
លោកថាច់ សេដ្ឋា ក្នុងពិធីកាន់ទុក្ខខួបបាត់ដីទៅវៀតណាមកាលពីម្សិលមិញ
ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណ ១ ពាន់អង្គ-នាក់ កាលពីម្សិលមិញ បានចូលរួមពិធីប្រារព្ធខួបលើកទី ៦៤ ឆ្នាំ ថ្ងៃដែលអាណានិគមបារាំង បានកាត់ទឹកដីខ្មែរក្រោមចំនួន ២១ ខេត្ត-ក្រុងទៅឲ្យអាជ្ញាធរវៀតណាមត្រួតត្រា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារម្សិលមិញ បទចំរៀងស្នេហាជាតិ ដែលរៀបរាប់ពីការបាត់បង់ទឹកដីកម្ពុជាក្រោមការឈឺចាប់និងការធ្វើទុកបុកម្នេញ គំរាមកំហែង បំបិទសិទ្ធិសេរីភាព ពីសំណាក់អាជ្ញាធរវៀតណាមមកលើពលរដ្ឋខ្មែរក្រោម ត្រូវបានគេចាក់ ដើម្បីស្វាគមន៍ ដំណើរមកដល់របស់អ្នកចូលរួមដែលភាគច្រើនជាព្រះសង្ឃជាមួយនឹងស្លាកធំៗសរសេរថា «គ្មានទុក្ខអ្វីស្មើនឹងទុក្ខបាត់បង់មាតុភូមិឡើយ»។ រូបថតធំៗបីសន្លឹក របស់ព្រះសង្ឃ និងវីរបុរសខ្មែរកម្ពុជាក្រោម ដែលបានបូជាព្រះកាយ និងជីវិតដើម្បីការពារទឹកដីកម្ពុជាក្រោមត្រូវបានគេដាក់រួមគ្នា នៅលើតុមួយ ដើម្បីគោរព។ លើសពីនោះ រូបថតជាង ១០០ សន្លឹកផ្សេងទៀត ត្រូវបានគេដាក់តាំងនៅលើបដាដែលនិយាយពីសកម្មភាពតវ៉ា ការចាប់ចងវាយដំ ការកាត់ទោសព្រះសង្ឃនិងពលរដ្ឋខ្មែរពីសំណាក់អាជ្ញាធរវៀតណាម។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងនៅក្នុងពិធីកាន់ទុក្ខនៃការបាត់បង់ទឹកដីដ៏ធំធេងនេះ ដែលត្រូវបានធ្វើឡើង នៅសហគមន៍បុរីព្រៃនគរ ក្នុងខណ្ឌសែនសុខថា ថ្ងៃនេះ ជាទិវាដ៏សោកសៅមួយ នៃប្រជាជាតិខ្មែរ ដែលទទួលរងនូវអំពើអយុត្តិធម៌ ដែល បង្កើតឡើងដោយអាណានិគមបារាំង ដែលបានកាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោម រួមនឹងពលរដ្ឋទៅឲ្យអាណានិគមវៀតណាមត្រួតត្រា។
លោកបញ្ជាក់ថា៖«ថ្ងៃទី៤ ខែមិថុនា ជាទិវាកាន់ទុក្ខរបស់ជាតិខ្មែរគ្រប់រូបហើយពិធីនេះ មិនមែនធ្វើឡើងតែនៅកម្ពុជាទេ គឺថាមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក ដែលមានវត្តមានខ្មែរក្រោមរស់នៅ»។ លោក ថាច់ សេដ្ឋា បន្តថា ពិធីនេះ មិនមែនខ្មែរក្រោមធ្វើឡើង ដើម្បីទាមទារទឹកដីកម្ពុជាក្រោមមកវិញនោះទេ ព្រោះថាទឹកដីកម្ពុជាក្រោមជាទឹកដីរួមតែមួយរបស់កម្ពុជាហើយរឿងទាមទារទឹកដីនេះមកគ្រប់គ្រងវិញ ឬយ៉ាងណានោះ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល និងព្រះមហាក្សត្រ។
លោក សេដ្ឋាថ្លែងទៀតថា៖«ខ្មែរកម្ពុជាក្រោមជាជនរងគ្រោះដែលបាត់បង់សិទ្ធិទាំងអស់ ហើយក្លាយជាជនជាតិភាគតិច នៅលើទឹកដីកំណើតរបស់ខ្លួន។ យួនមិនគោរពសន្ធិសញ្ញាបារាំង ជាអ្នកកាត់ទឹកដីទេតែបែរជាសម្លាប់ដុតខ្មែរទាំងរស់យកដាំតែអុង ចាប់ដាក់គុក និងបំបាត់សាលារៀនជាដើម»។
បើតាមលោកថាច់ សេដ្ឋា សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ និងព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានព្រះរាជប្រទានព្រះរាជទ្រព្យចំនួន ៣ពាន់ដុល្លារ សម្រាប់រៀបចំក្នុងពិធីកាន់ទុក្ខនេះ។
លោកសឺន ស៊ូប៊ែរ្តិ៍ ឧត្តមទីប្រឹក្សាព្រះមហាក្សត្របានថ្លែងថា ការជួបជុំគ្នានេះគឺបង្ហាញឲ្យឃើញពីសាមគ្គីភាពរវាងខ្មែរនៅគ្រប់ទិសទី ដើម្បីឲ្យអាជ្ញាធរវៀតណាម ផ្តល់យុត្តិធម៌ និងសិទ្ធិសេរីភាពមកឲ្យខ្មែរក្រោមវិញ។ លោកបញ្ជាក់ថា៖«យើងបានស្នើសុំរដ្ឋាភិបាលវៀតណាម សូមឲ្យកម្ពុជា មានសិទ្ធិគ្រប់គ្រងទឹកដីកម្ពុជាក្រោមដូចវៀតណាមដែរតែវៀតណាមមិនព្រម។ តែយើងនៅតែទទួចសុំឲ្យមានកិច្ចសហការគ្នាពីរឿងនេះទៀត»។
នៅក្នុងពិធីនោះគេមិនឃើញមានវត្តមានមន្ត្រីរដ្ឋាភិបាលចូលរួមទេ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងដែលបានចូលរួមក្នុងពិធីនេះ បានចាត់ទុកការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរក្រោមប្រឆាំងនឹងការជិះជាន់គាបសង្កត់របស់វៀតណាម រហូតដល់មានការបាត់បង់ជីវិតថា ជាគំរូមួយសម្រាប់អ្នកនយោបាយខ្មែរ។ លោកបញ្ជាក់ថា៖«យើងមិនភ្លេចទេនូវវីរជន ដែលសុខចិត្តឲ្យយួនកាត់ក្បាលដើម្បីជាថ្នូរនឹងការពារនូវវប្បធម៌ ប្រពៃណី និងទឹកដី។ ការឈឺចាប់របស់ខ្មែរក្រោម គឺជាការឈឺចាប់របស់ខ្មែរគ្រប់រូប»។ លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចការពារប្រជាពលរដ្ឋខ្មែរទៅតាមរដ្ឋធម្មនុញ្ញដែលមានចែង បើទោះបីជាប្រជាពលរដ្ឋខ្មែរទាំងនោះនៅទីណាក៏ដោយ៕
No comments:
Post a Comment
yes