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននេះច្បាស់លាស់នៅឡើយ។ យ៉ាងនេះក្ដី លោក ទេព នីថា បញ្ជាក់ថា គណៈកម្មការខេត្តរៀបចំបោះឆ្នោតតាំងពីថ្នាក់ឃុំ រហូតដល់ខែត្រមានតួនាទីសម្របសម្រួល និងអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយយកទីតាំងណាមួយដើម្បីធ្វើការឃោសនាបោះឆ្នោតទៅតាមការស្នើសុំមុនក្រោយរបស់គណបក្សនយោបាយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការ និចហ្វិក លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គណៈកម្មការខែត្ររៀបចំការបោះឆ្នោត ត្រូវធ្វើជាអាជ្ញាកណ្ដាលយ៉ាងពិតប្រាកដក្នុងការរៀបចំការបោះឆ្នោត ដើម្បីជៀសវាងការចោទប្រកាន់នានាអំពីភាពលំអៀងទៅរកគណបក្សនយោបាយណាមួយ។
លោក អេង ឆៃអ៊ាង ចោទប្រកាន់ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខែត្រកណ្ដាល ថាគ្មានឯករាជ្យ លំអៀងទៅគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ មានគម្រោងជួបជុំគ្នាដង្ហែជាក្បួនឃោសនាចំនួន ១០០ឡាន ដែលមានអ្នកចូលរួមប្រមាណ ៥ពាន់នាក់ នៅក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៧ មិថុនា ដែលជាថ្ងៃបើកឆាកដំបូងនៃឃោសនារកសំឡេងឆ្នោតនោះ។
គណបក្សនយោបាយចូលរួមប្រកួតប្រជែងបោះឆ្នោតនៅនីតិកាលទី៥នេះ មានចំនួន ៨គណបក្ស រួមមានគណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសង្រ្គោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
បក្សប្រជាជននិងបក្សសង្គ្រោះជាតិដណ្ដើមទីតាំងដំឡើងស្លាកបក្ស
ចំណែកនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ មិថុនា នេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីបក្សសង្រ្គោះជាតិ មានទំនាស់ដណ្ដើមទីតាំងដំឡើងស្លាកគណបក្សនយោបាយនៅមុខមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដោយភាគីទាំងសង្ខាងបានចោទគ្នាទៅវិញទៅមកថា រំលោភច្បាប់តែរៀងៗខ្លួន។
មន្ត្រីបក្សសង្រ្គោះជាតិខេត្តស្ទឹងត្រែង លោក សាធ ស៊ិន បញ្ជាក់ថា ប្រធានមន្ទីរព័ត៌មានខេត្ត លោក អ៊ុក ធាវី នៅពីក្រោយខ្នងនៃក្រុមមនុស្សដែលមករារាំងមិនឲ្យគណប្សសង្គ្រោះជាតិ ដំឡើងស្លាកគណបក្សរបស់ខ្លួន ដែលលោកអះអាងថា អាជ្ញាធរមូលដ្ឋានបានអនុញ្ញាត ហើយការហាមឃាត់របស់មន្ត្រីគណបក្សប្រជាជន គឺរំលោភលើសិទ្ធិអំណាចរបស់អជ្ញាធរមូលដ្ឋាន។
ក៏ប៉ុន្តែលោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្ត និងត្រូវជាមន្ត្រីគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានឆ្លើយថា មន្ត្រីបក្សសង្គ្រោះជាតិទេដែលរំលោភច្បាប់ ព្រោះទីតាំងនៅមុខមន្ទីរព័ត៌មានខេត្ត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា លើកតាំងស្លាកគណបក្សប្រជាជនមុនបក្សសង្គ្រោះជាតិទៅទៀត។
ទោះយ៉ាងណា មន្ត្រីបក្សសង្គ្រោះជាតិឲ្យដឹងថា ស្លាកគណបក្សខ្លួនចំនួន ២ ដែលមានទទឹង ១ម៉ែត្រកន្លះ បណ្ដោយ ២ម៉ែត្រកន្លះ ត្រូវបានដំឡើងស្រេចបាច់ហើយ។ តែលោកសម្ដែងការព្រួយបារម្ភខ្លាចជនមិនស្គាល់មុខលួចបំផ្លាញស្លាកទាំងពីរនេះចោលវិញនៅពេលយប់៕
No comments:
Post a Comment
yes