លោក កឺម សុខា ក្នុងពេលផ្តល់បទសំភាសន៍កន្លងមក
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា លោកនឹងមិនចូលបំភ្លឺនៅតុលាការ នៅថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៣នេះ តាមពាក្យបណ្តឹងរបស់ លោក ជុំ ម៉ី ដែលចោទលោកពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងគុកទួលស្លែងនោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់នៅព្រឹកថ្ងៃអង្គារនេះថា លោក កឹម សុខា នឹងមិនទៅចូលរួមការបំភ្លឺ រឿងក្តីនេះទេ ព្រោះនៅថ្ងៃពុធ ទី២៧ ខែមិថុនានេះ គឺជាការចាប់ផ្តើមដង្ហែក្បួនឃោសនាដ៏ធំ របស់គណបក្សសង្គ្រោះជាតិនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ លោកបន្តថា នេះជារឿងនយោបាយ ហើយថាគណបក្សនេះមិនយកចិត្តទុកដាក់ នឹងរឿងបុគ្គលម្នាក់ពីរនាក់នោះទេ ព្រោះពួកលោកយកចិត្តទុកដាក់សំខាន់គឺអាយុជីវិតប្រទេសជាតិ និងប្រយោជន៍ប្រជាពលរដ្ឋជារឿងសំខាន់ ដែលត្រូវជ្រើសរើសមេដឹកនាំថ្នាក់ជាតិខាងមុខ។ លោកបានបញ្ជាក់ម្តងទៀតថា លោក កឹម សុខា ក៏បានបញ្ជាក់រួចហើយថាលោកក៏ជាជនរងគ្រោះ ក្នុងរបបខ្មែរក្រហមដែរ ហើយបានបដិសេធនឹងការចោទប្រកាន់ ចំពោះអ្វីមាននៅក្នុងខ្សែអាត់សំឡេងដែលត្រូវបានគេកាត់តនោះ។
ជនរងគ្រោះនៃរបបខ្មែរក្រហម លោក ជុំ ម៉ី បានទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺពាក្យបណ្តឹងរបស់លោកប្រឆាំងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ ហើយទាមទារប្រាក់សំណងជំងឺចិត្ត១០០០ដុល្លារអាមេរិក ដើម្បីយកប្រាក់នេះទៅធ្វើបុណ្យបង្សុកូល ដល់ជនរងគ្រោះដែលស្លាប់ក្នុងគុកទួលស្លែង។
គួរកត់សំគាល់ថា ការដែលតុលាការរាជធានីភ្នំពេញកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងចំថ្ងៃបើកយុទ្ធនាការ ថ្ងៃដំបូងសម្រាប់ការឃោសនាបោះឆ្នោត ថ្នាក់ជាតិឆ្នាំ២០១៣នេះ៕
No comments:
Post a Comment
yes