លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមប្តឹងមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សប្រឆាំងមួយនេះនៅតែនិយាយថា ភាពចម្រូងចម្រាសជុំវិញស្រ្តីដែលគេអះអាងថាជាស្រីកំណាន់របស់លោកកឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ជារឿងប្រឌិតឡើង ដោយគណបក្សប្រជាជននោះ។
ការគំរាមប្តឹងរបស់លោក ហ៊ុន សែននេះ បានកើតឡើងបន្ទាប់ពីលោកជុំ ម៉ី អ្នករួចរស់ជីវិតពីគុកទួលស្លែង បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅតុលាការក្រុងភ្នំពេញ ហើយស្ត្រីដែលគេអះអាងថា ជាម្តាយរបស់ស្រីកំណាន់ លោក កឹម សុខា បានដាក់ពាក្យប្តឹងអង្គរក្សលោកកឹម សុខា ទៅតុលាការខេត្តព្រៃវែង ដែលការប្តឹងប្តល់កើតឡើងផ្ទួនៗធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅមុនការបោះឆ្នោតនេះ ត្រូវបានក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋានជាច្រើនសង្ស័យថា ត្រូវបានប្រឌិតឡើងដោយគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែកាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីបានចេញឱសានវាទ ប្រើពាក្យសម្តីខ្លាំងៗ ទាក់ទងនឹងស្រីកំណាន់ និងម្តាយរបស់នាង ដែលអះអាងថា បានទទួលរងការវាយដំពីសំណាក់អង្គរក្សរបស់លោក កឹម សុខា ក្នុងសុន្ទរកថាមួយ នៅចំពោះមុខមនុស្សរាប់ពាន់នាក់ក្នុងពិធីសម្ពោធសាលារៀននៅក្នុងខេត្តកណ្តាលកាលពីម្សិលមិញ។ លោក ហ៊ុន សែន បានថ្លែងថា៖«សូមឈប់ និយាយថា គណបក្សប្រជាជនជាអ្នករៀបចំ[ពីក្រោយស្រ្តីទាំងនេះ] ប្រសិនបើអ្នកនៅតែនិយាយបែបនេះ យើងមានសិទិ្ធប្តឹង។ យើងមិនចាំបាច់ប្តឹងក្រោយការបោះឆ្នោតទេ [យើងអាច] ប្តឹងមុនការបោះឆ្នោត»។
លោក ហ៊ុន សែន បានបន្ថែមថា៖«បុគ្គលណាម្នាក់ ក្នុងគណបក្សនោះដែលថា គណបក្សប្រជាជន ជាអ្នករៀបចំ យើងនឹងប្តឹងគេទៅតុលាការដូច្នេះ ពួកគេនឹងមានបណ្តឹងច្រើនទៀត»។ លោកបានកត់សម្គាល់ថា លោក កឹម សុខា កំពុងជាប់ជំពាក់ជំពិន ក្នុងបណ្តឹងរួចហើយ គឺមិនត្រឹមតែជាមួយនឹងអ្នកស្រី កែវ សុផាន់ណារី ស្រីកំណាន់របស់គាត់ នោះទេ គឺជាមួយនឹងលោក ជុំ ម៉ី អ្នករស់រានមានជីវិតពីគុកទួលស្លែង ដែលបានចោទប្រកាន់លោក កឹម សុខា ពីបទបរិហាកេរ្តិ៍ បន្ទាប់ពីកើតមានករណីមិនទទួលស្គាល់គុកទួលស្លែង។
នៅពេលទាក់ទងកាលពីម្សិលមិញ អ្នកស្រី សុផាន់ណារី បានបញ្ជាក់ថា អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រៃវែងរួចហើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា លោកមិនចាប់អារម្មណ៍លើការគំរាមរបស់លោក ហ៊ុន សែន ទេ ដោយហៅការគំរាមនេះថា ជារឿងមិនសំខាន់បើប្រៀបធៀបទៅនឹងបញ្ហាដែលកំពុងប្រឈមនឹងប្រទេសកម្ពុជា។ លោក សុវណ្ណ បានបញ្ជាក់ថា៖ «អ្វីក៏ដោយដែលគាត់ចង់ធ្វើ វាជាសិទិ្ធរបស់គាត់។ បញ្ហាជាតិសំខាន់ណាស់ ហើយការបោះឆ្នោតក៏សំខាន់ផងដែរ។ ដូច្នេះ អ្នកណាដែលបង្កើតបញ្ហាមិនស្អាតស្អំ មុនការបោះឆ្នោត ត្រូវតែទទួលខុសត្រូវ»។
លោក សុវណ្ណ បានបន្តអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី កុំប្រើតុលាការមកបំបិទសិទិ្ធសេរីភាពបញ្ចេញមតិហើយជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចពិភាក្សាអំពីបញ្ហារបស់ជាតិផ្សេងៗប៉ុន្តែលោកបានបដិសេធមិនធ្វើការអត្ថាធិប្បាយថាតើលោកនៅតែនិយាយអំពីស្ថានការណ៍ជាមួយនឹងអ្នកស្រី សុផាន់ណារី ថាត្រូវបានប្រឌិតឡើង ដោយគណបក្សប្រជាជន ឬយ៉ាងណាឡើយ។
ក្នុងទីក្រុងព្រៃវែង ដែលអ្នកស្រី សុផាន់ណារីបានបង្ហាញខ្លួនជាលើកទី ១ ហើយអ្នកស្រីបានចោទអង្គរក្សរបស់លោក កឹម សុខា ថាបានវាយដំម្តាយរបស់អ្នកស្រី លោក យាន់ យឿន ប្រធានគណបក្សសង្គ្រោះជាតិប្រចាំក្រុងព្រៃវែង បានអះអាងកាលពីម្សិលមិញថា មនុស្សរាប់ពាន់នាក់ដែលមានវត្តមាននៅពេលគេថា កើតមានការវាយដំនោះបានត្រៀមខ្លួនផ្តល់ចម្លើយតាងនាមឲ្យលោកកឹម សុខា។
លោកបានបន្តថា៖ «គ្មានអ្នកណាម្នាក់ហ៊ានវាយស្រ្តីនោះទេ គឺស្រ្តីនោះបានជេរប្រមាថលោក កឹម សុខា។ ខ្ញុំមានវីដេអូឃ្លីបជាសាក្សី។ ប្រជាជនក្នុងទីក្រុងព្រៃវែងទាំងអស់ យល់ព្រមធ្វើជាសាក្សីក្នុងបញ្ហានេះ»។
លោក ស៊ុន ផល្លី អាយុ ៤២ ឆ្នាំ និងអ្នកស្រី យ៉េន មុំ អាយុ ៣៩ ឆ្នាំ អ្នកភូមិព្រៃវែង បានថ្លែងថា ពួកគេបានទៅវេទិកា ដើម្បីស្តាប់សុន្ទរកថារបស់លោក កឹម សុខា ហើយពុំបានឃើញអ្នកណាម្នាក់វាយស្រ្តីនោះទេ។ លោក ផល្លី បានបន្តថា៖ «នេះជាការមួលបង្កាច់។ បន្ទាប់ពីឃើញផ្ទាល់ភ្នែក ខ្ញុំនិយាយថា គ្មានអ្នកណាម្នាក់វាយគាត់ទេ។ ប្រសិនបើអ្នកណាម្នាក់ដាក់ពាក្យបណ្តឹង ខ្ញុំធានាថា ខ្ញុំនឹងធ្វើជាសាក្សី។ ខ្ញុំធានាថា ស្រ្តីក្នុងភូមិ ២០០នាក់នឹងយល់ព្រមធ្វើជាសាក្សី»។
អ្នកស្រី មុំ បានថ្លែងថា៖ «ខ្ញុំហ៊ានធ្វើជាសាក្សី ព្រោះខ្ញុំនៅទីនោះផងដែរ។ វាគ្មានអ្វីត្រូវខ្លាចទេ។ ក្រុមដែលខ្ញុំនៅជាមួយបានប្រាប់ឲ្យស្រ្តីចាស់ (ម្តាយស្ត្រីកំណាន់) នោះចេញទៅ ហើយទុកឲ្យលោក កឹម សុខា បញ្ចប់កិច្ចប្រជុំ ហើយក្រុមរបស់ខ្ញុំក៏បានហៅម៉ូតូឌុប ឲ្យដឹកស្រ្តីនោះចេញពីកន្លែងនោះ»៕
No comments:
Post a Comment
yes